CAMBO REPORT

Popup Advertising5 seconds

ប្រទះឃើញរូបរាងរបស់ MacBook Pro 16 អ៊ីញ នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ macOS Catalina ជំនាន់​សាក​ល្បង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា ចូលមកដល់ដើមឆ្នាំ 2019 ភ្លាមយើងក៏ចាប់ផ្តើមទទួលបានព័ត៌មានដែលចុះផ្សាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់កុំព្យូទ័រយួរដៃ MacBook Pro ដែលមានអេក្រង់ទំហំ 16 អ៊ីញ ហើយបើគិតមកដល់ពេលនេះ យើងនៅតែបន្តទទួលបានដំណឹង ដែលនិយាយពីវាជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីដើមតុលានេះ យើងក៏ទទួលបានព័ត៌មានមួយ ដែលបានចុះផ្សាយថា MacBook Pro 16 អ៊ីញ នឹងភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿន មានកម្លាំងរហូតដល់ទៅ 96W ឯណោះ។

 

 

ជុំវិញរឿងរ៉ាវ MacBook Pro 16 អ៊ីញនេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយទៀត ដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមរូបភាពមួយសន្លឹក ដែលបានបង្ហោះដោយគេហទំព័រ របស់បារាំងមួយដែលមានឈ្មោះថា MacGeneration ធ្វើឲ្យយើងដឹងអំពីរូបរាង របស់កុំព្យូទ័រយួរដៃជំនាន់ថ្មី ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខនេះ។ តាមរយៈរូបភាពនេះ យើងសង្កេតឃើញថា MacBook Pro 16 អ៊ីញមានគែមអេក្រង់ខ្លីជាង MacBook Pro 15 អ៊ីញបន្តិច ព្រមទាំងចន្លោះដែលស្ថិតនៅជុំវិញ Speaker មានទំហំរាងធំជាងម៉ូឌែល 15 អ៊ីញផងដែរ។ ប្រភពបន្តទៀតថា រូបភាពនេះត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ macOS 10.15.1 ជំនាន់សាកល្បង។ គួររំលឹកផងថា បើយោងទៅតាមព័ត៌មាន ដែលបានចុះផ្សាយ កាលពីពេលកន្លង MacBook Pro 16 អ៊ីញ ត្រូវបានរចនាឡើង ដោយក្រុមការងារតែមួយ ជាមួយក្រុមដែលកំពុងតែរចនា Mac Pro ដែលត្រៀម នឹងបង្ហាញខ្លួនខាងមុខនេះផងដែរ។ 

 

 

អញ្ចឹងទាំងអស់នេះ គឺជាលក្ខណៈមួយចំនួនរបស់កុំព្យូទ័រយួរដៃ ជំនាន់ចុងក្រោយគេបង្អស់របស់ Apple ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខនេះ។ គួរបញ្ជាក់ផងថា MacBook Pro 16 អ៊ីញ ត្រូវបានអ្នកវិភាគជាច្រើនរំពឹងថា វានឹងបំពាក់មកជាមួយ CPU របស់ក្រុមហ៊ុន Intel ដែលបង្កើតឡើង ដោយផ្អែកលើកំណែអាប់ដេត របស់ស្ថាបត្យកម្ម Coffee Lake-H។ មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងប្រើប្រាស់ក្តារចុចជំនាន់ថ្មី (scissor-switch mechanism) ចំពោះតម្លៃវិញ វាត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃចាប់ពី 3,000 ដុល្លារឡើងទៅ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាយើងក៏មិនទាន់អាចប្រាកដ 100% បានទេថាកុំព្យូទ័រយួរដៃ MacBook Pro ជំនាន់ថ្មីរបស់ Apple នេះនឹងមានអេក្រង់ទំហំ 16 អ៊ីញគត់នោះទេ ព្រោះថាកាលពីពេលកន្លង គេក៏ធ្លាប់រកឃើញរូបភាព និងទំហំអេក្រង់របស់ MacBook Pro តាមរយៈប្រព័ន្ធប្រតិបត្តិការ macOS ផងដែរ ប៉ុន្តែវាមានការប្រែប្រួលទំហំអេក្រង់ បន្តិចបន្តួចនៅពេល ដែលវាបានចេញជាផ្លូវការ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: កុំព្យូទ័រ