CAMBO REPORT

Popup Advertising5 seconds

Joker ក្លាយ​ជា​រឿង​ប្រភេទ R-Rated រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា ខ្សែភាពយន្ត Joker (2019) ជំនាន់ចុងក្រោយគេបង្អស់ ដែលដឹកនាំរឿងដោយលោក Todd Phillips និងផលិតដោយក្រុមហ៊ុន Warner Bros. ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ DC Comics បានធ្វើការចាក់បញ្ចាំងជាផ្លូវការនៅទី 31 ខែសីហាកន្លងទៅនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យភាពយន្ត ជាពិសេសអ្នកគាំទ្ររបស់ DC តែម្តង។ ជាក់ស្តែង នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចាក់បញ្ចាំងនៅតាមរោងភាពយន្តល្បីៗដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក រឿង Joker អាចរកបានប្រាក់ចំណូលសរុបចំនួន 93.5 លានដុល្លារ ឯណោះ មិនត្រឹមតែប៉ុណ្ណោះវាក៏បានជាប់កំណត់ត្រាជារឿងដែលរកបានប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍ដំបូងនៃខែតុលានេះទៀតផង។ 

 

 

លើសពីនេះទៅទៀត យើងកត់សម្គាល់ឃើញថាតាំងពីថ្ងៃមិនទាន់ចាក់បញ្ចាំងជាផ្លូវការ រហូតមកដល់ពេលនេះ មានភ្នាក់ងារសារព័ត៌ល្បីឈ្មោះជាច្រើនបានធ្វើការចុះផ្សាយអំពីរឿងមួយនេះជាបន្តបន្ទាប់ស្ទើរតែមិនលស់ថ្ងៃទៀតផង។ ជុំវិញរឿង Joker (2019) នេះយើងក៏ទទួលបានព័ត៌មានថ្មីមួយទៀតដែលនិយាយទាក់ទងពីវាផងដែរ បើយោងទៅតាមគេហទំព័រដ៏ល្បីឈ្មោះ Forbes បានបញ្ជាក់ថារឿង Joker (2019) បានក្លាយទៅជារឿង R-Rated (រឿងសម្រាប់ទុកឲ្យអ្នកដែលមានអាយុ 18 ឆ្នាំឡើងទៅទើបមើលបាន) ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ។ ដោយក្នុងពេលបច្ចុប្បន្ននេះ Joker (2019) រកបានប្រាក់ចំណូលសរុបបានចំនួន 785.5 លានដុល្លារ ខណៈដែលរឿង Deadpool ដែលជាអតីតរឿង R-Rated ដែលរកប្រាក់ចំណូលបានច្រើនជាងគេ អាចរកបានប្រាក់ចំណូលសរុប 783 លានដុល្លារ។ គួរបញ្ជាក់ផងថាប្រាក់ចំណូលដែល Joker (2019) អាចរកបានខាងលើនេះ គឺមិនបានរាប់បញ្ចូលប្រាក់ចំណូលដែលរកបានពីប្រទេសចិននោះទេ ព្រោះថារឿងនេះមិនទាន់ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសចិននោះទេ ហើយបើយោងទៅតាមព័ត៌មានដែលបានចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ​ បាននិយាយថារឿង Joker (2019) នេះអាចរកប្រាក់ចំណេញជិតស្មើនឹងរឿង Avengers: Infinity War ទៅហើយ។

 

 

គួររំលឹកផងថា រឿង Joker (2019) គឺចង់ពិពណ៌នាអំពីសាច់រឿងដើមកំណើត និងជីវប្រវត្តិរបស់តួអង្គ Arthur Fleck ហើយមានអាជីពជាតួត្លុក ដែលកំពុងតែជួបប្រទះនឹងបញ្ហា ការងារនិងទទួលរងការមើលងាយពីអ្នកដទៃ ព្រមទាំងសម្ពាធជាច្រើននៅជុំវិញខ្លួន។ ហេតុដូច្នេះហើយបណ្ដាលឲ្យគាត់សម្រេចចិត្ត ក្លាយទៅជាតួអង្គចិត្តអាក្រក់ដែលមានឈ្មោះហៅក្រៅថា Joker នេះតែម្ដង។ ចំណែកឯតារាសម្ដែង ដែលបានដើរតួជា Joker គឺលោក Joaquin Phoenix។ អញ្ចឹងសរុបមកវិញ មានន័យ Joker (2019) ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា រហូតដល់មានអ្នកខ្លះគិតថារឿងមួយនេះនឹងអាចរកប្រាក់ចំណូលសរុបបានរហូតដល់ទៅ 1000 លានដុល្លារឯណោះ រីឯអ្នកខ្លះទៀតគិតថា វានឹងអាចរកប្រាក់ចំណូលបានច្រើនជាងរឿង Wonder Woman (ប្រាក់ចំណូលសរុប 821.8 លានដុល្លារ) និងរឿង Batman v Superman: Dawn of Justice (ប្រាក់ចំណូលសរុប 872.7 លានដុល្លារ) ថែមទៀតផង។ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាបើសិនជារឿង Joker (2019) ត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្តល្បីៗនៅក្នុងប្រទេសចិនតាំងពីពេលដំបូងរហូតមកដល់ពេលនេះ រឿងមួយនេះនឹងអាចរកប្រាក់ចំណូលបាន 1000 លានដុល្លារបានយ៉ាងងាយស្រួលបំផុត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Forbes Tag: ចំណេះដឹងទូទៅ