CAMBO REPORT

Popup Advertising5 seconds

Adobe Illustrator សម្រាប់ iPad មាន​ភាគ​រយ​ខ្ពស់​ថា​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទមួយ នៅ​ដើម​ខែ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPad Pro 11 និង iPad Pro 12.9 ដែលបានធ្វើឡើងនៅក្នុង ខែតុលា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Adobe ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ក៏បានធ្វើការប្រកាសចេញកម្មវិធី Photoshop CC សម្រាប់ iPad ផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ ក្រុមហ៊ុន Adobe បានអះអាងថា Photoshop CC សម្រាប់ iPad គឺមានលក្ខណៈ និងមុខងារពិសេសៗដូចគ្នាទាំងស្រុងនឹងទៅកម្មវិធី Photoshop CC ដែលមាននៅលើកុំព្យូទ័រអញ្ចឹងដែរ។ ជាមួយការប្រកាសចេញ ព្រមទាំងការបង្ហាញឲ្យយើងឃើញពីផ្ទៃបង្ហាញ (Interface) និងមុខងារពិសេសៗរបស់វា ក្រុមហ៊ុន Adobe ក៏បានបញ្ជាក់ថាកម្មវិធី Photoshop CC សម្រាប់ iPad នេះនឹងបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ 2019 នេះតែម្តង។

 

 

ជុំវិញរឿងរ៉ាវកម្មវិធីដ៏ល្បីដែលបង្កើតឡើងដោយក្រុមហ៊ុន Adobe នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយទៀតដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាម ភ្នាក់ងារសារព័ត៌មានដ៏ល្បីដែលមានឈ្មោះថា Bloomberg បានបង្ហើបឲ្យយើងដឹងថា ក្រុមហ៊ុន Adobe ប្រហែលជាអាចប្រកាសបង្ហាញកម្មវិធី Illustrator សម្រាប់ iPad នៅក្នុងសន្និសីទ MAX ដែលធ្វើឡើងនៅថ្ងៃទី 2 ខែតុលា ខាងមុខនេះ។ ប៉ុន្តែវាមិនទាន់រួចរាល់ក្នុងការដាក់ឲ្យប្រើប្រាស់នោះទេ ដូច្នេះយើងត្រូវធ្វើការរង់ចាំរហូតដល់ឆ្នាំ 2020 ឯណោះទើបក្រុមហ៊ុន Adobe បញ្ចេញវាឲ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងថា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Adobe មិនបានធ្វើការបញ្ជាក់ ឬក៏បដិសេធអំពីការអះអាងរបស់ភ្នាក់ងារសារព័ត៌មាន Bloomberg ជុំវិញការប្រកាសបង្ហាញកម្មវិធីថ្មីមួយទៀតរបស់ Adobe សម្រាប់ iPad នោះទេ។ បើសិនជាព័ត៌មានខាងលើនេះ គឺជាការពិតមែននោះមានន័យថាក្រុមហ៊ុន Adobe ចាប់ផ្តើមនាំយកកម្មវិធីល្បីៗរបស់ខ្លួនមកកាន់ប្រព័ន្ធប្រតិបត្តិការ iPadOS ហើយ ដូច្នេះយើងសង្ឃឹមថានឹងឃើញវត្តមានរបស់កម្មវិធីល្បីធំៗដែលដាក់ឲ្យប្រើប្រាស់នៅលើកុំព្យូទ័រ បង្ហាញវត្តមាននៅលើ iPad ជាបន្តបន្ទាប់ទៅចុះ។

 

 

គួររំលឹកផងថា កាលពីប៉ុន្មានថ្ងៃមុននេះប្រភពខាងលើក៏បាធ្វើការអះអាងថាកម្មវិធីកាត់តដ៏ល្បីឈ្មោះ Photoshop CC សម្រាប់ iPad មួយនេះនឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខតែម្តង ប៉ុន្តែវាមិនបានភ្ជាប់មកជាមួយមុខងារសំខាន់ៗមួយចំនួនដូចជា មុខងារ Filters, Pen Tool, Custom Paintbrush Libraries, Vector Drawing, Color Spaces, RAW Editing, Smart Objects, Layer Styles និងជម្រើសសម្រាប់បង្កើត Mask នោះទេ នៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង។ ប៉ុន្តែក្រុមការងាររបស់ក្រុមហ៊ុន Adobe បានបញ្ជាក់ថាពួកគេនឹងធ្វើការបន្ថែមមុខងារទាំងនោះ នៅក្នុងកំណែអាប់ដេតជាបន្តបន្ទាប់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម