CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​របៀប​​ទី 3 ក្នុង​ការ​តម្លើង​សេវាកម្ម Google លើ Mate 30 Series

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Huawei បានធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល ជំនាន់ក្រោយរបស់ខ្លួន ដែលរួមមានដូចជា Mate 30 និង Mate 30 Pro នៅលើទីផ្សារប្រទេសចិន ដែលអាចទទួលបាន ជោគជ័យខ្លាំងនៅទីនោះ ប៉ុន្ដែនៅពេលចូលមកដល់ ទីផ្សារអន្ដរជាតិ គឺដូចជាគ្មានការចាប់អារម្មណ៍ ពីមនុស្សទូទៅច្រើននោះទេ។ បើទោះបីជាមាន លក្ខណៈសម្បត្តិខ្លាំង យ៉ាងណាក៏ដោយ នៅពេលដែលគ្មានកម្មវិធី និងសេវាកម្មផ្លូវការពី Google គឺជាចំណុចដ៏សំខាន់មួយ ធ្វើអោយយើង ដាក់ចិត្តស្រឡាញ់មិនបាន។ បន្ទាប់ពីរបៀបតម្លើង Google Play Store តាមលក្ខណៈក្រៅផ្លូវការ ត្រូវបានបិទលែងឲ្យទាញយក មកតម្លើងតទៅទៀត ដោយមកដល់ពេលឥឡូវនេះ របៀបតម្លើងថ្មីមួយទៀត ក៏បានបង្ហាញមុខមកហើយ។

 

 

កាលពីប៉ុន្មានសប្ដាហ៍មកនេះ យើងប្រទះឃើញមាន របៀបតម្លើងចំនួនពីរ ដែលអាចធ្វើការបញ្ចូល សេវាកម្មរបស់ Google ទៅឲ្យប្រើប្រាស់លើ Mate 30 Series បាន ហើយរបៀបតម្លើងដំបូងបង្អស់នេះ គឺបានមកពីកម្មវិធីឈ្មោះថា LZPlay ដោយឡែក ក្រោយពីទទួលបាន ដំណឹងបញ្ជាក់ប្រាប់ថា វាបានលួចឆែកទិន្នន័យ ពីអ្នកប្រើប្រាស់បានតម្លើងរួច ដូច្នេះក៏ត្រូវបានដកចេញ លែងឲ្យទាញយកតទៅទៀត។ ហេតុដូច្នេះហើយ ទើបរបៀបតម្លើងលើកទីពីរ ក៏បានលេចឡើងមក ដោយតាមរយៈការបញ្ចូល កម្មវិធីនិងសេវាកម្មរបស់ Google ចេញពីស្មាតហ្វូន Mate 30 Series ដទៃៗទៀត ដែលបានតម្លើងកម្មវិធី LZPlay រួចជាស្រេចមកហើយ មុននឹងត្រូវបានលុបចេញ។ យ៉ាងណាក៏ដោយ ការធ្វើបានវិធីបែបនេះ គឺកាន់តែគ្រោះថ្នាក់បន្ថែមទៀត ដោយយើងមិនអាចដឹងថា វាមានប្រភពមកពីណា ឲ្យច្បាស់លាស់នោះទេ និងមានលក្ខណៈលំបាក តម្លើងជាងមុនទៅទៀត។

 

ចំណែកឯរបៀបតម្លើងទី 3 ចុងក្រោយថ្មីមួយនេះ គឺជឿជាក់ថានឹងមាន សុវត្ថិភាពជាងលើកមុនៗ ដោយតម្រូវឲ្យប្រើប្រាស់កម្មវិធី VMOS (Virtual Machine Operating System) អាចទាញយកបាននៅលើ Play Store ដោយចុចត្រង់នេះ ហើយមុខងាររបស់វា ដូចសរសេរបញ្ជាក់ នៅលើឈ្មោះអញ្ចឹង ដែលមានសមត្ថភាពបង្កើត ម៉ាស៊ីនសិប្បនិម្មិតផ្សេងមួយទៀត។ ចាប់ពីពេលនេះតទៅ ម្ចាស់ស្មាតហ្វូនម៉ូឌែល Mate 30 Series ទាំងឡាយ នឹងអាចប្រើប្រាស់កម្មវិធី ហើយសេវាកម្មរបស់ Google តាមរយៈម៉ាស៊ីន Android សិប្បនិម្មិតថ្មីមួយ ដែលមិនប៉ះពាល់ដល់ ប្រព័ន្ធប្រតិបត្តិការ Android ដើមនោះឡើយ។ តាមរយៈបទពិសោធន៍ នៃការប្រើប្រាស់កម្មវិធី VMOS នេះ គឺបានរាយការណ៍មកថា អាចដំណើរការកម្មវិធីរបស់ Google បានទាំងអស់ទៅហើយ លើកលែងតែកម្មវិធី Netflix និង Google Pay ប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលដាក់បង្ហាញអំពីកម្មវិធី VMOS ថ្មីនេះ ៖

 

 

ស្របនឹងពេលនេះដែរ គួរតែបញ្ជាក់ឲ្យដឹងថា វានឹងងាយស្រួលដូចជា Google ផ្ដល់ឲ្យធ្វើការប្រើប្រាស់ ជាលក្ខណៈផ្លូវការនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ នាពេលឥឡូវនេះ ម្ចាស់នៃស្មាតហ្វូន Mate 30 Series អាចសាកល្បងទាញយក វាមកប្រើប្រាស់បានហើយ។ លើសពីនេះទៅទៀត ចំពោះប្រិយមិត្តអ្នកអាន ដែលធ្លាប់តម្លើងម៉ាស៊ីន macOS ឬ Linux សិប្បនិម្មិតនៅលើកុំព្យូទ័រ PC កាលពីពេលមុនៗមក ប្រាកដជាយល់ដឹងច្បាស់ អំពីកម្មវិធី VMOS នេះជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ