CAMBO REPORT

Popup Advertising5 seconds

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ Cloud ​Gaming​?​ ហើយ​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ ចំនួនអ្នកលេងហ្គេម កាន់តែមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបុគ្គលមួយចំនួន ធ្វើការលេងហ្គេម តាមរយៈស្មាតហ្វូន របស់ពួកគាត់ រីឯអ្នកខ្លះទៀតលេងតាមរយៈ កុំព្យូទ័រ ក៏ដូចជាម៉ាស៊ីនហ្គេមជាដើម។ ដោយឃើញកំណើន នៃអ្នកលេងហ្គេមដូច្នេះហើយ ទើបធ្វើក្រុមហ៊ុនជាច្រើន មានគម្រោងក្នុងការ បញ្ចេញសេវាកម្មលេងហ្គេមលើពពក (Cloud Gaming) ដើម្បីឲ្យអ្នកនិយមលេងទាំងនោះ កាន់តែមានភាពងាយស្រួល ក៏ដូចជាកាន់តែ មានភាពទូលំទូលាយ បន្ថែមទៀត។ មកទល់ពេលនេះ ឃើញថា សេវាកកម្ម Cloud Gaming នេះ ត្រូវបានក្រុមហ៊ុនមួយចំនួន បានដាក់ឲ្យអ្នកលេងប្រើប្រាស់រួចហើយ ជាក់ស្ដែងដូចជា PlayStation Now ហើយក្រុមហ៊ុនខ្លះទៀត ក៏កំពុងតែអភិវឌ្ឍបន្ថែម ព្រមទាំងកំពុងតែស្ថិតនៅក្នុង ដំណាក់កាលសាកល្បង ពោលគឺរួមមានដូចជា GeForce Now, Google Stadia និងនៅមានក្រុមហ៊ុនមួយចំនួនទៀតផងដែរ។ ហេតុនេះហើយ តើ Cloud Gaming ជាអ្វី? ហើយវាមាននាទី អាចធ្វើអ្វីបានខ្លះ? បើចង់ដឹងបន្តនោះ អត្ថបទខាងក្រោមនេះ នឹងរៀបរាប់បង្ហាញដល់លោកអ្នក ឲ្យបានជ្រាប កាន់តែច្បាស់ជាងមុន។

 

 

Cloud Gaming គឺជាប្រព័ន្ធម៉ាស៊ីនមេ ដែលមានផ្ទុកនូវហ្គេមជាច្រើន សម្រាប់ចែកចាយទៅកាន់ អ្នកលេងទូទាំងពិភពលោក ដោយគ្រាន់តែប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណេតប៉ុណ្ណោះ ហើយម៉ាស៊ីនមេទាំងអស់នោះ នឹងដំណើរការហ្គេមឲ្យលេងតែម្ដង។ ហេតុនេះហើយ វាមិនបាច់តម្រូវឲ្យយើងលេង នៅលើឧបករណ៍ណាមួយ ដែលកម្លាំងម៉ាស៊ីនខ្លាំងឡើយ ប៉ុន្ដែប្រព័ន្ធអ៊ីនធើណេត ដែលបានតភ្ជាប់ ត្រូវដើររលូនខ្លាំងជានិច្ច។ បើនិយាយឲ្យងាយយល់ទៅ Cloud Gaming គឺចង់សំដៅទៅលើហ្គេមនានា ដែលរត់នៅក្នុងម៉ាស៊ីនមេតែម្ដង ហើយវាមិនពឹងផ្អែកទៅលើ កម្លាំងម៉ាស៊ីនរបស់ ឧបករណ៍អ្នកលេងនោះទេ ព្រមទាំងមិនចាំបាច់ ត្រូវការតម្លើងហ្គេមទាំងនោះ ថែមទៀតផង។ ចំពោះអត្ថប្រយោជន៍ ចម្បងជាងគេរបស់វាគឺ យើងអាចលេងហ្គេមក្រាហ្វិកធំៗ នៅលើឧបករណ៍ដែលមានកម្លាំងម៉ាស៊ីនទាបបាន ដោយក្រុមហ៊ុនមួយចំនួន កំពុងតែរៀបចំដាក់ឲ្យ លេងនៅលើកម្មវិធី Browser ផ្ទាល់តែម្ដង នាពេលខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Cloud Gaming នៅមិនទាន់ល្អឥតខ្ចោះនោះទេ ទៅតាមតំបន់ណាមួយ ដែលមានអ៊ីនធើណេតខ្សោយ នឹងមិនអាចដំណើរការបានរលូន ពីព្រោះដើម្បីទាញយកទិន្នន័យ ចេញពីម៉ាស៊ីនមេទាំងនោះ។ ហាក់បីដូចជា សេវាកម្មស្គី្រមខ្សែភាពយន្ដ Netflix ឬ HBO អញ្ចឹងដែរ ដោយក្រុមហ៊ុនចែកចាយ Cloud Gaming ក៏ទាមទារឲ្យបង់ថ្លៃសេវាកម្ម ជាប្រចាំខែដូចគ្នា ដូច្នេះយើងមិនអាចធ្វើការលេង ដោយឥតគិតថ្លៃបានឡើយ។

 

 

សរុបមក Cloud Gaming គឺជាប្រភពហ្គេម ដែលអាចអនុញ្ញាតឲ្យ ឧបករណ៍ទាំងអស់ លេងបានដោយគ្មានបញ្ហា មិនថាជា, ស្មាតហ្វូន, ថេប្លេត, កុំព្យូទ័រ ឬមួយក៏ជាម៉ាស៊ីនហ្គេមនោះទេ ហើយកាន់តែពិសេសទៅទៀត វាអាចឲ្យយើង ចូលទៅលេងបាន ដោយមិនទាមទារ ឲ្យឧបករណ៍នោះ មានកម្លាំងម៉ាស៊ីនខ្លាំងពេកឡើយ និយាយឲ្យចំទៅ ត្រឹមសមត្ថភាពល្មមៗ ក៏អាចលេងហ្គេម ដែលមានក្រាហ្វិកកំពូលៗ នៅក្នុង Cloud Gaming នេះបានដែរ។ ប៉ុន្តែក៏សូមបញ្ជាក់ផងដែរថា វាពិតជាត្រូវការល្បឿនអ៊ីនធើណេតលឿនខ្លាំង ទើបអាចដំណើការ បានរលូនល្អ ហើយនេះក៏ជាសេវាកម្មដែល ក្រុមហ៊ុនផលិតនីមួយៗ នឹងគិតជាចំនួនទឹកប្រាក់ប្រចាំខែ សម្រាប់អ្នកដែលបាន ចុះឈ្មោះចូលរួមលេង ដូច្នេះវាមិនមែនដាក់ឲ្យលេង ដោយមិនគិតប្រាក់ពីអ្នកឡើយ។ បន្ទាប់ពីបានអានអត្ថបទនេះ យើងសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា នឹងលែងមានចម្ងល់ ទាក់ទងជាមួយ Cloud Gaming នេះតទៅទៀត ហើយនៅក្នុងពេលខាងមុខ វត្តមានរបស់សេវាកម្មមួយនេះ នឹងកាន់តែមានភាពទូលំទូលាយ ជាងពេលនេះ ព្រោះថាបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើន កំពុងតែបន្តអភិវឌ្ឍន៍ទៅលើវិស័យនេះ មិនឈប់នោះទេ ជាពិសេសគឺសេវាកម្ម Stadia ពីព្រោះ Google បានប្រកាសថា វានឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះ។ អញ្ចឹងហើយ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសេវាកម្មលេងហ្គេម ដែលបានធ្វើការរៀបរាប់ខាងលើនេះ? សូមបញ្ចេញយោបល់របស់អ្នក ឲ្យពួកយើងបានដឹងផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ