CAMBO REPORT

Popup Advertising5 seconds

DJI ទំនងជានឹងបញ្ចេញ Drone ជំនាន់ថ្មី Mavic Mini នៅថ្ងៃទី 30 ខែតុលា ខាងមុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ដែលចូលចិត្តថតវីដេអូ ដំណើរកំសាន្តបែបផ្សងព្រេង ប្រាកដជាធ្លាប់បានឮ ពីឈ្មោះ DJI ច្បាស់ជាមិនខាន។ ពិតមែនណាស់ DJI គឺជាក្រុមហ៊ុនមួយ ដ៏ល្បីល្បាញផ្នែកផលិតឧបករណ៍បក្សីយន្ត ដោយគ្រប់គ្នាស្គាល់វាថាជា Drone ហើយវាក៏ត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃជាអន្តរជាតិផងដែរ។ មកទល់ពេលនេះ DJI បានផលិត Drone ជាច្រើនស៊េរីមកហើយ រួមមាន DJI Mavic Pro, DJI Mavic Pro Platinum ជាដើម និង DJI Spark ដែលជា Drone មានរូបរាងតូចជាងគេ។ 

 

 

ទាក់ទងទៅនឹង Drone របស់ DJI នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយ ដែលបង្ហាញឲ្យដឹងថា ក្រុមហ៊ុន DJI បានធ្វើការចុះបញ្ជីឧបករណ៍ថ្មីមួយ ទៅកាន់ភ្នាក់ងារឯករាជ្យ របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេហៅកាត់ថា FCC។ តាមរយៈឯកសារនេះ ត្រូវបានគេប្រទះឃើញថា ឧបករណ៍ថ្មីនេះ គឺជា Drone មួយប្រភេទផ្សេងទៀត ដែល DJI ត្រៀមនឹងប្រកាសចេញ នាពេលខាងមុខនេះ ហើយវាមានឈ្មោះថា DJI Mavic Mini។ យ៉ាងណា នេះក៏មិនមែនជាលើកទី 1 នោះទេ ដែលបានលេចឮព័ត៌មានពីវា ដោយកាលពីខែសីហាកន្លងទៅ ក៏ធ្លាប់មានព័ត៌មាន ដែលចុះផ្សាយអំពីប៉ាតង់មួយ បង្ហាញពីទំហំ នៃប្រភេទ Drone ថ្មីនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពរបស់វា ក៏ត្រូវបានលេចធ្លាយ នៅលើប្រព័ន្ធអ៊ីនធើណេតទៀតផង ហើយបើតាមរូបភាពនោះ បង្ហាញឲ្យឃើញថា រូបរាងរបស់វា ត្រូវបានរចនាឡើង ដោយមានការច្របាច់បញ្ចូលគ្នា រវាងរូបរាងរបស់ DJI Spark និង Mavic Air។ 

 

 

គួរបញ្ជាក់ផងថា DJI Mavic Mini ត្រូវបានគេរំពឹងទុកថា នឹងបំពាក់សេនស័រទំហំ 12 មេហ្គាភិចសែល ដែលគាំទ្រការថតវីដេអូ ក្នុងកម្រិត 4K ល្បឿន 30 ហ្វ្រេម ក្នុងមួយវិនាទី។ លើសពីនេះទៀត វាក៏អាចធ្វើការបណ្តែតខ្លួន នៅលើអាកាស បានក្នុងរយៈពេល 18 នាទី ដូចទៅនឹង Drone ប្រភេទ Spark ដែរ។ Mavic Min នឹងចាប់ផ្តើមចេញលក់ នៅក្នុងទីផ្សារសហរដ្ឋអាមេរិកមុនគេ ជាមួយតម្លៃ $399 ដុល្លារ។ អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាលក្ខណៈមួយចំនួននៃ ឧបករណ៍ Drone ថ្មី របស់ DJI ដែលត្រៀមនឹងដាក់បង្ហាញ ក្នុងថ្ងៃទី 30 ខែតុលា ឆាប់ៗខាងមុខនេះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: កាមេរ៉ា