CAMBO REPORT

Popup Advertising5 seconds

ក្នុងរយៈពេល 44 ឆ្នាំកន្លងមកនេះ តើ Microsoft មានសមិទ្ធិផលធំៗអ្វីខ្លះទៀតក្រៅពី Windows ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Microsoft ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ ដែលទទួលបានឈ្មោះល្បីសុះសាយទៅលើការនាំយក ប្រព័ន្ធប្រតិបត្តិការ Windows មកកាន់ពិភពលោកទល់សព្វថ្ងៃ។ Windows Operating System ត្រូវបានចាប់កំណើតដំបូងនៅក្នុងឆ្នាំ 1975 នៅឯទីក្រុង អាល់ប៊ូស្វីក នៃរដ្ឋ ញូមិកសិក របស់សហរដ្ឋអាមេរិក ដោយមនុស្ស 2 នាក់គឺ លោក Bill Gates និង លោក Paul Allen។ ក្នុងនោះ ប្រព័ន្ធប្រព័ន្ធប្រតិបតិ្តការដ៏មានប្រជាប្រិយភាពមួយនេះ បានមានវត្តមានដំបូង ក្រោមឈ្មោះថា Windows NT 3.1 ដែលបានដាក់អោយប្រើប្រាស់ដំបូងនៅក្នុងឆ្នាំ 1993។ ក្នុងរយៈពេល 44 ឆ្នាំមកនេះក្រុមហ៊ុន Microsoft មិនត្រឹមតែបង្កើតបាននូវប្រព័ន្ធប្រតិបត្តិការ Windows នោះទេ តែពួកគេថែមទាំងឈានជើងចូលទៅកាន់ផ្នែក Hardware, Software និងសេវាកម្មនៅលើអនឡាញថែមទៀតផង។ ដូច្នេះ ដើម្បីអោយជ្រៀបកាន់តែច្បាស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក្នុងគ្រានេះយើងនឹងធ្វើការលើកយកពី ភាពជោគជ័យ ក៏ដូចជាសមិត្ថផលជោគជ័យធំៗមួយចំនួនរបស់ពួកគេ មករៀបរាប់អោយប្រិយមិត្តបានដឹងបន្ថែម ក្នុងនោះរួមមានដូចជា ៖ 

 

 

ប្រព័ន្ធប្រតិបត្តិការ Windows 

 

 

Windows ត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយវាបានក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃរបស់ មនុស្សថែមទៀតផង។ នោះក៏ដោយសារតែវាបានស្ថិតនៅគ្រប់ទីកន្លែងដែលមនុស្សបានរស់នៅ រួមមានចាប់ពី ហាងលក់ឥវ៉ាន់តូចតាច ទៅដល់ក្រុមហ៊ុនធំៗ និង មនុស្សគ្រប់ជាន់ថ្នាក់សុទ្ធតែបានប្រើប្រាស់ Windows។ រាប់ត្រឹម Windows 10 ជំនាន់ចុងក្រោយ ត្រូវបានមានអ្នកប្រើប្រាស់ដល់ទៅ 400 លានអ្នកទៅហើយ ដែលនោះជាចំនួនច្រើនជាង macOS ដល់ទៅ 4 ដង និងបានជាប់ជាប្រព័ន្ធប្រតិបត្តិការ ដែលលមានអ្នកប្រើប្រាស់ច្រើនជាងគេលើលោក នៅឆ្នាំ 2019 នេះ។ ក្រុមហ៊ុន Microsoft បានធ្វើការបែងចែកប្រព័ន្ធប្រតិបត្តិការ Windows ចេញជាប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមាន ៖ 

 

  - Windows NT សម្រាប់ការប្រើប្រាស់ទូទៅ

  - Windows Server សម្រាប់ Server

  - Windows RT សម្រាប់ថេប្លេត

  - Windows Phone សម្រាប់ទូរសព្ទ។ 

 

ក្នុងនោះ Windows 10X ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ ថេប្លេត អេក្រង់ភ្លោះ នៅឆ្នាំ 2019។ ប្រព័ន្ធប្រតិបត្តិការ Windows ត្រូវបានបែកចែកជា 2 ប្រភេទធំៗ នោះគឺ 32 និង 64 Bit  ដែលប្រើបា្រស់បានដល់ទៅ 138 ភាសាទូទាំងពិភពលោក។ និយាយដល់ ជំនាន់ Windows ដែលបាននាំកេរ្តិ៍ឈ្មោះដល់ Microsoft នោះ គេក៏មិនភ្លេចពី Windows XP ដែលត្រូវបានឈរលើតំណែងជាប្រព័ន្ធប្រតិបត្តិការជាប់ចំណាត់ថ្នាក់លេខ 3 នៅលើពីភពលោកកាលពីឆ្នាំ 2017 ដោយយកឈ្នះសូម្បីតែ macOS ខណៈពេលដែលវាមានអាយុកាលដល់ទៅជិត 16 ឆ្នាំនៅពេលនោះក្តី។ 

 

Microsoft Office

 

 

 

Microsoft Office ឬហៅកាត់ថា Office គឺជាកញ្ចប់កម្មវិធី និងសេវាកម្មមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft។ វាត្រូវបានប្រកាសចេញជាលើកដំបូង ដោយលោក Bill Gates នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 1988 នៅឯព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកុំព្យូទ័រ COMDEX នៅក្នុងរដ្ឋ Las Vegas នៃសហរដ្ឋអាមេរិក។ Microsoft Office ជំនាន់ដំបូងគេត្រូវបានភ្ជាប់មកជាមួយ Word, Excel និង PowerPoint តែប៉ុណ្ណោះ ហើយបើគិតចាប់តាំងពីវាបញ្ចេញជាផ្លូវការ រហូតមកដល់ពេលបច្ចុប្បន្ន កញ្ចប់កម្មវិធីមួយនេះទទួលបានការបន្ថែមជាច្រើន ក្នុងនោះរួមមានដូចជា Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft Access, Microsoft Outlook, Microsoft OneNote, Microsoft Publisher និង Microsoft Office Web Apps ជាដើម ហើយជំនាន់ចុងក្រោយគេបង្អស់របស់ Microsoft Office គឺ Office 2019 ត្រូវបានបញ្ចេញជាផ្លូវការនៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2018។ គួរបញ្ជាក់ផងថា Microsoft Office Web Apps គឺមានមុខងារ ដូចទៅនឹងកញ្ចប់កម្មវិធី Microsoft Office អញ្ចឹងដែរ ប៉ុន្តែវាមានលក្ខណៈជា Online ដែលអាចអនុញ្ញាតអោយយើងធ្វើការតភ្ជាប់ទៅកាន់ឯកសារដែលយើងបានរក្សាទុកនៅលើពពក (Cloud) ដើម្បីធ្វើការកែប្រែ និងបន្ថែមនូវអ្វីដែលយើងចង់បានចូលទៅក្នុងឯកសាររបស់យើង ហើយលក្ខណៈពិសេសរបស់វាគឺយើងអាចធ្វើការកែប្រែ ឬបន្ថែមនូវអ្វីដែលយើងចង់បាន តាមរយៈ កុំព្យូទ័រ, ស្មាតហ្វូន និងថេប្លេតរបស់យើងដោយផ្ទាល់តែម្តង ហើយវាក៏មិនតម្រូវអោយយើងធ្វើការដំឡើងកម្មវិធីនៅលើឧបករណ៍របស់យើងនោះទេ។ គួររំលឹកផងថា សព្វថ្ងៃនេះកម្មវិធី Microsoft Office មានវត្តមាននៅលើឧបករណ៍មួយចំនួនដូចជា កុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows, MacOS, ស្មាតហ្វូន និង ថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ឬ Adroid ជាដើម។ 

 

ម៉ាស៊ីនហ្គេម Xbox

 

 

Xbox គឺជាម៉ាស៊ីនហ្គេមដែលបង្កើតឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Microsoft។ ម៉ាស៊ីនហ្គេម Xbox ជំនាន់ដំបូងត្រូវបានដាក់លក់ជាផ្លូវនៅថ្ងៃទី 15 ខែវិច្ឆិការ ឆ្នាំ 2001 ជាមួយនឹងតម្លៃ 299 ដុល្លារ។ បើគិតត្រឹម ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2006 វាលក់បានចំនួនជាង 24 លានគ្រឿង។ បន្ទាប់មក នៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2005 Microsoft ក៏បានប្រកាសចេញ អ្នកបន្តតំណែងរបស់ម៉ាស៊ីនហ្គេម Xbox ហើយវាមានឈ្មោះជាផ្លូវការថា Xbox 360។ អ្វីដែលចង់ចាំមិនអាចបំភ្លេចបាននោះគឺ Xbox 360 ទទួលបានការគាំទ្រយ៉ាងខ្លាំង លើសពីអ្វីដែលក្រុមហ៊ុន Microsoft បានរំពឹងទុក បើគិតត្រឹមថ្ងៃទី 18 ខែមេសា ឆ្នាំ 2013 វាអាចលក់បានចំនួនជាង 77 លានគ្រឿងឯណោះ ហើយបើប្រៀបធៀបទៅនឹងចំនួននៃការលក់របស់ Xbox ជំនាន់ដំបូង វាមានចំនួនច្រើនជាង 3 ដង។ បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីម៉ាស៊ីនហ្គេម Xbox 360 អស់រយៈពេលជាយូររួចមក នៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2013 ក្រុមហ៊ុន Microsoft ក៏បានប្រកាសចេញ អ្នកបន្តតំណែងរបស់ Xbox 360 ហើយវាមានឈ្មោះជាផ្លូវការថា Xbox One ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃ 399 ដុល្លារ សម្រាប់ម៉ូឌែលធម្មតា និង 499 ដុល្លារ សម្រាប់ម៉ូឌែលដែលភ្ជាប់មកជាមួយកាមេរ៉ា Kinect។ បើគិតត្រឹមថ្ងៃទី 18 ខែមករា ឆ្នាំ 2017 វាលក់បានចំនួនជាង 26 លានគ្រឿង។ បន្ទាប់មកទៀត នៅក្នុងព្រឹតិ្តការ E3 2016 ដែលធ្វើឡើងនៅថ្ងៃទី 13 ខែមិថុនា Microsoft គ៏បានប្រកាសចេញកំណែអាប់ដេតរបស់ម៉ាស៊ីនហ្គេម Xbox One ហើយវាមានឈ្មោះជាផ្លូវការថា Xbox One S ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃ 299 ដុល្លារ។ គួររំលឹកផងថា នៅក្នុងព្រឹត្តិការ E3 2016 នោះ ក្រុមហ៊ុន Microsoft ក៏បានបង្ហើបប្រាប់អំពីម៉ាស៊ីនហ្គេមដែលត្រូវចូលមកបន្តតំណែងរបស់ Xbox One ផងដែរ ដោយកាលនោះវាមានឈ្មោះតំណាងថា Project Scorpio។ បន្ទាប់ពីបានបង្ហើបប្រាប់អំពីលក្ខណៈសម្បត្តិ  មួយចំនួនរបស់ Project Scorpio អស់រយៈពេលជាង 1 ឆ្នាំ រួចមក នៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2017 Microsoft ក៏បានប្រកាសចេញម៉ាស៊ីនហ្គេមជំនាន់ចុងក្រោយគេបង្អស់របស់ខ្លួន វាមានឈ្មោះជាផ្លូវការថា Xbox One X ហើយវាក៏ជាម៉ាស៊ីនហ្គេម Console ដែលមានកម្លាំងខ្លាំងជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះដែរ។ គួរបញ្ជាក់ផងថា លោក Phil Spencer គឺជានាយកប្រតិបត្តិនៃផ្នែក Xbox របស់ Microsoft ក្នុងពេលបច្ចុប្បន្ននេះ ហើយបើយោងទៅតាមការបញ្ជាក់របស់គាត់ ម៉ាស៊ីនហ្គេម Xbox ជំនាន់ថ្មី ដែលត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះ នឹងមានឈ្មោះតំណាងថា Project Scarlett។

 

សេវាកម្ម One Drive 

 

 

ក្រៅពី Windows ក្រុមហ៊ុន Microsoft ក៏មានសេវាកម្ម File hosting របស់ខ្លួនផងដែរ ដែលវាបានបង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំ 2007 និងមានដាក់អោយប្រើប្រាស់បានយ៉ាងទូលំទូលាយនៅគ្រប់ Platform ល្បីៗដូចជា៖ Android, iOS, macOS, Xbox 360, Xbox One និង Windows របស់ខ្លួនផ្ទាល់ផងដែរ។ សេវាកម្មនេះ អាចអោយអ្នកប្រើប្រាស់អាចរក្សាទុកនូវ រូបភាព, វីដេអូ និងឯកសារនានា នៅលើពពក ដោយមិនចាំបាច់បារម្ភខ្លាចបាត់បង់វាដោយយថាហេតុ ឬពេលម៉ាស៊ីនកុំព្យូទ័រមានបញ្ហានោះទេ។ ក្នុងនោះ Microsoft ផ្តល់ជូន អ្នកប្រើប្រាស់នូវទំហំផ្ទុកចំនួន 5 GB សម្រាប់ការប្រើប្រាស់ឥតគិតថ្លៃ និង គិតថ្លៃបន្ថែមប្រចាំខែ សម្រាប់ទំហំ៖

 

    - 100 GB តម្លៃ 2 ដុល្លារ

    - 1 TB តម្លៃ 7 ដុល្លារ 

    - 6 TB មានតម្លៃ 10 ដុល្លារ។ 

 

បន្ថែមពីនោះ សេវាកម្ម OneDrive ទទួលបានការពេញនិយមនៅលើប្រព័ន្ធប្រតិបត្តិការ Windows ដែលវាមានភ្ជាប់រួចជាស្រេចជាមួយកម្មវិធីការិយាល័យ Microsoft Office 365 សម្រាប់ការរក្សាទុកឯកសារនានានៅលើនោះ។ អ្វីដែលជាលក្ខណៈពិសេសរបស់សេវាកម្ម OneDrive នោះគឺវានឹងមិនរក្សាទុកនូវឯកសារដែលជាន់ជំនាន់ (Version) នោះទេ ដោយវានឹងធ្វើការលុបចោល បើមាន Files ជាន់គ្នាក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីបាន Upload ចូល។ បន្ថែមពីនោះ វាក៏មានបន្ថែមនូវមុខងារ “Recycle bin” សម្រាប់រក្សារទុកឯកសារដែលបានលុបចោលមិនអោយបាត់បង់ និង “Download as ZIP Files” ដែលអនុញ្ញាតអោយយើងអាចទាញយកឯកសារនានា ក្នុងលក្ខណៈជាឯកសារ Zip បានភ្លាមៗតែម្តង។ 

 

កម្មវិធី Skype

 

 

កម្មវិធីទូរគមនាគមន៍ដ៏ល្បីល្បាញ Skype អាចចាត់ទុកបានថា ជាសមទ្ធិតផលដ៏អស្ចារ្យមួយ ក្នុងចំណោមសមទ្ធិផលធំៗខាងលើ។ Skype ជាកម្មវិធីមួយ ដែលអនុញ្ញតអោយយើងធ្វើការសន្ទនា ជាលក្ខណៈវីដេអូ តាមរយៈបណ្តាញអនឡាញ ហើយវាពិតជាទទួលបានការគាំទ្រច្រើន នាពេលចេញដំបូងគេ ព្រោះតែ Skype នេះ អាចអោយមនុស្សទូទាំងពិភពលោកនិយាយឆ្លើយឆ្លងគ្នាបាន តាមតាមរយៈឧបករណ៍ ដែលដំណើរដោយប្រព័ន្ធប្រតិបិត្តការ Windows, macOS, Linux, Android, iOS, Windows Phone និង HoloLens ព្រមទាំង Xbox One ជាដើម។ ដោយមិនចាំបាច់ចំណាយថវិការច្រើន ដូចដែលយើងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនទូរសព្ទទូទៅនោះទេ។ Skype បានចាប់បើកដំណើរការជាលើកដំបូង នៅក្នុងថ្ងៃទី 29 ខែសីហា ឆ្នាំ2003 និងបង្កើតឡើង ដោយស្ថាបនិក 2 រូប រួមមានដូចជាលោក Niklas Zennstrom ជនជាតិស្វីស និងលោក Janus Friis ជាជនជាតិស៊ុយអែត។ នៅចុងឆ្នាំ 2010 ចំនួនអត្រានៃអ្នកប្រើប្រាស់ Skype ទូទាំងពិភពលោក ទទួលបានដល់ទៅ 660 លាននាក់ឯណោះ និងក្នុងចំណោមនោះប្រហែលជាង 300 លាននាក់បានបើកប្រើប្រាស់វាជាប្រចាំ នេះបើគិតត្រឹមខែសីហា ឆ្នាំ 2015។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានទិញយក Skype ក្នុងតម្លៃ 8.5 ពាន់លានដុល្លារ នៅក្នុងឆ្នាំ 2011។

 

តើប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីបានជ្រៀបបន្ថែមពីប្រវត្តិត្រួសៗ ក៏ដូចជាសមិទ្ធិផលល្បីៗដែលក្រុមហ៊ុ Microsoft សម្រេចបាននាពេលកន្លងមកនោះ? យើងឃើញថា ក្រុមហ៊ុននេះមិនត្រឹមតែបង្កើតបាននូវសមិទ្ធិផលដែលជាប្រយោជន៍ដល់ការរកចំណូលខ្លួនប៉ុណ្ណោះទេ តែអ្វីទាំងអស់ដែលពួកគេបានសាងឡើង បានរួមចំណែកយ៉ាងខ្លាំងទៅលើការផ្លាស់ប្តូរនូវប្រព័ន្ធបច្ចេកវិទ្យាលើពិភពលោក អោយរីកចម្រើនឡើងយ៉ាងខ្លាំង ថែមទៀតផង។ យ៉ាងណាមិញ ពួកយើងសង្ឃឹមថាអត្ថបទនេះ នឹងជាជំនួយបន្ថែមដល់អ្នកចង់យល់ដឹងពីបច្ចេកវិទ្យាទាំងឡាយ អោយទទួលបានការយល់ដឹងថ្មីផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ