CAMBO REPORT

Popup Advertising5 seconds

Redmi​ 8​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ជាមួយ​ថ្ម​ 5,000mAh​ និង​តម្លៃខ្ទង់​ 126​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីលើកមុន ប្រិយមិត្តធ្លាប់បានដឹងខ្លះៗហើយ ទាក់ទងជាមួយស្មាតហ្វូន លំដាប់មធ្យមរបស់ Redmi ដែលវាមានឈ្មោះថា Redmi 8 ប៉ុន្តែកាលនោះ វាគ្រាន់តែជា ពត៌មានលេចធ្លាយតែប៉ុណ្ណោះ។ ដោយឡែក នៅក្នុងពេលនេះ វាលែងមាន ដំណឹងលេចធ្លាយទៀតហើយ ព្រោះថាលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចសំខាន់ៗ ទាំងអស់របស់វា ត្រូវបាន Redmi លាតត្រដាងរួចរាល់ហើយ រឹតតែពិសេសនោះ វាជាស្មាតហ្វូនមួយ ដែលមានថាមពលថ្មធំ ព្រមទាំងមានតម្លៃសមរម្យខ្លាំងទៀតផង។

 

 

មិនខុសទេ Redmi 8 គឺជាម៉ូឌែលដែលធ្វើឡើង ជាមួយលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចមួយចំនួនទៀត បន្ថែមពីលើ Redmi 8A ប៉ុន្តែចំណុចមួយចំនួនទៀត វានៅតែដូចគ្នា ជាក់ស្ដែង ដូចជាមានថ្ងាសឆក បែបតំណក់ទឹកជាដើម។ ពិតណាស់ Redmi 8 ត្រូវបានភ្ជាប់មកជាមួយអេក្រង់ទំហំ 6.2 អ៊ីញ ប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញ HD+ ព្រមទាំងមានកម្រិតសមាមាត្រអេក្រង់ 19:9 លើសពីនេះ វាក៏បានបំពាក់ជាមួយកញ្ចក់ខាងមុខ ជាប្រភេទ Gorilla Glass 5 ផងដែរ។ នៅខ្នងខាងក្រោយវិញ ជាប្លាស្ទិករលោង ដែលមានកាមេរ៉ា 2 គ្រាប់ ជាមួយសេនស័រ ស្កេនស្នាមម្រាមដៃ រួមទាំងមាន Flash LED នៅផ្នែកខាងលើ។

 

 

ចូលមកដល់ស្នូលរបស់វាវិញ Redmi 8 បានបំពាក់ជាមួយឈីប Snapdragon 439 ជាមួយរ៉េមពីរប្រភេទគឺ 3GB និង 4GB ព្រមទាំងមានអង្គផ្ទុក 32GB និង 64GB ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូននេះ ក៏បានបំពាក់មកជាមួយថាមពលថ្មធំ 5,000mAh ព្រមទាំងអាចសាកថ្មបានដល់ 18W តាមរយៈរន្ធសាក USB-C ប៉ុន្តែគួរឲ្យស្ដាយ ដែលឆ្នាំងសាកមាននៅក្នុងប្រអប់នោះ អាចសាកបានត្រឹម 10W ប៉ុណ្ណោះ។ ចូលមកដល់សេនស័រកាមេរ៉ាវិញ នៅផ្នែកខាងមុខវាមានលេនទំហំ 8MP ចំណែកឯខាងក្រោយវិញ វាមានលេនពីរគ្រាប់ ដែលមួយមានទំហំ 12MP និងមួយទៀតមានទំហំ 2MP ជាលេនព្រាលផ្ទៃខាងក្រោយ។ ចូលមកដល់តម្លៃរបស់វាវិញ អាចនិយាយបានថា គឺពិតជាសមរម្យមែនទែន ដោយម៉ូឌែលដែលមានរ៉េម 3GB / 32GB ត្រូវបានលក់ក្នុងតម្លៃ 112 ដុល្លារ រីឯម៉ូឌែលដែលមានរ៉េម 4GB / 64GB វិញ វាមានតម្លៃត្រឹមខ្ទង់ 126 ដុល្លារប៉ុណ្ណោះ។

 

 

និយាយរួមទៅយើងឃើញថា Redmi 8 គឺជាស្មាតហ្វូនលំដាប់មធ្យមមួយ ដែលត្រូវបាន Redmi ផលិតឡើង ដើម្បីប្រកួតប្រជែងផ្នែកតម្លៃ នៅលើទីផ្សារផងដែរ។ ចំពោះលក្ខណៈសម្បត្តិ ដូចដែលបានរៀបរាប់ខាងលើនេះ ខ្ញុំគិតថា វាប្រាកដជាមិនសាកសមឡើយ សម្រាប់អ្នកប្រើប្រាស់ទាំងឡាយណា ដែលចូលចិត្តលេងហ្គេមធំៗ ក៏ដូចជាប្រើប្រាស់ ទៅលើតម្រូវការធ្ងន់ៗ ប៉ុន្តែវាសាកសមសម្រាប់អ្នកប្រើទូទៅ ដែលមានថវិកាតិចតួច ជាពិសេសនោះ វាពិតជាសាកសម សម្រាប់អ្នកដែលចង់បាន ស្មាតហ្វូនដែលកាន់ថ្ម ប្រើប្រាស់បានយូរផងដែរ។ ចុះប្រិយមិត្តអ្នកអានវិញ តើមានចំណាប់អារម្មណ៍បែបណាដែរ ចំពោះស្មាតហ្វូនមួយម៉ូឌែលនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: ទូរស័ព្ទ