CAMBO REPORT

Popup Advertising5 seconds

ការ​ធ្វើ​តេស្ដ​ថ្មី​មួយ​បង្ហាញ​ថា Dark Mode លើ iOS 13 អាច​ជួយ​សន្សំ​ថ្ម​បាន​ច្រើន​ជាង​ការ​រំពឹង​ទុក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តមួយចំនួន បានធ្លាប់ដឹងរួចមកហើយថា អត្ថប្រយោជន៍នៃមុខងារ Dark Mode ឬធ្វើឲ្យផ្ទៃខាងក្រោយ មានពណ៌ខ្មៅងងឹត មិនត្រឹមតែអាចជួយ ឲ្យមើលឃើញថ្មីប្លែក ឬ ជួយដល់ភ្នែកប៉ុណ្ណោះទេ ដោយឡែក វាក៏អាចជួយសន្សំថាមពលថ្ម សម្រាប់ស្មាតហ្វូនមានបំពាក់ បន្ទះអេក្រង់ប្រភេទ OLED ថែមទៀតផង។ ចំណែកឯ iOS 13 ជំនាន់ចុងក្រោយនេះ ក៏បាននាំយកមកនូវ មុខងារនេះឲ្យប្រើដូចគ្នា ដែលពិតជាទទួលបាន ភាពពេញនិយមច្រើនមែនទែន ហើយដើម្បីចង់ឲ្យដឹងថា វាជួយសន្សំថ្មបានយ៉ាងណា ក៏ឃើញមានឆានែលមួយ នៅលើ YouTube បានដាក់ធ្វើតេស្ដដោយ ដៃមនុស្សយន្ដតែម្ដង។

 

 

ឆានែលដ៏ល្បីល្បាញនេះ មានឈ្មោះហៅថា PhoneBuff ដែលយកដៃរបស់មនុស្សយន្ដ ដើម្បីធ្វើតេស្ដឲ្យស្មើភាពគ្នា និងរយៈពេលប្រើប្រាស់ដូចគ្នា ទាំងនៅលើមុខងារ Dark Mode និងនៅលើផ្ទៃសធម្មតា ដោយជ្រើសរើសយកម៉ូឌែល iPhone XS ជាឧបករណ៍សាកល្បង។ ការធ្វើតេស្ដការសន្សំថ្មនេះ គឺត្រូវធ្វើឡើងតាមរយៈការបើក ប្រើប្រាស់កម្មវិធីផ្ញើសារ, ស្វែងរកទីតាំងលើ Google Maps, ទស្សនាវីដេអូក្នុងយូធូប និងផ្សេងៗជាច្រើនទៀត រឺឯលទ្ធផលទទួលបានវិញនោះ ពិតជាមិនគួរឲ្យជឿនោះឡើយ។ ឆានែលឈ្មោះថា PhoneBuff មួយនេះ បានស្វែងរកឃើញចម្លើយថា iPhone XS នៅពេលបើកប្រើមុខងារ Dark Mode គឺហូរថាមពលថ្មតិចជាង នៅពេលប្រើប្រាស់ Light Mode ធម្មតា បានចំនួនយ៉ាងច្រើនផងដែរ។ ហាក់បីដូចជា វីដេអូនៅខាងក្រោម បានដាក់បង្ហាញអញ្ចឹង ខណៈពេលដែល iPhone XS កំពុងប្រើលើ Light Mode បានអស់ថ្មរលត់ទាំងស្រុង ប៉ុន្ដែ iPhone XS កំពុងប្រើលើ Dark Mode នៅសល់ថ្មរហូតដល់ទៅចំនួន 30 ភាគរយទៀតឯណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីការធ្វើតេស្ដសន្សំថ្មដោយប្រើ Dark Mode ៖

 

 

អ្វីដែលគួរបញ្ជាក់នោះគឺថា មុខងារ Dark Mode អាចជួយសន្សំថ្មស្មាតហ្វូន របស់លោកអ្នកបានច្រើន លុះត្រាតែវាជាបន្ទះអេក្រង់ OLED ដែលរួមមានដូចជា iPhone X, iPhone XS, iPhone 11 Pro ប៉ុន្ដែមិនរាប់បញ្ចូលទាំង iPhone XR ឬ iPhone 11 និងម៉ូឌែលមុនៗនោះទេ។ បន្ទាប់ពីបានយល់ដឹងអំពី អត្ថប្រយោជន៍នៃមុខងារ Dark Mode នេះហើយ តើប្រិយមិត្តអ្នកអាន នឹងនៅបន្ដប្រើផ្ទៃពណ៌សដដែល ឬក៏សម្រេចចិត្តផ្លាស់ប្ដូរមក ប្រើផ្ទៃពណ៌ខ្មៅនេះវិញ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: ទូរស័ព្ទ