CAMBO REPORT

Popup Advertising5 seconds

សេវាកម្ម​ហ្គេម Stadia Cloud Gaming របស់ Google នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 19 ខែវិច្ឆិកា​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ វិស័យហ្គេមកាន់តែរីកចម្រើនទៅមុខ ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ របៀបនៃការលេងហ្គេមក៏កាន់តែសម្បូរបែបជាងមុន ក្នុងនោះរួមមានដូចជា ការលេងហ្គេមតាមរយៈ ម៉ាស៊ីនហ្គេមរបស់ Sony ឬ Microsoft, PC, ស្មាតហ្វូន, ថេប្លេត និងសេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេតជាដើម។ ឃើញដូច្នេះហើយ ទើបមានក្រុមហ៊ុនល្បីឈ្មោះជាច្រើន បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យនេះដែរ។

 

 

បើនិយាយពី សេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត ថ្ងៃនេះយើងក៏ទើបទទួលបានព័ត៌មានមួយដែលនិយាយ ទាក់ទងទៅនឹងសេវាកម្មនេះផងដែរ។ បើយោងទៅតាមការប្រកាសរបស់ក្រុមហ៊ុន Google នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួន កាលពីយប់មិញនេះ បានបញ្ជាក់ប្រាប់ថាសេវាកម្ម Stadia Cloud Gaming នឹងចេញជាផ្លូវការ នៅថ្ងៃទី 19 ខែវិច្ឆិកា ខាងមុខនេះ។ Stadia Cloud Gaming គឺជាសេវាកម្មបង់លុយប្រចាំខែ (9.99 ដុល្លារ ក្នុង 1 ខែ) ដែលអនុញ្ញតឲ្យយើងអាចធ្វើការតភ្ជាប់កុំព្យូទ័រ, ស្មាតហ្វូន, ថេប្លេត, Smart TV ឬឧបករណ៍ Chromecast របស់យើង ទៅកាន់ម៉ាស៊ីនហ្គេមដែលមានកម្លាំងខ្លាំងរបស់ Google តាមរយៈប្រព័ន្ធអ៊ីនធើណេត ដើម្បីអាចធ្វើការលេងហ្គេមដែលមានក្រាហ្វិកបែប 3D ធំៗ និងស្រស់ស្អាត (4K/60fps HDR) ដូចទៅនឹងហ្គេមដែលមានលេងនៅលើម៉ាស៊ីនហ្គេម PS4 Pro, Xbox One X ឬ PC ដែលមានបន្ទះក្រាហ្វិកកាតដែលមានតម្លៃថ្លៃ អញ្ចឹងដែរ។ គួរបញ្ជាក់ផងថា សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូន, ថេប្លេត, Smart TV ដើម្បីអាចធ្វើការលេងហ្គេមដែលមាននៅលើសេវាកម្មនេះបាន វាតម្រូវឲ្យយើងទិញដៃបញ្ជារបស់ Google ដែលមានឈ្មោះថា Stadia Controller បន្ថែមទៀត ហើយវាមានតម្លៃ 69 ដុល្លារ។

 

 

គួររំលឹកផងដែរថា សេវាកម្ម Stadia Cloud Gaming ត្រូវបានក្រុមហ៊ុន Google ប្រកាសចេញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ E3 2019 ដែលធ្វើឡើងការពីខែ កញ្ញាកន្លងទៅ។ ចំពោះជំហ៊ានដំបូង Google បញ្ចេញសេវាកម្មនេះនៅក្នុងប្រទេសចំនួន 14 ក្នុងនោះរាប់បញ្ចូលទាំង សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, កាណាដា, អៀរឡង់, បារាំង, អ៊ីតាលី, អេស្ប៉ាញ និង ហូឡង់។ ចំណែកឯ ហ្គេមដែលបើកឲ្យលេងនៅថ្ងៃដែលវាចេញជាផ្លូវការ រួមមានដូចជា Baldur's Gate, Ghost Recon: Breakpoint, Gylt, Tom Clancy's The Division 2, Doom Eternal, Wolfenstein: Youngblood, Borderlands 3, Mortal Kombat 11, Assassin's Creed Odyssey និង Just Dance ជាដើម។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម