CAMBO REPORT

Popup Advertising5 seconds

Pixel​ Buds​ ជំនាន់​ថ្មី​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ជាមួយ​តម្លៃ​ខ្ទង់​ 179​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីយប់ម្សិលមិញនេះ គឺជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយ Google នៅក្នុងនោះ មានផលិតផលជំនាន់ថ្មីជាច្រើន ដែលត្រូវបាន Google ដាក់បង្ហាញ នៅលើឆាក ជាពិសេសនោះ វត្តមានស្មាតហ្វូន Pixel 4 តែម្ដង ដែលលោកអ្នកក៏បានជ្រាបរួចមកហើយ។ ដោយឡែក យើងឃើញថា កាសឥតខ្សែជំនាន់ថ្មី Pixel Buds ក៏បានបង្ហាញខ្លួនមកដូចគ្នាដែរ ព្រមទាំងបំពាក់មកជាមួយមុខងារពិសេសៗ នឹងមានតម្លៃថ្លៃគួរសមផងដែរ។

 

 

បើតាមការបង្ហាញរបស់ Google កាលពីម្សិលមិញ បានឲ្យដឹងថា កាសឥតខ្សែជំនាន់ថ្មី ដែលមានឈ្មោះថា Pixel Buds 2 ត្រូវបានរចនាឡើងជាមួយ រូបរាងមូល មានគែមកោងប្លែកពីគេ កាន់តែពិសេសនោះ វាហាក់ដូចជាស្និទ្ធ ជាមួយត្រចៀក នៅពេលដែលអ្នកប្រើប្រាស់ បានពាក់វាទៀតផង។ នៅក្នុងនោះដែរ Google បានបញ្ជាក់ថា កាសមួយនេះ វាមានសមត្ថភាព អាចភ្ជាប់ទៅកាន់ទូរសព្ទ បានចម្ងាយឆ្ងាយ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់នោះឡើយ ពោលគ្រាន់តែប្រាប់ថា វានៅតែអាចភ្ជាប់បាន បើទោះជាស្ថិតនៅ 3 បន្ទប់ដាច់ពីគ្នា ពីទូរសព្ទក៏ដោយ។ កាសខាងលើនេះ វាអាចភ្ជាប់បាន ជាមួយស្មាតហ្វូន Android ទាំងឡាយណា ដែលប្រើប្រាស់ចាបពី Android 6 ឡើងទៅ ព្រមទាំងអាចភ្ជាប់តាម Bluetooth 4.0 ឡើងទៅ ជាមួយ laptop, ថេប្លេត និងឧបករណ៍ ដែលដំណើរការដោយ iOS ផងដែរ។ 

 

 

គួរបញ្ជាក់ដែរថា Pixel Buds ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើង ដោយយកចិត្តទុកដាក់ ទៅលើផាសុកភាព នៅពេលដែលពាក់វា នៅក្នុងត្រចៀក និយាយឲ្យចំទៅ Google បានអះអាងថា ពួកគេបានស្កេននូវ ប្រភេទត្រជៀកមនុស្សជាង 1,000 នាក់ ដើម្បីរចនាចេញជារូបរាង របស់កាសឥតខ្សែនេះ ដើម្បីធានាថា នៅពេលដែលផលិតចេញមក គឺមានអ្នកប្រើប្រាស់ភាគច្រើន ដែលពេញចិត្តជាមួយរចនាបថរបស់វា។ លើសពីនេះ វាក៏មានមុខងារប៉ះបញ្ជា ដើម្បី Play, Pause និងកែតម្រូវកម្រិតសំលេង រីឯថាមពលថ្មរបស់វា អាចកាន់បានដល់ 5 ម៉ោងក្នុងការសាកម្ដង ហើយអាចប្រើប្រាស់ 24 ម៉ោងសម្រាប់ថាមពលថ្ម នៅលើប្រអប់អញ្ចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើឡើង ជាមួយការដោះស្រាយបញ្ហាសម្លេង បានយ៉ាងប្រសើរ នៅក្នុងពេល Call ឬស្ដាប់តន្ត្រី ហើយវាក៏អាចធ្វើការតម្លើង ឬបន្ថយសម្លេងដោយស្វ័យប្រវត្តិ ទៅតាមអ្វីដែលនៅជុំវិញខ្លួនយើងទៀតផង។ ចុងក្រោយជាមុខងារសំខាន់ ដែលឧបករណ៍របស់ Google ទាំងអស់មិនអាចខ្វះបាននោះគឺ Google Assistant ដែលលោកអ្នកអាចធ្វើការ បញ្ជារហៅវាបាន ដោយមិនបាច់ កាន់ទូរសព្ទនោះទេ និយាយឲ្យចំទៅ អ្នកប្រើប្រាស់គ្រាន់តែ និយាយពាក្យ “Hey Google” ដូចធម្មតា និងប្រាប់ពីអ្វីដែលអ្នកចង់បញ្ជារវា នោះវានឹងបង្ហាញដល់អ្នក នៅអ្វីដែលអ្នកត្រូវការ។

 

 

 

សរុបមកវិញ កាសជំនាន់ថ្មីរបស់ Google បានភ្ជាប់មកជាមួយ ចំណុចពិសេសៗច្រើនគួរសម ព្រមទាំងមានការរចនារូបរាង ស្រស់ស្អាតប្លែកពីកាសឥតខ្សែ របស់ក្រុមហ៊ុនដទៃ លើសពីនេះទៅទៀតនោះ វាក៏មានអាវក្រោះការពារទឹក ក្នុងកម្រិតខ្ពស់ផងដែរ។ Pixel Buds ខាងលើនេះ បានភ្ជាប់មកជាមួយ ជម្រើស 4 ពណ៌ដូចជា Clearly white, oh so orange (ទឹកក្រូចដិត), quite mint (បៃតងស្រាល), និងចុងក្រោយគឺ almost black។ ជាមួយលក្ខណៈសម្បត្តិដូចបានរៀបរាប់នេះ វាត្រូវបាន Google ដាក់លក់នៅក្នុងតម្លៃខ្ទង់ 179 ដុល្លារ ព្រមទាំងមាននៅលើទីផ្សារ នៅដើមឆ្នាំ 2020 ខាងមុខនេះ។ ដូច្នេះហើយ សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចពិចារណាមើលបាន ទៅលើកាសខាងលើ ដោយសារវាមានមុខងារសំខាន់ៗច្រើនគួរសម ប៉ុន្តែមិនមាន noise cancelling នោះទេ ខណៈកាសក្រុមហ៊ុនផ្សេងទៀត ដែលមានមុខងារនេះ ក៏ត្រូវបានដាក់លក់ នៅក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។ តើប្រិយមិត្តមានចំណាប់អារម្មណ៍ បែបណាដែរ ជាមួយកាសឥតខ្សែងខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ