CAMBO REPORT

Popup Advertising5 seconds

វ៉ែនតាវៃឆ្លាត AR និងកុំព្យូទ័រ Mac ដំណើរ​ការ​ដោយ​អង្គ​គណនា ARM របស់ Apple អាច​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចូលមកដល់ឆ្នាំ 2019 ភ្លាមយើងក៏ចាប់ផ្តើមទទួលបានព័ត៌មានដែលចុះផ្សាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វ៉ែនតាវៃឆ្លាត AR របស់ Apple តែម្តង ហើយបើគិតមកដល់ពេលនេះ យើងនៅតែបន្តទទួលបានដំណឹងអំពីវាជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងាររបស់យើង ក៏បានធ្វើការចុះផ្សាយអំពីព័ត៌មានមួយ ដែលនិយាយអំពីការរកឃើញតម្រុយមួយនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ជំនាន់សាកល្បង ដែលបង្ហាញឲ្យយើងដឹងថាក្រុមហ៊ុន Apple កំពុងតែសម្ងំធ្វើតេស្តសាកល្បងវ៉ែនតាវៃឆ្លាត AR របស់ខ្លួន។

 

 

ជុំវិញរឿងរ៉ាវ វ៉ែនតាវៃឆ្លាត AR នេះយើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងអំពីវាផងដែរ។ បើយោងទៅតាមរបាយការណ៍ថ្មីចុងក្រោយគេបង្អស់ របស់ភ្នាក់ងារសារព័ត៌មានដ៏ល្បី Bloomberg បាននិយាយថា ក្រុមហ៊ុន Apple បានរៀបចំគម្រោងក្នុងការប្រកាសចេញវ៉ែនតាវៃឆ្លាត AR របស់ខ្លួននៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ ប្រភពបន្តថា វ៉ែនតាវៃឆ្លាត AR នេះនឹងបំពាក់មកជាមួយ Holographic Display ហើយវានឹងធ្វើការតភ្ជាប់ទៅកាន់ iPhone របស់អ្នកប្រើប្រាស់ដើម្បីបង្ហាញព័ត៌មានមួយចំនួនដូចជា អត្ថបទ, សារអេឡិចត្រូនិច (Email), ផែនទី និង ហ្គេមជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏ពិចារណាទៅលើការបង្កើត App Store ផ្ទាល់ខ្លួនសម្រាប់វ៉ែនតាវៃឆ្លាត AR របស់ខ្លួន ដែលមានលក្ខណៈស្រដៀងទៅនឹង App Store របស់ iPhone, iPad, Mac, Apple TV និង Apple Watch ផងដែរ។ ក្រៅពីបានរាយការណ៍អំពីព័ត៌មានវ៉ែនតាវៃឆ្លាត AR របស់ Apple ភ្នាក់ងារសារព័ត៌មានរបស់ Bloomberg ក៏បានបន្ថែមទៀតថា ពួកគេជឿជាក់ថានៅក្នុងឆ្នាំ 2020 ក្រុមហ៊ុន Apple ក៏បានត្រៀមខ្លួនក្នុងការបញ្ចេញកុំព្យូទ័រ Mac ជំនាន់ថ្មីដែលដំណើរការដោយអង្គគណនា ARM (custom ARM-based silicon) ដែលមានដំណើរការល្អ ព្រមទាំងប្រើប្រាស់ថាមពលតិចទៀតផង។

 

 

អញ្ចឹងសរុបមកវិញ ទាំងអស់នេះគឺជាព៏ត៌មានដែលនិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិមួយចំនួនរបស់វ៉ែនតាវៃឆ្លាត AR និងកុំព្យូទ័រ Mac ដំណើរការដោយអង្គគណនា ARM របស់ Apple។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាប្រាកដណាស់ដែល Apple នឹងធ្វើការបញ្ចេញវ៉ែនតាវៃឆ្លាត AR និងកុំព្យូទ័រ Mac ដំណើរការដោយអង្គគណនា ARM ប៉ុន្តែវាគ្រាន់តែជារឿងមុន និងក្រោយតែប៉ុណ្ណោះ ព្រោះថាមានព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងក្រុមហ៊ុន Apple បានប្រកាសស្វែងរកអ្នកជំនាញដែលទាក់ទងផ្នែកវ៉ែនតាវៃឆ្លាត AR នេះ ព្រមទាំងកូដតម្រុយដែលគេបានរកឃើញនៅក្នុង iOS 13 ជំនាន់សាកល្បងកាលពីពេលថ្មីៗនេះផងដែរ។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍ WWDC 2019 Apple ក៏បានប្រកាសពីគម្រោងនាំយកកម្មវិធីដែលមាននៅលើ iOS យកទៅដាក់ឲ្យដំណើរការនៅលើ macOS ថែមទៀតផង ដែលនេះគឺជាតម្រុយមួយដែលបញ្ជាក់ឲ្យយើងដឹងថា Apple ពិតជាមានគម្រោងក្នុងការបង្កើតកុំព្យូទ័រ Mac ដំណើរការដោយអង្គគណនា ARM ពិតមែន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: កុំព្យូទ័រ