CAMBO REPORT

Popup Advertising5 seconds

Redmi បង្ហើប​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​បន្ទះ​ឈីប AMD Ryzen ដែល​ត្រូវ​បំពាក់​នៅ​លើ RedmiBook 14

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Redmi បានធ្វើការប្រកាសចេញជាផ្លូវការនូវកុំព្យូទ័រយួរដៃ RedmiBook 14 របស់ខ្លួន ដែលប្រើប្រាស់បន្ទះឈីបជំនាន់ទី 10 របស់ក្រុមហ៊ុន Intel។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Redmi បានធ្វើការចុះកិច្ចព្រមព្រៀងក្នុងការធ្វើជំនួញជាមួយក្រុមហ៊ុន AMD បន្ថែមទៀត។ បន្ទាប់ពីក្រុមហ៊ុនទាំង 2 បានចុះកិច្ចព្រមព្រៀងគ្នារួចមក ក៏មានព័ត៌មានរាយការណ៍មកថា ក្រុមហ៊ុន Redmi នឹងប្រកាសចេញកុំព្យូទ័រយួរដៃរបស់ខ្លួនដំបូងគេបង្អស់ ដែលប្រើប្រាស់បន្ទះឈីប របស់ក្រុមហ៊ុន AMD នាពេលខាងមុខនេះ។ 

 

 

ជុំវិញ រឿងកុំព្យូទ័រយួរដៃរបស់ Redmi នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយទៀតដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាម Poster ផ្លូវការ និងការបញ្ជាក់របស់ក្រុមហ៊ុន Redmi តាមរយៈបណ្តាញសង្គម Weibo បានធ្វើឲ្យយើងដឹងថាពួកគេនឹងប្រកាសចេញកុំព្យូទ័រយួរដៃ RedmiBook 14 ដែលប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន AMD ជាផ្លូវការនៅថ្ងៃទី 21 ខែតុលា ខាងមុខតែម្តង។ ប្រភពបន្តថា RedmiBook 14 នឹងបំពាក់មកជាមួយបន្ទះឈីប AMD Ryzen 5 3500U ភ្ជាប់ជាមួយក្រាហ្វិកកាត Radeon Vega 8 ចំណែកឯម៉ូឌែលកំពូលនឹងប្រើប្រាស់បន្ទះឈីប AMD Ryzen 7 3700U ភ្ជាប់មកជាមួយ APU (Accelerated Processing Units) Zen+ អមមកជាមួយក្រាហ្វិកកាត Radeon RX Vega 10។ គួរបញ្ជាក់ផងថា បន្ទះឈីបនេះមានទំហំ 12nm ដែលមាន CPU ចំនួន 4 Cores និង 8 Threads។

 

 

អញ្ចឹងទាំងអស់នេះ គឺជាព័ត៌មានលម្អិតរបស់បន្ទះឈីប AMD Ryzen ដែលត្រូវបំពាក់នៅលើ RedmiBook 14 ចំណែកឯមុខងារពិសេសៗដទៃទៀត ក្រុមហ៊ុន Redmi មិនបានបញ្ជាក់នោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានលក្ខណៈសម្បត្តិដូចទៅនឹង RedmiBook 14 ដែលបានប្រកាសចេញកាលពីចុងខែសីហាកន្លងទៅ។ គួររំលឹកផងថា RedmiBook 14 ដែលប្រើប្រាស់បន្ទះឈីបជំនាន់ទី 10 របស់ក្រុមហ៊ុន Intel បំពាក់មកជាមួយអេក្រង់ដែលមានទំហំ 14 អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD ព្រមទាំងមានតួខ្លួនស្ដើង និងមានគែមព័ទ្ធជុំវិញខ្លីជាងមុន ស្រស់ស្អាតមិនចាញ់ MacBook របស់ Apple ប៉ុន្មានឡើយ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី 559 ឡើងទៅ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: កុំព្យូទ័រ