CAMBO REPORT

Popup Advertising5 seconds

មុខងារ Gesture Navigation របស់ Android 10 នៅលើ Pixel 4 គាំទ្រកម្មវិធី Nova Launcher

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយរបស់ខ្លួន ដែលមានឈ្មោះជាផ្លូវការថា Android 10។ គួររំលឹកផងថា Android 10 បានភ្ជាប់មកជាមួយលក្ខណៈ និងមុខងារពិសេសៗជាច្រើន ជាហេតុនាំឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនដែលដំណើរការដោយ Android ទាំងអស់ចង់ធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបតិ្តការមួយនេះយ៉ាងខ្លាំង។ បើគិតទល់មកដល់ពេលនេះ យើងឃើញថាស្មាតហ្វូន Android មួយចំនួនបានទទួលកំណែអាប់ដេតទៅកាន់ Android 10 រួចហើយ។ ក្នុងនោះក៏មានស្មាតហ្វូនជាច្រើនទៀត ក៏បានត្រៀមខ្លួនដើម្បីទទួលបានកំណែអាប់ដេតទៅកាន់ Android 10 ផងដែរ។ 

 

 

ទាក់ទងទៅនឹងការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 នេះដែរ ក៏មានអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍មកថា បន្ទាប់ពីស្មាតហ្វូនរបស់ពួកគេធ្វើការអាប់ដេតរួចរាល់ កម្មវិធី Launcher ដែលគេបានដំឡើងពី Google Play មិនអាចប្រើប្រាស់បានដូចធម្មតាទៀតនោះទេ ដោយវាតែងតែលោតសារបង្ហាញថា Error។ គួរបញ្ជាក់ផងថា កាលពីប្រព័ន្ធប្រតិបតិ្តការ Android 10 ជំនាន់សាកល្បងទី 5 ក្រុមហ៊ុន Google បានដកចេញនូវមុខងារគាំទ្រកម្មវិធី Launcher ដែលបានមាននៅក្នុង Google Play ទាំងអស់។ ជុំវិញបញ្ហាខាងលើ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ បើយោងទៅតាមគេហទំព័រមួយដែលមានឈ្មោះថា Android Police បានរាយការណ៍មកថាស្មាតហ្វូន Google Pixel 4 ដែលដំណើរការដោយ Android 10 របស់ពួកគេគាំទ្រកម្មវិធី Nova Launcher ខណៈដែលកាលពីមុនស្មាតហ្វូន Android ដទៃទៀតរបស់ពួក នៅពេលដែលបើកកម្មវិធីនេះ វាតែងតែលោតសារបង្ហាញថា Error និង ពេលខ្លះទៀតវាបែរទៅជាបង្ហាញប៊ូតុងត្រលប់ថយក្រោយ ព្រមទាំងប៊ូតុងបើកកម្មវិធីទុកចោលទៅវិញ។ 

 

 

គួររំលឹកផងថា ចំពោះបញ្ហាមុខងារ Gesture Navigation របស់ Android 10 មិនគាំទ្រកម្មវិធី Launcher ដែលមាននៅក្នុង Google Play នេះដែរ ក្រុមហ៊ុន Google ក៏ធ្លាប់ចេញមុខមកនិយាយថាក្រុមការងាររបស់ពួកគេកំពុងតែជួសជុល និងកែប្រែវា ហើយនៅពេលដែលពួកគេដោះស្រាយរួចរាល់ ពួកគេនឹងបញ្ចេញកំណែអាប់ថ្មី ទៅឲ្យប្រព័ន្ធប្រតិបតិ្តការ Android 10 ដើម្បីដោះស្រាយបញ្ហានេះ។ ដូច្នេះមានន័យថា Google បានដោះស្រាយរួចរាល់ហើយចំពោះបញ្ហាដែលបានរៀបរាប់ខាងលើ នេះបើយោងតាមការអះអាងរបស់ប្រភពខាងលើ។ អញ្ចឹងសង្ឃឹមថាក្រុមហ៊ុន Google នឹងបញ្ចេញកំណែអាប់ដេតមួយនេះ ទៅឲ្យស្មាតហ្វូនដទៃទៀត ដែលកំពុងតែដំណើរការដោយ Android 10 ដើម្បីដោះស្រាយបញ្ហាមួយនេះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: ទូរស័ព្ទ