CAMBO REPORT

Popup Advertising5 seconds

iPadOS ជាអ្វី? ហើយហេតុអ្វីបានជា Apple បង្កើតវាឡើងមក?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយអំពីថេប្លេត នរណាៗក៏នឹកឃើញដល់ ថេប្លេតរបស់ក្រុមហ៊ុន Apple មុនគេដែរ ព្រោះថាវាមាន រូបរាងស្រស់ស្អាត ទាន់សម័យ មានកម្លាំងម៉ាស៊ីនខ្លាំង និងមុខងារពិសេសៗជាច្រើនទៀតផង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ក្រុមហ៊ុន Apple ក៏បានអះអាងថា ថេប្លេតរបស់ខ្លួនអាចប្រើប្រាស់ជំនួសកុំព្យូទ័រយួរដៃបាន ហើយបើយោងទៅតាមបទពិសោធន៍នៃការប្រើប្រាស់ iPad លំដាប់កំពូលរបស់ Apple ជាច្រើនឆ្នាំកន្លងមក ខ្ញុំយល់ថា iPad Pro គ្រប់ម៉ូឌែលរបស់ Apple ពិតជាមានកម្លាំងម៉ាស៊ីនខ្លាំង និងលក្ខណៈពិសេសៗជាច្រើនពិតមែន ប៉ុន្តែវាក៏មានចំណុចដែលធ្វើឲ្យខ្ញុំមិនពេញចិត្តផងដែរ ចំណុចនោះគឺប្រព័ន្ធប្រតិបត្តិការរបស់វាតែម្តង។ ដោយកាលពីពេលមុនៗគ្រប់ iPad របស់ Apple ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS របស់ iPhone និង iPod ដែលជាហេតុធ្វើឲ្យវាធ្វើការមិនបានអស់ពីសមត្ថភាពរបស់វា ហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយ Apple នឹងបង្កើតប្រព័ន្ធប្រតិបត្តិការសម្រាប់ iPad ផ្ទាល់។ បន្ទាប់ពីការរង់ចាំអស់រយៈពេលជាយូរមក ទីបំផុត នៅក្នុងព្រឹត្តិការណ៍ WWDC 2019 ក្រុមហ៊ុន Apple ក៏បានសម្រេចចិត្តបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីមួយដែលមានឈ្មោះថា iPadOS ហើយវាត្រូវបង្កើតឡើងយ៉ាងពិសេសសម្រាប់ថេប្លេតរបស់ Apple តែម្តង។ និយាយដល់ចំណុចនេះ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ ដែលចង់ដឹងថាតើ iPadOS មានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗអ្វីខ្លះ? ដូច្នេះកុំរង់ចាំយូរ យើងនាំគ្នាទៅស្វែងយល់ពីមុខងារធំៗ របស់ប្រព័ន្ធប្រតិបតិ្តការថ្មីស្រឡាងពី Apple មួយនេះ នៅខាងក្រោមទាំងអស់គ្នា៖

 

Home Screen នៅលើ iPadOS ទទួលបានការកែប្រែថ្មី 

 

 

ចំណុចដែលផ្លាស់ប្តូរធំបំផុតមួយ ក្នុងចំណោមការផ្លាស់ប្តូរផ្សេងៗទៀត ដែលមាននៅក្នុង iPadOS នោះគឺ Home Screen ថ្មីភ្ជាប់មកជាមួយជម្រើសថ្មី ដែលអនុញ្ញាតឲ្យយើងអាចធ្វើការកំណត់ចំនួនរូបតំណាង (icons) របស់កម្មវិធីដែលត្រូវបង្ហាញនៅលើ Home Screen ក្នុងលក្ខណៈ ជួរឈរចំនួន 5 និង ជួរដេកចំនួន 6 ដូច្នេះមានន័យថា Home Screen នៅលើ iPadOS អាចផ្ទុកបានរូបតំណាងរបស់កម្មវិធីសរុបចំនួន 30 icons ឯណោះ ហើយជម្រើសថ្មីមួយនេះ ធ្វើឲ្យយើងមើលទៅ Home Screen នៅលើ iPad របស់យើងមានលក្ខណៈស្រដៀងទៅនឹងរូបតំណាងរបស់កម្មវិធី ដែលមាននៅលើប្រតិបត្តិការ MacOS អញ្ចឹងដែរ។ មិនទាន់អស់នោះទេ អ្វីដែលពិសេសថែមទៀតនោះ គឺនៅលើ iPadOS ក៏អនុញ្ញតឲ្យយើងអាចធ្វើការកំណត់ Widget មួយចំនួនដែលស្ថិតនៅក្នុងមុខងារ Today View ឲ្យបង្ហាញខ្លួននៅជាប់នឹង Home Screen ដើមរបស់ iPad របស់យើងតែម្តង ហើយមុខងារថ្មីនេះ គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់យើងប្រើប្រាស់ ព្រោះថាយើងអាចធ្វើការកំណត់ ឬបន្ថែម Widget ណាមួយដែលយើងចូលចិត្តប្រើជាញឹកញាប់ ឬជាប្រចាំឲ្យបង្ហាញនៅលើមុខងារ Today View ហើយនៅពេលដែលយើងត្រូវការប្រើប្រាស់វានោះ យើងអាចធ្វើការស្វែងរកឃើញវាភ្លាមៗតាមរយៈ Today View ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងថា យើងអាចធ្វើការកំណត់មុខងារ Today View ដែលមាននៅលើ iPadOS បានចំនួន 2 ជម្រើស ដោយជម្រើសទី 1 គឺឲ្យវាបង្ហាញខ្លួន នៅពេលដែលយើងយកម្រាមដៃរបស់យើងអូសនៅលើ Home Screen ដើមពីឆ្វេងមកស្តាំ និងបាត់ទៅវិញ នៅពេលដែលយើងអូសទៅទំព័រថ្មីមួយទៀតនៃ Home Screen ឬក៏យើងអាចកំណត់ឲ្យវាបង្ហាញខ្លួននៅជាប់ Home Screen ដើមរហូតក៏បាន។

 

មុខងារ Multitasking នៅលើ iPadOS មានសមត្ថភាពធ្វើការកាន់តែប្រសើរជាងមុនច្រើន

 

 

ដូចដែលយើងបានដឹងហើយថា មុខងារ Multitasking នេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 11 ហើយវាមានវត្តមាននៅលើ iPad តែប៉ុណ្ណោះ ព្រោះថានៅលើ iPad ទទួលបានមុខងារថ្មីមួយដែលគេហៅថា Dock ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង Dock នៅលើប្រព័ន្ធប្រតិបត្តិការ MacOS អញ្ចឹងផងដែរ ហើយមកដល់ iPadOS នេះ វាកាន់តែធ្វើការបានល្អជាងមុនច្រើន ព្រោះថាវាអនុញ្ញាតឲ្យយើងអាចធ្វើការយក Folder ទាំងមូលទៅដាក់នៅលើ Dock បាន មិនត្រឹមតែប៉ុណ្ណោះ មុខងារ Multitasking ក៏បានភ្ជាប់មកជាមួយមុខងារថ្មីមួយចំនួនផងដែរ ក្នុងនោះមានដូចជា Slide Over និង Multi-window ជាដើម។ ដូច្នេះ មានន័យថាមុខងារ Multitasking ថ្មីៗដែលមាននៅក្នុង iPadOS នេះពិតជាជួយឲ្យការប្រើប្រាស់របស់យើងកាន់តែប្រសើរ, ងាយស្រួល និងមានភាពរហ័សជាងមុនពិតមែន។ ជាក់ស្តែង ដូចជានៅពេលដែលកំពុងតែបើកកម្មវិធីកាត់តវីដេអូ ឬរូបភាព, Email, Note ជាដើម ហើយយើងត្រូវការឯកសារណាមួយ ដែលយកចេញពីកម្មវិធីមួយផ្សេងទៀត ដើម្បីយកមកប្រើប្រាស់នៅក្នុងកម្មវិធីដែលយើងកំពុងប្រើនោះ យើងមិនចាំបាច់ចំណាយពេលចេញទៅបើករកមើលឯកសារទាំងនោះ នៅតាមកម្មវិធីដែលបានរៀបរាប់ខាងលើនោះទេ យើងគ្រាន់តែបើកកម្មវិធី Files ឲ្យដំណើរការទុកចោលនៅក្នុងមុខងារ Slide Over ជាការស្រេច ហើយនៅពេលដែលយើងត្រូវការប្រើឯកសារទាំងនោះ យើងគ្រាន់តែគ្រវាសម្រាមដៃរបស់យើងតែមួយភ្លេត​ ដើម្បីដំណើរការមុខងារ Slide Over រួចទាញយកឯកសារណាមួយ ដែលយើងចង់បានចេញពីកម្មវិធី Files ជាការស្រេច។ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់កម្មវិធី 2 ក្នុងពេលតែមួយ ក៏អាចប្រើប្រាស់មុខងារ Split View ដើម្បីជួយឲ្យការប្រើប្រាស់របស់អ្នក ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ហើយថែមទាំងសន្សំសំចៃពេលវេលាមួយកម្រិតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Multitasking នៅក្នុង iPadOS ក៏បានភ្ជាប់មកជាមួយមុខងារ Multi-Window ដែលអនុញ្ញាតឲ្យយើងអាចធ្វើការកំណត់កម្មវិធីដែលយើងបានបើកនៅក្នុងមុខងារ Split View ដាក់នៅក្នុង Window ផ្សេងៗគ្នាថែមទៀតផង។

 

កម្មវិធី Safari នៅលើ iPadOS ក៏ទទួលបានការកែប្រែ និងបន្ថែមុខងារថ្មីៗមួយចំនួនផងដែរ

 

 

ខ្ញុំជឿថាមានប្រិយមិត្តមួយចំនួន ដែលធ្លាប់ប្រើប្រាស់កម្មវិធីសម្រាប់បើកគេហទំព័រនៅលើកុំព្យូទ័រ ហើយទៅប្រើប្រាស់កម្មវិធី Safari នៅលើ iPad ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12 ចុះក្រោមវិញ នោះអ្នកប្រាកដជាឃើញភាពខុសគ្នារវាង Browser ទាំង 2 ជាមិនខាន។ ព្រោះថាថ្វីត្បិតតែ iPad ខ្លះមានអេក្រង់ចង់ស្មើទៅនឹងអេក្រង់របស់កុំព្យូទ័រយួរដៃមួយចំនួនទៅហើយ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់កម្មវិធី Safari នៅលើ iPad ដែលដំណើរការដោយ iOS 12 ចុះក្រោម វាបែរជាបង្ហាញផ្ទៃបង្ហាញ (Interface) ដូចជាយើងកំពុងបើកកម្មវិធី Safari នៅលើ iPhone ឬ iPad ទៅវិញ។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់ iPad និង YouTuber ជាច្រើនបាននិយាយថា Apple បានអះអាងថា iPad របស់ខ្លួនអាចប្រើជំនួសកុំព្យូទ័របាន ប៉ុន្តែបែរជា iPad របស់ខ្លួនមានអេក្រង់ចង់ធំប៉ុនកុំព្យូទ័រទៅហើយ តែមិនអាចប្រើប្រាស់កម្មវិធីបើកគេហទំព័រ ដែលមាន Interface ដូចទៅនឹងកុំព្យូទ័រទៅវិញ។ ប៉ុន្តែ បញ្ហាទាំងអស់ ត្រូវបានដោះស្រាយនៅលើប្រព័ន្ធប្រតិបត្តិការ iPadOS នេះហើយ ព្រោះថានៅក្នុង iPadOS នេះ កម្មវិធីសម្រាប់បើកគេហទំព័រដែលមានឈ្មោះថា Safari ទទួលបានកំណែអាប់ដេត ដែលមានផ្ទៃ Interface ដូចទៅនឹងកម្មវិធី Browser នៅលើកុំព្យូទ័រអញ្ចឹងដែរ ឬក៏យើងអាចហៅថា : Desktop-class Safari។ ដូច្នេះមានន័យថា នៅពេលដែលយើងប្រើប្រាស់កម្មវិធី Safari នៅលើ iPad ដែលដំណើរការដោយ iPadOS យើងទទួលបានផ្ទៃ Interface ដ៏ធំមួយ ងាយស្រួលមើលដូចទៅនឹងផ្ទៃ Interface ដែលបានបង្ហាញនៅលើកុំព្យូទ័រផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ វាក៏បានភ្ជាប់មកជាមួយមុខងារ Download Manager ដែលអនុញ្ញាតអាចធ្វើការទាញយកឯកសារមួយចំនួនដូចទៅនឹងកុំព្យូទ័រអញ្ចឹងដែរ។

 

មុខងារ Sidecar : Split Screen with iPad 

 

 

ក្នុងនោះ iPadOS ក៏បានបន្ថែមនូវមុខងារពិសេស មិនធ្លាប់មានពីមុនមកទេ ពី Apple ហើយវាមានឈ្មោះថា Sidecar ដែលដំណើរការស្រដៀងទៅនឹង AirPlay ដែលយើងធ្លាប់បានប្រើប្រាស់ពីមុនមកដែរ តែនៅលើ Sidecar វាមានលក្ខណៈខុសពី AirPlay ដោយវាធ្វើការភ្ជាប់បានរហ័ស និងដើរតួជាអេក្រង់ទី 2 បានតែម្តង។ មុខងារ Sidecar នេះឲ្យ iPad ធ្វើជាអេក្រង់សម្រាប់ចែកការបង្ហាញនូវកម្មវិធីនានា ឲ្យមានភាពងាយស្រួលក្នុងការមើលនៅលើអេក្រង់ MacBook តែមួយបាន។ 

 

Storage : Files Management & External Hard Drive 

 

 

យើងបានឃើញហើយថា កម្មវិធី Safari នៅលើ iPadOS នេះ អាចគាំទ្រដល់ការទាញយកឯកសារនានា នៅលើវាបាន ដូចនេះរាល់ Files ទាំងនោះ ត្រូវបានរក្សារទុកនៅលើកម្មវិធី File មកជាមួយស្រាប់ បានយ៉ាងងាយស្រួល។ បន្ថែមពីនោះ iPadOS ក៏អនុញ្ញាតឲ្យយើងអាចប្រើប្រាស់នូវ USB Flash ឬ External Hard Disk ជាមួយវាផងដែរ។ វាមានភាពងាយស្រួល ដែលអាចឲ្យយើងប្រើប្រាស់វាពេលគ្មានកុំព្យូទ័រនៅជិត ហើយវាដំណើរការស្រដៀងទៅនឹងការគ្រប់គ្រង Files នៅលើកម្មវិធីកុំព្យូទ័រដូច្នោះដែរ។ ក្នុងនោះ វាអាចសម្គាល់បានគ្រប់ប្រភេទ Flash និង External Hard Disk ធំៗ ដោយគ្មានបញ្ហាចោទនោះទេ។ បន្ទាប់ពីបានធ្វើការភ្ជាប់ជាមួយ USB Flash ឬ External Hard Drive ទៅកាន់ iPad រួចហើយ វានឹងអនុញ្ញាតអាចឲ្យយើង គ្រប់គ្រងឯកសារនានានៅក្នុងនោះ មានដូចជា Copy, Move, Rename, Zip, Unzip និងធ្វើការចែករំលែកទៅកាន់កម្មវិធី Third Party App ផ្សេងទៀត នៅក្នុង iPad នោះផងដែរ។

 

Photo & Video Editing 

 

 

យើងបានឃើញពីការបង្ហាញរបស់ Apple រួចទៅហើយពី iOS 13 ដែលមានបន្ថែមនូវមុខងារ កាត់តរូបភាព និងវីដេអូនៅលើ iPhone បានដោយមិនចាំបាច់មានកម្មវិធីផ្សេងមកជួយក៏បាន។ មិនខុសគ្នានោះទេ ព្រោះថានៅលើ iPadOS ក៏អនុញ្ញាតឲ្យយើងធ្វើបែបនោះបានដែរ។ ដោយវាមានភ្ជាប់មកនៅក្នុងកម្មវិធី Photos ស្រាប់ នោះយើងមិនចាំបាច់ពិបាករកវាឡើយ។ គ្រាន់តែចុចលើ ប៊ូតុង Edit នៅលើវីដេអូ ឬរូបភាពរបស់យើង នោះវានឹងលោតផ្ទាំងកម្មវិធីកាត់តឡើងមកជាក់ជាមិនខាន។ នៅក្នុងនោះ យើងអាចធ្វើការកែតម្រូវពណ៌ ពង្រីក ឬបង្រួមរូបភាព និងវីដេអូ រួមទាំងបន្ថែមកម្រិតភាពច្បាស់ Sharpness និងថែមទាំងអាចក្រឡាប់ (Flip) ទៅលើសាច់វីដេអូបានយ៉ាងងាយស្រួលទៀតផង ដែលវាមិនធ្លាប់មាន នៅលើប្រព័ន្ធប្រតិបតិ្តការ ជំនាន់មុនៗឡើយ។ 

 

សរុបមកវិញ យើងបានឃើញថា ក្រុមហ៊ុន Apple ពិតជាបាននាំយកនូវការផ្លាស់ប្តូររស់ជាតិនៃការប្រើប្រាស់ នៅលើផលិតផលថេប្លេតរបស់ខ្លួនបានយ៉ាងប្រសើរ នៅក្នុងឆ្នាំ 2019 ពិតមែន។ មិនតែប៉ុណ្ណោះ ការបន្ថែមនូវមុខងារពិសេសៗទាំងនោះ ដែលមានដូចជា៖ មុខងារ Sidecar, Dark Mode UI, Desktop-class Safari & Download Manager, មុខងារ Multitasking ដែលដំណើរការកាន់តែល្អជាងមុន, កម្មវិធី Files អាចគ្រប់គ្រងឯកសារបានកាន់តែទូលំទូលាយ, Floating Keyboard ដែលទុកសម្រាប់ប្រើប្រាស់ដៃម្ខាង ព្រមទាំងអាចគូសវាសដើម្បីបង្កើតបានជាពាក្យណាមួយដែលយើងចង់បាន និងការពង្រឹងទៅលើ Privacy ឲ្យកាន់តែមានភាពឯកជន សម្រាប់អ្នកប្រើប្រាស់ជាដើម ដែលបានលើកកម្ពស់ទៅដល់សមត្ថភាព iPad ឲ្យកាន់តែមានប្រជាប្រិយភាពបន្តទៀត នៅលើទីផ្សារថេប្លេត។ យ៉ាងណាមិញ iPadOS ជាដើមហេតុសំខាន់ក្នុងការធ្វើឲ្យ iPad បន្តឈរលើតារាងកំពូល ក្នុងនាមជាឧបករណ៍ថេប្លេត ដែលមានអេក្រង់ធំឈានមុខគេ ក្នុងពេលបច្ចុប្បន្ន បើធៀបទៅនឹងថេប្លេត ពពួក Android មានដូចជា Samsung និង Huawei ជាដើមនោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ថេប្លេត