CAMBO REPORT

Popup Advertising5 seconds

Huawei នឹងអាចបំពាក់ប្រព័ន្ធប្រតិបត្តិការ 2 លើ P40 Series ដែលរួមមាន HarmonyOS និង Android តែម្ដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលអ្នកទាំងអស់គ្នា បានដឹងច្បាស់ហើយ កាលពីព្រឹត្តិការណ៍ Huawei Developers Conference 2019 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានសម្រេចចិត្ត ប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ ផលិតដោយខ្លួនឯងផ្ទាល់ ដែលមានឈ្មោះថា HarmonyOS ឬម៉្យាងទៀតហៅថា HongMeng OS នៅលើទឹកដីចិន បន្ទាប់ពីមានបញ្ហាសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ថានឹងបិទសិទ្ធិអជ្ញាប័ណ្ណ មិនឲ្យស្មាតហ្វូនស៊េរីក្រោយៗរបស់ពួកគេ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android តទៅទៀត។

 

 

បើតាមការលេចឮកន្លងមក ទាក់ទងនឹងព័ត៌មានអំពី ប្រព័ន្ធប្រតិបតិ្តការថ្មីនេះដែរ មកដល់ពេលនេះ យើងមិនទាន់ឃើញមាន ស្មាតហ្វូនណាមួយរបស់ Huawei ដែលដំណើរការដោយប្រព័ន្ធនេះទេ ដោយស្មាតហ្វូនស៊េរីក្រោយគេបង្អស់ Huawei Mate 30 Series ដែលទើបនឹងប្រកាសចេញ ក៏នៅតែអាចប្រើប្រព័ន្ធប្រតិបតិ្តការ Android ដដែល គ្រាន់តែមិនអាចគាំទ្រ Google service បានប៉ុណ្ណោះ។ រហូតមកដល់ពេលថ្មីៗនេះ  ស្រាប់តែបានលេចចេញនូវ របាយការណ៍ថ្មីមួយទៀត ពីបុគ្គលម្នាក់ ដែលមានឈ្មោះថា Teme បានធ្វើការបង្ហោះចូលបណ្តាញសង្គម Twitter ដោយបាននិយាយថា Huawei P40/P40 Pro នឹងដំណើរការដោយ ប្រព័ន្ធប្រតិបតិ្តការ 2 គឺ HarmonyOS និង Android ហើយអាចផ្លាស់ប្ដូរគ្នា តាមចំណូលចិត្តតែម្តង។ ជាក់ស្តែង លើកមុន Huawei ក៏ធ្លាប់បានធ្វើការប្រកាសរួចម្តងហើយដែរ ថា HarmonyOS សម្រាប់ស្មាតហ្វូន នឹងមានវត្តមាន ក្នុងពាក់កណ្តាលដើមឆ្នាំ 2020 ខាងមុខនេះ ដូច្នេះ គេអាចសន្មតថាត្រកូល P40 នឹងក្លាយជា Series ដំបូងបង្អស់រត់ដោយប្រព័ន្ធប្រតិបតិ្តការថ្មីនេះ។ 

 

 

ជុំវិញ ដំណឹងបែកធ្លាយពីស្មាតហ្វូន ដែលអាចនឹងដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ 2 នេះដែរ បានឲ្យដឹងថា វានឹងប្រើប្រាស់ឈីប Kirin 990 ព្រមទាំងគាំទ្រដោយបច្ចេកវិទ្យា 5G  ផងដែរ។ លើសពីនេះ Huawei P40 អាចនឹងមានអេក្រង់លាត ជាមួយកាមេរ៉ាក្រោយ 5 គ្រាប់ ដែលមានលេនដើមទំហំ 64MP និងត្រូវបានរំពឹងទុកថាមានមួយគ្រាប់ជាសេនស័រ ToF (Time-of-Flight) ប្រើប្រាស់ដើម្បីជំនួយក្នុងការថតព្រាលផ្ទៃខាងក្រោយ ឬកែប្រែ Effects ផ្សេងៗរបស់ Background ព្រមទាំងអាចធ្វើការស្កេនយករូបភាពរបស់វត្ថុក្នុងលក្ខណៈជា 3D ថែមទៀតផង។

 

 

សរុបមក នេះអាចបង្ហាញថា Huawei ហាក់បីដូចជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ នាំយក និងបើកចំហរ HarmonyOS របស់ខ្លួន នៅលើទីផ្សារស្មាតហ្វូន ជាលើកដំបូង ហើយបើសិនជាព័ត៌មាននេះ អាចជាការពិតមែននោះ អញ្ចឹងមានន័យថា Huawei P40/P40 Pro ក៏អាចនឹងក្លាយជាស្មាតហ្វូន ដំបូងបង្អស់ ក្នុងប្រវិត្តសាស្រ្ត ដែលដើរដោយប្រព័ន្ធប្រតិបតិ្តការ 2 ក្នុងពេលតែមួយបាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizchina Tag: ទូរស័ព្ទ