CAMBO REPORT

Popup Advertising5 seconds

Nubia Red Magic 3s នឹង​មាន​វត្តមាន​លើ​ទីផ្សារ​សកល​នៅ​ថ្ងៃ​ទី 16 ខែតុលា ជាមួយ​តម្លៃ​ចាប់​ពី 479 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតមកដល់ពេលនេះ ប្រហែលជាបាន 5 ខែជាងទៅហើយ ដែលស្មាតហ្វូនហ្គេមមីង Nubia Red Magic 3 របស់ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិន ZTE មានវត្តមាន នៅលើទីផ្សារ។ ពិតមែនណាស់ Red Magic 3 បំពាក់ដោយអេក្រង់ ដែលមានគុណភាពខ្ពស់ រូបរាងកប់សមជាស្មាតហ្វូនហ្គេមមីង ហើយពិសេសជាងគេ នោះ គឺកាមេរ៉ារបស់វា អាចថតវីដេអូបាន ក្នុងកម្រិត 8K ដំបូងគេថែមទៀត។

 

បើនិយាយដល់ម៉ូឌែល Red Magic 3 នេះ ប្រហែលជាមានប្រិយមិត្តមួយចំនួន នឹកឃើញដល់ខ្សែស្រឡាយ Red Magic 3s ដែលបានប្រកាសចេញ កាលពីដើមខែកញ្ញា នៅក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន។ ហើយសម្រាប់ម៉ូឌែលក្រោយនេះដែរ វាមានលក់តែនៅក្នុងទីផ្សារស្រុកចិន តែប៉ុណ្ណោះ ជាមួយតម្លៃ $419 ដុល្លារ សម្រាប់ជម្រើសទំហំរ៉េម 8/128GB ។ យ៉ាងណា ចំពោះខ្សែស្រឡាយក្រោយនេះ នឹងបញ្ចេញលក់ ជាលក្ខណៈសកល នៅក្នុងថ្ងៃទី 16 ខែតុលា ខាងមុខនេះ ដែលអាចមានតម្លៃប្រែប្រួលបន្តិចបន្តួច នេះបើយោងតាមការប្រកាសចេញ ពីក្រុមហ៊ុនផ្ទាល់។ 

 

 

បញ្ជាក់បន្តិច កំពូលស្មាតហ្វូនហ្គេមមីង Red Magic 3s ដើរដោយឈីប Snapdragon 855+ ដែលអាចផ្ដល់ឲ្យកម្លាំងក្រាហ្វិកកាត GPU បានខ្លាំងជាងមុនដល់ទៅ 15% និងទទួលបានល្បឿន Clock Speed រហូតដល់ទៅ 2.96GHz ដោយវាទាំងពីរគួបផ្សំចូលគ្នា ដើម្បីនាំយកបទពិសោធន៍ Gaming ឲ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។ ចំណែកឯបន្ទះអេក្រង់វិញ នឹងមានទំហំ 6.65 អ៊ីញ ប្រភេទ AMOLED និងកម្រិត Refresh Rate ខ្ពស់ដល់ 90Hz និងភ្ជាប់មកជាមួយកាមេរ៉ាក្រោយមួយគ្រាប់ ដែលមានទំហំ 48 មេហ្គាភិចសែល ប្រើប្រាស់សេនស័រ Sony IMX586 មាន f/15 ដែលអាចថតវីដេអូបាន កម្រិត 8K ដូចម៉ូឌែលសិស្សច្បងវាដែរ។ អង្គផ្ទុកទិន្នន័យប្រភេទ UFS 3.0 ហើយវាត្រូវបានចែកចេញជា 2 ជម្រើស ដែលជម្រើសទី 1 ភ្ជាប់មកជាមួយកូនកង្ហារតូចមួយ និងជម្រើសមួយផ្សេងទៀត ដែលភ្ជាប់មកជាមួយ បន្ទះដែកត្រជាក់ (Liquid Cooling) សម្រាប់ធ្វើការបន្សាបកម្តៅ នៅពេលម៉ាស៊ីនឡើងក្តៅ។ 

 

 

សម្រាប់ Red Magic 3s នេះ នឹងដាក់លក់ក្នុងជម្រើសទំហំរ៉េម  8GB + អង្គផ្ទុកទិន្នន័យ  128GB អមជាមួយពណ៌ Eclipse Black និង Mecha Silver ដែលមានតម្លៃខ្ទង់ $479 ដុល្លារ ខណៈ មាន 3 ពណ៌ទៀត សម្រាប់ជ្រើសរើស ប៉ុន្តែ ចំពោះតែជម្រើសទំហំរ៉េម 12/256GB ប៉ុណ្ណោះ មានដូចជាជម្រើសពណ៌ខ្មៅ, ប្រផេះ និងពណ៌ Cyber Shade ដែលជាពណ៌ពណ៌ក្រហម ខៀវ និងស្វាយ ច្របាច់បញ្ចូលគ្នា ដាក់លក់ស្ថិតក្នុងតម្លៃខ្ទង់ $599 ដុល្លារ។ 

 

សរុបមក ចំពោះម៉ូឌែលនេះ នឹងមានដាក់លក់ នៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2019 ខាងមុខឆាប់ៗនេះ នៅលើទីផ្សារសកលធំៗ ដូចជា នៅសហរដ្ឋអាមេរិក, ប្រទេសកាណាដា, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, ប្រទេសអូស្ត្រាលី, ហុងកុង, តៃវ៉ាន់, ជប៉ុន, សិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី ជាដើម។ ដូច្នេះ វាក៏អាចនឹងមានវត្តមាន នៅលើទីផ្សារស្រុកយើង ប៉ុន្មានថ្ងៃបន្ទាប់ពីនោះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ