CAMBO REPORT

Popup Advertising5 seconds

Samsung​ បាន​បង្ហាញ​ Laptop​ ពីរ​ម៉ូឌែល ​​ប្រើប្រាស់​អេក្រង់​ QLED ​ដំបូង​គេ ​និង​មាន​ប៊ិច​ភ្ជាប់​មក​ជាមួយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ រួចហើយនូវ Laptop ដែលមានដាក់ស្លាកយីហោ Samsung ប៉ុន្តែវាហាក់ដូចជា មិនទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនប៉ុន្មាននោះទេ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើនេះ ក៏នៅតែបន្តបញ្ចេញ Laptop មកបន្ទាប់ទៀត ដែលលើកនេះ វាកាន់តែមានការរចនាស្រស់ស្អាតបែប Premium និងជាពិសេសនោះ វាជាកុំព្យូទ័រយួរដៃដំបូងគេ នៅក្នុងពិភពលោក ដែលបានប្រើប្រាស់ អេក្រង់ប្រភេទ QLED ថែមទៀតផង។

 

 

មិនខុសទេ កុំព្យូទ័រយួរដៃម៉ូឌែលថ្មីរបស់ Samsung នេះ វាត្រូវបានដាក់ចេញមក ចំនួន 2 ម៉ូឌែល ដែលមានឈ្មោះថា Galaxy Book Flex និង Galaxy Book lon ដែលម៉ូឌែលឈ្មោះថា Flex អាចធ្វើការបត់បានមួយជុំតួខ្លួន 360 ដឺក្រេ ព្រមទាំងមាន Touchscreen និងជាពិសេសនោះ វាក៏មានភ្ជាប់មកជាមួយ ប៊ិចនៅក្នុងតួខ្លួនថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តួខ្លួនរបស់វា ធ្វើឡើងពីអាលុយមីញ៉ូម ជាមួយពណ៌ Royal Blue ចំណែក Galaxy Book lon វិញ វាត្រូវបានរចនាឡើងដោយមានទម្ងន់ កាន់តែស្រាល ព្រោះមានតួខ្លួនជាម៉ាញ៉េស្យូម រួមទាំងមានគែមជុំវិញ ជាជ័រផ្លាស្ទិក ព្រមទាំងមានពណ៌ Aura Silver ក៏ដូចជាមានប៊ិច មកជាមួយផងដែរ។

 

 

លើសពីនេះ វាទាំងពីរត្រូវបានបំពាក់មកជាមួយ អេក្រង់ប្រភេទ QLED ដូចគ្នា ដែលមានកម្រិតបង្ហាញ FHD 1920 x 1080 និងសមត្ថភាពកាន់តែប្រសើរ ក្នុងការបង្ហាញរូបភាពបានច្បាស់ រហូតដល់កម្រិត 600-nit មានន័យថា វាអាចបង្ហាញរូបភាពបានច្បាស់ល្អ គ្រប់កាលៈទេសៈ បើទោះបីជាអ្នក ប្រើវានៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ។ មួយវិញទៀត វាត្រូវបានបញ្ជាក់ថា មានថាមពលថ្មប្រើប្រាស់បានយូរ ព្រមទាំងមានភ្ជាប់មកជាមួយ មុខងារសាកថ្មទៅកាន់ ឧបករណ៍ដទៃទៀតបានដូចជា ស្មាតហ្វូន កាស និងឧបករណ៍មួយចំនួនទៀត ដោយមិនប្រើខ្សែនោះទេ ពោលគឺ touchpad ជាអ្នករ៉ាប់រងមុខងារនេះផងដែរ។ កាន់តែពិសេស វាបានប្រើប្រាស់ CPU ជំនាន់ទី 10 Intel® Core™ ដូចគ្នាប៉ុន្តែ Galaxy Book lon មានបន្ថែមក្រាហ្វិកកាតមួយទៀត ជាប្រភេទ NVIDIA GeForce MX 250 2GB ហើយក្រៅពីនេះ កុំព្យូទ័រយួរដៃទាំងពីរខាងលើ មានភ្ជាប់មកនូវ រន្ធ Thunderbolt 3, USB 3.0 ចំនួន 2, HDMI ហើយវាក៏មានរន្ធ MicroSD Combo រួមទាំងមាន Speaker Stereo របស់ AKG ថែមទៀតផង។ 

 

 

គួរបញ្ជាក់ថា វាទាំងពីរនេះ ក៏មានជម្រើសអេក្រង់ 13 អ៊ីញ និង 15 អ៊ីញដូចគ្នា ដែលត្រូវបានរចនាឡើង ដែលមានរូបរាងស្ដើង ព្រមទាំងមាន ទម្ងន់កាន់តែស្រាល ហើយចំណែកតម្លៃរបស់វាវិញ Samsung មិនទាន់បានបង្ហាញ ប្រាប់នៅឡើយនោះទេ ប៉ុន្តែវានឹងចាប់ផ្តើមមាន នៅលើទីផ្សារអាមេរិក នៅដើមឆ្នាំ 2020 នេះឯង។ អញ្ចឹងហើយ ជាមួយលក្ខណៈសម្បត្តិខាងលើនេះ អាចនិយាយបានថា Laptop ទាំងពីរនេះ ត្រូវបានធ្វើឡើងសម្រាប់បម្រើការងារទូទៅ ក៏ដូចជាសាសម ជាមួយអ្នកប្រើប្រាស់ទាំងឡាយណា ដែលចង់បានកុំព្យូទ័រមានភាពទំនើប ជាពិសេសនោះ វាក៏មានប៊ិចភ្ជាប់មកជាមួយផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កុំព្យូទ័រ