CAMBO REPORT

Popup Advertising5 seconds

តើ​រូប​រាង​គម្រូ​របស់​ម៉ាស៊ីន​ហ្គេម PlayStation 5 នេះ​ អាច​ក្លាយ​ជា​ការ​ពិត​ទេ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចូលមកដល់ដើមឆ្នាំ 2019 ភ្លាមយើងក៏ចាប់ផ្តើមទទួលបានព័ត៌មានដែលចុះផ្សាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony ហើយបើគិតមកដល់ពេលនេះ យើងនៅតែបន្តទទួលបានដំណឹងអំពីវាជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីជាង 10 ថ្ងៃមុននេះនាយកប្រតិបត្តិរបស់ Sony Interactive Entertainment (SIE) លោក Jim Ryan បានធ្វើបញ្ជាក់ថាម៉ាស៊ីនហ្គេមជំនាន់ថ្មីដែលត្រៀមនឹងចូលខ្លួនមកបន្តតំណែងរបស់ម៉ាស៊ីន PlayStation 4 នឹងមានឈ្មោះជាផ្លូវការថា PlayStation 5 ហើយវានឹងបញ្ចេញលក់ជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះ។ 

 

 

បើទោះបីជាពេលកន្លងមក យើងទទួលបានព័ត៌មានជាច្រើនដែលចុះផ្សាយអំពី PlayStation 5 ព្រមទាំងការបញ្ជាក់ប្រាប់អំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើនរបស់ម៉ាស៊ីនហ្គេម PlayStation 5 ឬហៅកាត់ថា PS5 ពីក្រុមហ៊ុន Sony ក៏ដោយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមិនទាន់មានព័ត៌មាន ឬដំណឹងមួយណាដែលបង្ហាញឲ្យយើងដឹងអំពីរូបរាងរបស់ PS5 ក្នុងលក្ខណៈជា ម៉ាស៊ីនពិតនៅខាងក្រៅនោះទេ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺកាលពីម្សិលមិញនេះមាន YouTube Channel មួយដ៏ល្បីដែលមានឈ្មោះថា  ZONEofTECH បានធ្វើការបង្ហោះវីដេអូមួយដែលរៀបរាប់អំពីលក្ខណៈមួយចំនួនរបស់ PS5 ព្រមទាំងបានបង្ហាញរូបរាងរបស់ម៉ាស៊ីន PS5 ដែលប្រើប្រាស់សម្រាប់ឲ្យអ្នកអភិវឌ្ឍហ្គេមយកទៅបង្កើតហ្គេមសម្រាប់ PS5 ថែមទៀតផង។ បើយោងទៅតាមវីដេអូនោះ បានបង្ហាញឲ្យយើងឃើញថាម៉ាស៊ីនហ្គេម PS5 មួយនេះមានរូបរាងស្ទើរតែដូចទៅនឹងរូបរាងនៅក្នុងប៉ាតង់របស់ Sony ដែលគេបានរកឃើញកាលពីពេលថ្មីៗកន្លងទៅនេះ ដោយវាមានរូបរាងជាអក្សរ V ដែលតំណាងឲ្យលេខ 5។ បើមើលបន្តទៀត យើងឃើញថាផ្នែកខាងមុខរបស់វាបានភ្ជាប់មកកន្លែងសម្រាប់ដាក់ឌីសហ្គេម PS5 និងប៊ូតុងមួយចំនួនដូចជា ប៊ូតុង Standby, Reset, Eject, បើកដំណើរការ System, បើកដំណើរការ Network ជាដើម។ លើសពីនេះទៅទៀតវាក៏បានភ្ជាប់មកជាមួយរន្ធ USB 2.0 ចំនួន 1, USB .3.0 ចំនួន 3, រន្ធសម្រាប់តភ្ជាប់ទៅកាន់ប្រភពថាមពលចំនួន 1 និងរន្ធមួយដ៏ចម្លែកដែលមើលទៅស្រដៀងទៅនឹងរន្ធ USB ប្រភេទ B ចំនួន 1។ 

 

 

គួររំលឹកផងថា ម៉ាស៊ីនហ្គេម PlayStation 5 នឹងត្រូវបំពាក់ដោយបន្ទះឈីប AMD Ryzen (Zen 2) ទំហំ 7nm គួបផ្សំជាមួយក្រាហ្វិកកាតរបស់ក្រុមហ៊ុន AMD (បង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា Navi) ដែលគាំទ្រកម្រិតបង្ហាញរហូតដល់ទៅ 4K HDR 60fps ។ លើសពីនេះទៅទៀតវាក៏ភ្ជាប់មកជាមួយមុខងារ Ray Tracing និងប្រើប្រាស់អង្គផ្ទុកទិន្ន័យប្រភេទ SSD ដែលមានល្បឿនគណនាលឿន ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺវាក៏គាំទ្រ Backwards Compatible ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ដៃបញ្ជរបស់ PlayStation 5 នឹងបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះថា “adaptive triggers” ហើយបច្ចេកវិទ្យាមួយនេះនឹងត្រូវដាក់នៅលើប៊ូតុង R2/L2 តែម្តង។

 

 

***សូមទស្សនាវីដេអូខាងក្រោម ៖

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ZONEofTECH Tag: កម្មវិធី-ហ្គេម