CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា​របស់ Google Pixel 4 ទទួល​បាន 112 ពិន្ទុប៉ុណ្ណោះ​ពី DxOMark

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សួរនរណាគេក៏ដឹងដែរ ក្នុងវិស័យបច្ចេកវិទ្យានេះថា រូបភាពថតចេញពី សេនស័រកាមេរ៉ារបស់ Google Pixel Series គឺមានពណ៌ស្អាតដូចធម្មជាតិ សម្រាប់កាមេរ៉ាត្រឹមតែមួយគ្រាប់ ទាំងពេលថតជាលក្ខណៈ Portrait និងថតនៅពេលងងឹត តាមរយៈមុខងារ Night Sight ថែមទៀតផង។ កាលពីដើមសប្ដាហ៍មុននេះ Google បានធ្វើការប្រកាសចេញ Pixel 4 និង 4 XL ដែលលើកនេះមានកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ជាលេនដើមទំហំ 12.2MP និងមួយគ្រាប់ទៀតជាប្រភេទ Telephoto ទំហំ 16MP ផងដែរ។ រហូតមកដល់ពេលឥឡូវនេះ ក្រុមអ្នកតេស្ដជំនាញពី DxOMark បានផ្ដល់ជូនលទ្ធផលឲ្យ មកហើយថា Google Pixel 4 ទទួលបានចំនួន 112 ពិន្ទុ សម្រាប់ទាំងរូបថតសន្លឹក និងការថតវីដេអូ។

 

 

បើប្រៀបធៀបទៅនឹងពិន្ទុ របស់ស្មាតហ្វូនដទៃទៀត គឺហាក់បីដូចជា មិនសូវអស្ចារ្យប៉ុន្មានឡើយ ដោយគួរឲ្យសាកស្ដាយណាស់ ព្រោះមនុស្សភាគច្រើន បានរំពឹងទុកថា Pixel 4 នឹងអាចឈរនៅលើ តារាងកំពូលរបស់ DxOMark បាន។ ចំពោះពិន្ទុចំនួន 117 ទៅលើផ្នែកថតរូបភាព គឺបានធ្វើឲ្យម៉ូឌែល Pixel 4 ស្ថិតនៅក្រោមម៉ូឌែល Mate 30 Pro, Galaxy Note 10+ 5G, Galaxy S10+ និង OnePlus 7 Pro ទៅទៀត។ តាមរយៈការធ្វើតេស្ដនេះ DxOMark បាននិយាយប្រាប់ថា Pixel 4 បានផ្ដល់ជូននូវល្បឿន Focus លឿន និងត្រឹមត្រូវបានល្អ ហើយក៏ធ្វើបានល្អច្រើន ទាំងពេលថតនៅ ទីតាំងខាងក្នុង និងទីតាំងខាងក្រៅ ដែលជាចំណុចល្អបំផុតរបស់វា ដោយសារតែ ការបែងចែកពន្លឺ Exposure បានដាច់ពីគ្នាល្អ និងសាច់ពណ៌បានស្អាត។

 

 

សូម្បីតែការថតរូបភាព បែបព្រាលផ្ទៃខាងក្រោយ និងថតពេលងងឹតតាម Night Sight ក៏ជាចំណុចលេចធ្លោបំផុតដែរ ដូចធ្លាប់ឃើញរួចមកហើយ នៅលើជំនាន់ពីមុនៗមក។ យ៉ាងណាក៏ដោយ ចំណុចខ្សេយរបស់វា គឺប្រទះឃើញមាន Noise ចេញមកច្រើន ព្រមទាំងមិនសូវភ្លឺខ្លាំង បន្ទាប់ពីតេស្ដថតពេលងងឹត រួមទាំងការថតសន្លឹក និងវីដេអូ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺថាក្រុមការងារ DxOMark បានផ្ដល់ពិន្ទុខ្ពស់ឲ្យ Pixel 4 ទៅលើផ្នែកថតវីដេអូ ជាមួយនឹងចំនួន 101 ពិន្ទុឯណោះ បើសិនជាគ្មានជម្រើសថត 4K 60FPS យ៉ាងណាក៏ដោយ។ ចំណែកឯកាមេរ៉ាមុខរបស់វា ទទួលបានត្រឹមតែ 92 ពិន្ទុប៉ុណ្ណោះ ដោយដូចជាម៉ូឌែល Pixel 3 អញ្ចឹងដែរ ដូច្នេះគុណភាពមិនខុសគ្នាឡើយ គឺស្ថិតនៅកម្រិតថតដដែល។

 

***សូមទស្សនាវីដេអូខាងក្រោម ដើម្បីយល់ដឹងកាន់តែច្បាស់នៃការធ្វើតេស្ដនេះ ៖

 

 

ពិតប្រាកដណាស់ បើទោះបីជាម៉ូឌែល Pixel 4 មិនបានឈរលើតារាងកំពូលក្ដី ប៉ុន្ដែមនុស្សមួយចំនួនធំ នៅតែជ្រើសរើសយកវា មកថតជាប្រចាំដដែល និងគិតថាល្អប្រសើរជាង ស្មាតហ្វូនដទៃទៀត ពីព្រោះមនុស្សម្នាក់ៗ មានចំណងចំណូលចិត្តខុសៗគ្នា។ នាពេលខាងមុខនេះ ខេមបូ រីផត នឹងធ្វើការដាក់បង្ហាញ Pixel 4 ជូនប្រិយមិត្តទាំងអស់គ្នាទស្សនា អំពីគុណភាពជាក់ស្ដែង នៃការប្រើប្រាស់ប្រចាំថ្ងៃ និងជាពិសេសកាមេរ៉ារបស់វា ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ទូរស័ព្ទ