CAMBO REPORT

Popup Advertising5 seconds

លេច​ចេញ​ព័ត៌មាន​ថា Snapdragon ​865​ អាច​​ទ្រទ្រង់​ជាមួយ​ 5G​ និង​កាមេរ៉ា​ដល់​ 100 មេហ្គាភិចស៊ែល​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលសព្វថ្ងៃនេះ Qualcomm បានបង្កើតឈីបកំពូល ជំនាន់ចុងក្រោយរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះ ដែលមានសញ្ញាបូកដើម្បីសម្គាល់ ពោលវាគឺជាឈីប Snapdragon 855+ ដោយមានប្រើប្រាស់ នៅលើស្មាតហ្វូនកំពូល នាចុងឆ្នាំនេះផងដែរ។ ដោយឡែក ច្បាស់ណាស់ថា វាមិនមែនជាឈីបជំនាន់ថ្មីនោះឡើយ និយាយឲ្យចំទៅ វាគ្រាន់តែជា បន្ទះឈីបថ្មី ដែលធ្វើការ upgrade បន្ថែមពីលើ Snapdragon 855 ធម្មតាប៉ុណ្ណោះ ចំណែកឯបន្ទះឈីប ដែលជាជំនាន់ថ្មីពិតប្រាកដនោះ គឺជា Snapdragon 865 ដែលកំពុងតែមានដំណឹងបែកធ្លាយ នៅក្នុងពេលនេះ។

 

 

ប្រាកដណាស់ បើតាមដំណឹងលេចធ្លាយ ដែលយើងបានដឹងនៅពេលនេះ អាចនិយាយបានថា ឈីបថ្មី Snapdragon 865 អាចនឹងភ្ជាប់មកជាមួយ លក្ខណៈពិសេសជាងមុន ដោយអាចគាំទ្រជាមួយ កាមេរ៉ាទំហំធំដល់ខ្ទង់ 100MP ព្រមទាំងអាចមានទ្រទ្រង់បាន ទាំងសេវា 4G និងសេវាអ៊ីនធើណេត 5G ទៀតផង។ លើសពីនេះទៅទៀត វានៅតែមានទំហំ 7nm ព្រមទាំងអាចនឹង កាន់តែខ្លាំងជាងមុន ថែមមួយកម្រិតទៀត ហើយបើតាមដំណឹងលេចធ្លាយ នៅលើ benchmark វិញ បានឲ្យដឹងថា ឈីបថ្មីមួយនេះ អាចនឹងទទួលបានពិន្ទុដល់ 4160 សម្រាប់ផ្នែក single core និងអាចឡើងដល់ 12946 នៅក្នុងការតេស្តផ្នែក multi-core ផងដែរ។ គួរបញ្ជាក់ដែរថា Snapdragon 865 អាចនឹងបង្ហាញខ្លួន នៅក្នុងខែធ្នូចុងឆ្នាំនេះ ហើយថែមទាំងអាចមានវត្តមាន នៅលើស្មាតហ្វូននានា នៅដើមឆ្នាំក្រោយដូច្នេះដែរ។ 

 

 

អញ្ចឹងហើយ នេះជាចំណុចមួយចំនួន ដែល Qualcomm Snapdragon 865 ទំនងជាអាចធ្វើបាន នៅពេលវាបានបង្ហាញខ្លួន នាពេលខាងមុខ ហើយក៏សូមបញ្ជាក់ដែរថា បើគិតមកទល់ពេលនេះ មានក្រុមហ៊ុនស្មាតហ្វូនមួយហើយ ដែលបានអះអាងថា ខ្លួននឹងបំពាក់ឈីបកំពូលនេះមុនគេ ក្នុងឆ្នាំក្រោយ និយាយឲ្យចំទៅគឺ ក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា 8848 ហើយស្មាតហ្វូននោះដែរ វាជាត្រូវបានរចនាឡើងបែបប្រណីត និងមានតម្លៃថែមទៀតផង។ ដូច្នេះហើយ បើនេះជាអ្វីដែលមាន នៅលើ Snapdragon 865 តើប្រិយមិត្ត មានចំណាប់អារម្មណ៍បែបណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Tweak Town Tag: ទូរស័ព្ទ