CAMBO REPORT

Popup Advertising5 seconds

រថយន្ដរបស់ Aston Martin ​ទាំង 4 គ្រឿង​នេះ នឹង​ត្រូវ​បាន​តួអង្គ James Bond បើក​បរ​ក្នុង​រឿង 007 វគ្គ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខ្សែភាពយន្ដឈ្មោះថា “No Time to Die” ត្រៀមចាក់បញ្ចាំងនៅឆ្នាំ 2020 ដែលបន្ដដំណើរសាច់រឿង ជាមួយនឹងតួអង្គ James Bond 007 សម្ដែងដោយលោក Daniel Craig ដ៏ល្បីល្បាញទូទាំងពិភពលោក នឹងធ្វើការបើកបររថយន្ដរបស់ម៉ាក Aston Martin រហូតដល់ទៅចំនួន 4 ម៉ូឌែលឯណោះ។ រថយន្ដទាំងអស់នោះ គឺរួមមានដូចជា DB5, DBS Superleggera, Valhalla និង V8 Vantage ដែលសុទ្ធតែមានលក្ខណៈសម្បត្តិខុសៗគ្នា ចាប់ពីការឌីហ្សាញបែបស៊េរីចាស់ ដល់រថយន្ដទំនើបទាន់សម័យ។

 

 

ចំណែកឯរបាយការណ៍នេះដែរ ត្រូវបានចែករំលែកដោយ គណនីផ្លូវការរបស់ ក្រុមហ៊ុនផលិតរថយន្ដម៉ាក Aston Martin នៅលើ Twitter ផ្ទាល់តែម្ដង ដោយដាក់ចំណងជើងថា “Past, present and future” ដោយចង់មានន័យថា រថយន្ដទាំងបួនគ្រឿងនេះ បានបង្ហាញខ្លួនតំណាងឲ្យ “អតីតកាល, បច្ចុប្បន្នភាព និងនាពេលអនាគត” ហើយក៏បានបញ្ជាក់ផងថា នេះគឺជាខ្សែភាពយន្ដ James Bond លើកទី 25 ថែមទៀតផង។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចយល់ដឹងបន្ថែមអំពី រថយន្ដដ៏ប្រណិតទាំងអស់នេះ តាមរយៈអត្ថបទនៅខាងក្រោម។

 

រថយន្ដ Aston Martin DB5

 

អ្នកនិពន្ធលោក Dave Worrall បានសរសេរសៀវភៅមួយ អំពីរថយន្ដម៉ូឌែលមួយនេះ ដោយបានពណ៌នាថាជា “រថយន្តដែលល្បីល្បាញបំផុតនៅលើពិភពលោក” ពីព្រោះវាបានបង្ហាញខ្លួន នៅលើខ្សែភាពយន្ដ 007 ចាប់តាំងពីដើម រហូតមកដល់ពេលនេះ។ បន្ទាប់ពីត្រូវបានបើកបរនៅក្នុងរឿង “Goldfinger” ឆ្នាំ 1964 រថយន្ដម៉ូឌែល DB5 ក៏មាននៅក្នុងរឿង “GoldenEye” ឆ្នាំ 1995 ជាមួយតារាងសម្ដែង Pierce Brosnan ជាតួអង្គ James Bond ហើយនៅក្នុងរឿង “Skyfall” ឆ្នាំ 2012 សម្ដែងដោយលោក Daniel Craig ជា 007 នេះផងដែរ។ ចំពោះកម្លាំងម៉ាស៊ីនរបស់វាវិញនោះ គឺមានល្បឿនកំពូលត្រឹម 230.14 km/h ដែលអាចជាន់ពីល្បឿន 0 km/h ដល់ 96 km/h ក្នុងរយៈពេល 8 វិនាទីបាន ជាមួយកម្លាំងសេះ 282 HP រីឯតម្លៃរបស់រថយន្ដ DB5 នេះ ត្រូវបានដាក់លក់ពីចន្លោះខ្ទង់ 4 លានដុល្លារ ទៅ 6 លានដុល្លារ។

 

 

រថយន្ដ Aston Martin V8 Vantage

 

ខ្សែភាពយន្ដមានឈ្មោះថា “The Living Daylights” ឆ្នាំ 1987 ដែលត្រូវបានសម្ដែងដោយលោក Timothy Dalton គឺនៅពេលដែលរថយន្ដ V8 Vantage បង្ហាញខ្លួនក្នុងរឿង James Bond លើកដំបូង។ មានល្បឿនកំពូលត្រឹម 273.59 km/h ដែលអាចជាន់ពីល្បឿន 0 km/h ដល់ 96 km/h ក្នុងរយៈពេល 5.2 វិនាទីបាន ហើយរថយន្ដមួយនេះ ត្រូវបានឃើញកំពុងថត រួចមកហើយ តាមរយៈវីដេអូឃ្លីបមួយ សូមចុចទីនេះ នៅលើគណនីផ្លូវការរបស់ 007 ផ្ទាល់តែម្ដង។

 

 

រថយន្ដ Aston Martin DBS Superleggera

 

បើមើលទៅលើកម្លាំងម៉ាស៊ីនរបស់វា គឺត្រូវបានតម្លើងដោយ 5.2-Liter Twin-Turbo ជាមួយនឹងម៉ាស៊ីនប្រភេទ V12 ដែលផ្ដល់ជូនឲ្យកម្លាំងសេះ 715 HP ហើយមានល្បឿនកំពូលត្រឹម 339.57 km/h ដែលអាចជាន់ពីល្បឿន 0 km/h ដល់ 99.78 km/h ក្នុងរយៈពេល 3.6 វិនាទីប៉ុណ្ណោះ។ បើយោងទៅតាម ព័ត៌មានពីមុនមក Aston Martin បានផលិតរថយន្ដមួយនេះ ត្រឹមតែចំនួន 50 គ្រឿងនោះទេ លើពិភពលោក សម្រាប់តម្លៃដាក់លក់ខ្ទង់ 368,768 ដុល្លារ ហើយក៏មានម៉ូឌែលធម្មតាមួយទៀត មានតម្លៃចាប់ផ្ដើមពីខ្ទង់ 304,995 ដុល្លារឡើងទៅ។ យើងក៏ឃើញថារថយន្ដម៉ូឌែល DBS ស៊េរីចាស់ឈ្មោះថា DBS V12 បង្ហាញខ្លួននៅលើរឿង “Casino Royale” ឆ្នាំ 2006 និងរឿង “Quantum of Solace” ឆ្នាំ 2008 ផងដែរ ដោយសុទ្ធតែសម្ដែងដោយលោក Daniel Craig ជាតួអង្គ James Bond ទាំងអស់។

 

 

រថយន្ដ Aston Martin Valhalla

 

Valhalla គឺជារថយន្ដប្រភេទ Hypercar ឬ អាចនិយាយបានថា ជារថយន្ដលំដាប់កំពូល ដំបូងបង្អស់របស់ក្រុមហ៊ុន Aston Martin ដែលឈ្មោះរបស់វា ត្រូវបានបញ្ជាក់ប្រាប់ថា ផុសគំនិតឡើងដោយ ទេវកថាហូឡង់បុរាណ (Norse mythology) ថែមទៀតផង។ រថយន្ដដ៏ទំនើបមួយនេះ មិនទាន់ដាក់លក់ ជាផ្លូវការនៅឡើយទេ ដោយរង់ចាំថ្ងៃប្រកាសចេញ នៅឆ្នាំ 2021 ជាមួយនឹងតម្លៃខ្ទង់ 1.3 លានដុល្លារ។

 

 

តើប្រិយមិត្តអ្នកអាន ជាហ្វេននៃខ្សែភាពយន្ដ James Bond 007 ដែរឬទេ? ហើយយល់យ៉ាងណាដែរ ចំពោះរថយន្ដទាំងអស់នេះ ថានឹងបង្ហាញខ្លួននៅក្នុងរឿង “No Time to Die” ឆ្នាំ 2020 ខាងមុខនេះ? សូមចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ឲ្យយើងបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: យានយន្ត