CAMBO REPORT

Popup Advertising5 seconds

ឈីប​កំពូល​ថ្មី​ Exynos​ 990​ របស់​ Samsung​ ចេញ​ផ្លូវ​ការ មាន​​ភ្ជាប់​ 5G ​មក​ស្រាប់​ ​និង​​ទ្រទ្រង់​ការ​ថត​វីដេអូ​ដល់ ​4K ​120fps​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះ Samsung បានប្រកាសចេញ ឈីបថ្មីមួយរបស់ខ្លួន ដែលអាចនឹងត្រូវបំពាក់នៅលើ ស្មាតហ្វូនកំពូលក្នុងឆ្នាំក្រោយ ដោយវាត្រូវបាន Samsung ហៅថា Exynos 990 ផងដែរ។ ឈីបនេះដែរ ត្រូវបានបញ្ជាក់ថា វាអាចធ្វើការបានកាន់តែប្រសើរជាងមុន គ្រប់កាលៈទេសៈ ជាពិសេសនោះ វាអាចទ្រទ្រង់បាននូវការថតវីដេអូ ក្នុងកម្រិត 4K និងមានល្បឿនដល់ 120fps ថែមទៀតផង។ ខាងក្រោមនេះ ជាការរៀបរាប់លម្អិត ទាក់ទងជាមួយសមត្ថភាព ក៏ដូចជាផ្នែកសំខាន់ៗ របស់ឈីប Exynos 990។

 

 

បើតាមការបង្ហាញរបស់ Samsung បានឲ្យដឹងថា ឈីបថ្មីនេះ បានបំពាក់មកជាមួយ CPU ចំនួន 8 core ដែលក្នុងនោះមាន 2 core ជារបស់ Samsung ផ្ទាល់ រួមទាំង 2 core ទៀតជាប្រភេទ Cortex A76 រីឯ 4 core ចុងក្រោយជាប្រភេទ Cortex-A55 ផងដែរ។ មួយវិញទៀតចំពោះល្បឿន Clockspeed របស់វា Samsung មិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែចំពោះ CPU Core ផ្ទាល់ខ្លួននោះវិញ ក្រុមហ៊ុននេះបានបញ្ជាក់ថា វាអាចដំណើរការបានប្រសើរជាងមុនដល់ 20% បន្ថែម ទៀតផង។ លើសពីនេះ Exynos 990 បានភ្ជាប់មកជាមួយ GPU ជំនាន់ថ្មីប្រភេទ Mali-G77 MP11 ដែលវារឹតតែធ្វើបានល្អ ជាងមុនបានដល់ 20% ទៅលើការបង្ហាញផ្សេងៗ ក៏ដូចជាការលេងហ្គេម ដែលមានក្រាហ្វិកធំៗ ជាមួយគ្នានេះ វាត្រូវបានប្រើប្រាស់ NPU ជាប្រភេទ Dual-core (មាន 2 core) រួមទាំងបង្កើនបន្ថែមទៅលើ DSP (Digital Signal Processor) ដែលជួយឲ្យបទពិសោធន៍ប្រើប្រាស់ កាន់តែប្រសើរ ទៅលើផ្នែកកាមេរ៉ា, virtual assistant និងចំណុចមួយចំនួនទៀតផងដែរ។ 

 

 

គួរបញ្ជាក់ដែរថា ឈីបថ្មីខាងលើនេះ វាអាចទ្រទ្រង់កាមេរ៉ាបានដល់ 6 គ្រាប់ ដែលមានកម្រិត Resolution ដល់ 108MP កាន់តែពិសេស វាក៏គាំទ្រជាមួយរ៉េមប្រភេទ LPDDR5, បច្ចេកវិទ្យា UFS 3.0 ក៏ដូចជាអាចគាំទ្រកម្រិតបង្ហាញដល់ 4K UHD បានទៀតផង។ នៅក្នុងនោះ វាក៏បានបំពាក់ជាមួយម៉ូដឹម 5G ជំនាន់ថ្មី ដែលមានឈ្មោះថា Exynos Modem 5123 ដែលមានល្បឿនអ៊ីនធើណេតកាន់តែលឿន ថែមមួយកម្រិតទៀត ហើយបើតាមការបង្ហាញរបស់ Samsung បានបញ្ជាក់ថា វាមានល្បឿនដោនឡូតដល់ 7.35Gbps ក៏ដូចជាមានសមត្ថភាពអាចរួមបញ្ចូលគ្នា រវាង LTE និង 5G ដែលធ្វើឲ្យល្បឿនការទាញយក បានកាន់តែរហ័សជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចគាំទ្រនូវការថតវីដេអូ បានដល់កម្រិត 8K 30fps ក៏ដូចជា 4K 120fps និងអាចទ្រទ្រង់ជាមួយ កម្រិត Refresh rate អេក្រង់ដល់ 120Hz ឯណោះ។

 

 

សរុបមកវិញ ទាំងនេះជាចំណុចសំខាន់ៗមួយចំនួន ទាក់ទងជាមួយបន្ទះឈីប ជំនាន់ថ្មីរបស់ Samsung ដែលទើបតែប្រកាសចេញ កាលពីម្សិលមិញនេះ ហើយវាក៏ត្រូវបានគេរំពឹងថា អាចនឹងមាន នៅលើវត្តមានរបស់ Galaxy S11 ក្នុងឆ្នាំក្រោយថែមទៀតផង។ ដូច្នេះហើយ នេះជាឈីបកំពូលថ្មីមួយ ដែលត្រូវបានបំពាក់មកជាមួយ សមត្ថភាពកាន់តែប្រសើរជាងមុន ក៏ដូចជាអាចបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ បានកាន់តែច្រើនថែមទៀត នៅពេលដែលវា មាននៅលើស្មាតហ្វូនផងដែរ។ អញ្ចឹងតើប្រិយមិត្ត មានចំណាប់អារម្មណ៍បែបណា ចំពោះឈីបថ្មីខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ