CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​បន្ថែម​អំពី​បន្ទះអេក្រង់ LCD និង AMOLED ដែល​បំពាក់​នៅ​លើ​ឧបករណ៍​សព្វថ្ងៃនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា ទូទាំងពិភពលោក បានជ្រើសរើសយក បន្ទះអេក្រង់ចំនួន 2 ប្រភេទ មកបំពាក់នៅលើ ឧបករណ៍របស់ខ្លួន ដែលរួមមានដូចជា AMOLED និង LCD ផងដែរ។ យើងសង្កេតឃើញថា បន្ទះអេក្រង់ AMOLED ត្រូវបានក្រុមហ៊ុនជាច្រើន យកទៅប្រើប្រាស់នៅលើ ឧបករណ៍លំដាប់កំពូលដូចជា ស្មាតហ្វូន ថេប្លេត និងផ្សេងៗទៀត ហើយចំណែកឯ ឧបរកណ៍លំដាប់មធ្យម និងលំដាប់បង្គួរវិញ ភាគច្រើនគឺបានបំពាក់ត្រឹម បន្ទះអេក្រង់ LCD ប៉ុណ្ណោះ។ អញ្ចឹងហើយ តើបន្ទះអេក្រង់ AMOLED និង LCD មានលក្ខណៈខុសគ្នា យ៉ាងម៉េចខ្លះ? បានជាធ្វើឲ្យក្រុមហ៊ុនទាំងនោះ សម្រេចចិត្តបែងចែក ទីផ្សាររបស់វាយ៉ាងដូច្នេះ? បើចង់ដឹងកាន់តែច្បាស់នោះ យើងនឹងធ្វើការរៀបរាប់ ពីចំណុចសំខាន់ៗមួយចំនួន ក៏ដូចជាគុណវិបត្តិ រវាងបន្ទះអេក្រង់ទាំងពីរប្រភេទនេះ ឲ្យប្រិយមិត្តទាំងអស់បានជ្រាប តាមរយៈអត្ថបទខាងក្រោម។

 

 

បន្ទះអេក្រង់ IPS LCD

 

ដំបូងយើងមកស្គាល់អំពី បន្ទះបង្ហាញ IPS LCD រឺហៅកាត់ថា LCD ជាមុនសិន ដោយវាមានឈ្មោះពេញលេញថា In-Plane Switching Liquid Crystal Display។ ជាក់ស្ដែងបន្ទះបង្ហាញ IPS LCD វាត្រូវបានធ្វើឲ្យប្រសើរឡើងពី (TFT) LCD ដូចគ្នាទៅនឹងបន្ទះបង្ហាញ Super AMOLED ដែលត្រូវបានធ្វើការ Upgrade ពីលើ AMOLED ធម្មតាអញ្ចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនប្រាកដជា បានដឹងច្បាស់ណាស់ថា ក្រុមហ៊ុនមួយចំនួន ជ្រើសរើសបន្ទះបង្ហាញប្រភេទនេះ នៅលើឧបករណ៍របស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សូម្បីតែមកដល់ពេលបច្ចុប្បន្ននេះ។ កត្តាដែលនាំឲ្យ ក្រុមហ៊ុនទាំងអស់នោះ នៅតែបន្តប្រើប្រាស់បន្ទះបង្ហាញ LCD នេះ ដោយសារតែវាមានតម្លៃថោកក្នុងការផលិត ចំណេញថវិកាច្រើន និងដើម្បីកាត់បន្ថយតម្លៃលើផលិតផលរបស់ខ្លួន ឲ្យនៅទាប ជាដើម។ មួយវិញទៀត បន្ទះបង្ហាញ LCD វាមិនងាយនឹងឆាប់ឆេះអេក្រង់ដូចទៅនឹង ពពួកអេក្រង់ AMOLED ឡើយ និងវាមានពន្លឺភ្លឺខ្លាំង ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អេក្រង់ LCD ក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជាបង្ហាញពណ៌មិនសូវបានច្បាស់, មិនទាន់អាចប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃពីក្រោមអេក្រង់បាន, ស៊ីថាមពលថ្មច្រើន និងវាមានកម្រិត Response time យឺត និងមានលល្បឿន Refresh rate ទាបជាដើម។

 

 

បន្ទះអេក្រង់ AMOLED

 

វាមានលក្ខណៈខុសគ្នាដាច់ពីបន្ទះអេក្រង់ LCD ដោយបន្ទះប្រភេទ AMOLED (Active-Matrix Organic Light-Emitting Diode) បញ្ចេញពន្លឺតាមរយៈ គ្រាប់ភិចសែលនីមួយៗតែម្ដង ដូច្នេះហើយវាមានសមត្ថភាព បែងចែកពណ៌បានដឹតច្បាស់ល្អ ត្រជាក់ភ្នែកដូចជាធម្មជាតិជាងបន្ទះ LCD ស្ទើរគ្រប់ស្ថានភាពទាំងអស់។ ម្យ៉ាងវិញទៀតនោះគឺថា បន្ទះអេក្រង់ AMOLED ប្រើប្រាស់ថាមពលតិចជាង បន្ទះអេក្រង់ LCD ពីព្រោះតែវាមិនចាំបាច់ ត្រូវការបើកគ្រាប់ភិចសែល ទាំងអស់នោះទេ ដោយកន្លែងណាមានពណ៌ខ្មៅ វានឹងបិទភិចសែល ដោយស្វ័យប្រវត្តិ ហើយមិនចំណាយថាមពលឡើយ ព្រមទាំងមើលឃើញខ្មៅដឹតល្អ ថែមទៀតផង។ ចំណែកឯផ្នែកអត្ថប្រយោជន៍ នៃបន្ទះអេក្រង់ប្រភេទ AMOLED មួយទៀត គឺវាមានកម្រាស់ស្ដែងបំផុត ហើយអាចបត់បែនបាន ដើម្បីទុកផលិតចេញជា ស្មាតហ្វូនអេក្រង់កោង ឬ ស្មាតហ្វូនអេក្រង់បត់ ឬ បំពាក់សេនស័រស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ដែលបន្ទះបង្ហាញប្រភេទ LCD មិនអាចធ្វើបាននោះទេ។ យ៉ាងណាក៏ដោយ ចំពោះចំណុចអវិជ្ជាមានដ៏ចម្បងមួយ នៃបន្ទះអេក្រង់ប្រភេទ AMOLED គឺវាអាចបង្កជាបញ្ហាឆេះអេក្រង់ បន្ទាប់ពីប្រើប្រាស់រយៈពេល 3 ទៅ 4 ឆ្នាំក្រោយមក ដូច្នេះតម្រូវឲ្យយើងចំណាយថវិកា ដើម្បីផ្លាស់ប្ដូរបន្ទះអេក្រង់ថ្មី។

 

 

បើតាមការរៀបរាប់នីមួយៗខាងលើនេះ ប្រាកដណាស់ថា បន្ទះអេក្រង់ AMOLED វាមានសមត្ថភាពល្អប្រសើរជាង បន្ទះអេក្រង់ LCD ទាំងការបង្ហាញរូបភាពបានច្បាស់ជាង ជាពិសេសវាមានពណ៌ខ្មៅដិតខ្លាំងជាង អាចធ្វើការបត់ ឬមួយក៏ប្រើទៅជាអេក្រង់កោងបាន ក៏ដូចជាប្រើប្រាស់ថាមពលតិចជាង LCD ផងដែរ។ ខណៈពេលដែលបន្ទះបង្ហាញ LCD ក៏មិនប្រាកដថា មានសមត្ថភាពខ្សោយ ទាំងអស់នោះដែរ ជាក់ស្ដែងក្រុមហ៊ុនមួយចំនួន បានកែច្នៃបន្ទះអេក្រង់ប្រភេទនេះ ឲ្យក្លាយទៅជា អេក្រង់មួយ ដែលអាចបង្ហាញរូបភាពបានច្បាស់ មិនចាញ់ AMOLED ប៉ុន្មាននោះទេ ប៉ុន្តែវានៅតែ មិនអាចបត់កោងដូច AMOLED បានឡើយ។

 

 

សរុបរួមមកវិញ ទាំងនេះជាចំណុចមួយចំនួន ដែលយើងបានធ្វើការ រៀបរាប់ទាក់ទងទៅនឹង បន្ទះអេក្រង់ AMOLED និង LCD ហើយចំពោះការរៀបរាប់ វែកញែកខាងលើនេះ សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា នឹងជ្រាបកាន់តែច្បាស់ ថែមមួយកម្រិតទៀត ក៏ដូចជាអាចឲ្យប្រិយមិត្តធ្វើការ សម្រេចចិត្តបានត្រឹមត្រូវ ក្នុងការទិញយកឧបករណ៍ ទាំងឡាយណា ដែលបំពាក់ជាមួយអេក្រង់ទាំងពីរនេះ ទៅតាមចំណង់ចំណូលផ្ទាល់ខ្លួនផងដែរ។ មួយវិញទៀត ក៏សូមបញ្ជាក់ថា ការរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាចំណុចមួយចំនួន ដែលយើងនិយាយទៅតាម បទពិសោធន៍ ការប្រើប្រាស់ជាក់ស្ដែង ពីសំណាក់អ្នកប្រើប្រាស់ផ្សេងៗ ដូច្នេះវាអាចនឹងមិនលម្អិត ប៉ុន្មាននោះឡើយ ហើយជួនកាលប្រិយមិត្តទាំងអស់គ្នា អាចនឹងរកឃើញ ចំណុចខុសគ្នារបស់បន្ទះអេក្រង់ទាំងពីរនេះ ក្រៅពីអ្វីដែលយើង បានធ្វើការរៀបរាប់នៅខាងលើនេះ ក៏អាចថាបាន។ អញ្ចឹងហើយ សូមបញ្ចេញមតិយោបល់ ដែលលោកអ្នកបានដឹង នៅខាងក្រោមនេះ ដើម្បីឲ្យពួកយើងបានជ្រាបដូចគ្នា ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ