CAMBO REPORT

Popup Advertising5 seconds

Sony បញ្ជាក់ថាម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​នឹង​មាន​ឈ្មោះ​ថា PlayStation 5 ហើយ​នឹង​បញ្ចេញ​លក់​នៅ​ចុង​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT



បន្ទាប់ពីទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង ពីម៉ាស៊ីនហ្គេម PS4 របស់ខ្លួនអស់រយៈពេលជិត 6 ឆ្នាំមកនេះ ក្រុមហ៊ុន Sony ក៏បាន ធ្វើការរៀបចំ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចេញម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន ក៏ដូចជាប្រកួតប្រជែងជាមួយដៃគូដ៏ធំរបស់ខ្លួន នោះគឺម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft ដែលមានឈ្មោះតំណាងថា Project Scarlett។ ដោយវាត្រៀមនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2020 ខាងមុខនេះតែម្តង។ បើនិយាយពីម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony យើងកត់សម្គាល់ឃើញថាមួយរយៈចុងក្រោយនេះ មានភ្នាក់ងារព័ត៌មានល្បីៗជាច្រើនបានធ្វើការចុះផ្សាយពីវាជាបន្តបន្ទាប់។

 



ជាក់ស្តែងនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមអ្វីដែលនាយកប្រតិបត្តិ របស់ Sony Interactive Entertainment (SIE) លោក Jim Ryan បានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលធ្វើឲ្យ យើងដឹងថា PlayStation 5 គឺជាឈ្មោះផ្លូវការរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony ហើយវានឹងបញ្ចេញលក់ជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះ។ មិនទាន់អស់នោះទេ បើយោងទៅតាមបទសម្ភាសន៍រវាង លោក Jim Ryan និង ភ្នាក់ងារទស្សនាវដ្តីដ៏ល្បី មួយដែលមានឈ្មោះថា Wired ធ្វើឲ្យយើងដឹងថាដៃបញ្ជរបស់ PlayStation 5 នឹងបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីមួយដែលមាន ឈ្មោះថា “adaptive triggers” ហើយបច្ចេកវិទ្យាមួយនេះនឹងត្រូវដាក់នៅលើប៊ូតុង R2/L2 តែម្តង។ បើតាមការពន្យល់របស់ Sony បាននិយាយថាតាមរយៈបច្ចេកវិទ្យានេះ វាអនុញ្ញាតឲ្យអ្នកអភិវឌ្ឍហ្គេមទាំងអស់ អាចធ្វើការកំណត់កម្លាំងសម្ពាធនៃការប្រើប្រាស់ប៊ូតុង R2/L2 បាន។ ឧទាហរណ៍ដូចជា នៅពេលដែលយើងលេងហ្គេមណាមួយ ហើយដល់ពេលដែលត្រូវយើងត្រូវ ទាញធ្នូ ឬទាញវត្ថុ អ្វីមួយឲ្យត្រលប់ថយក្រោយ ដោយប្រើប្រាស់ R2/L2 នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាដូចទាញវត្ថុពិតៗអញ្ចឹងដែរ។

 

គួររំលឹកផងថា ម៉ាស៊ីនហ្គេម PS5 នឹងត្រូវបំពាក់ដោយ បន្ទះ ឈីប AMD Ryzen (Zen 2) ប្រភេទ 7nm គួបផ្សំជាមួយ ក្រាហ្វិកកាត របស់ក្រុមហ៊ុន AMD ( បង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា Navi ) ដែលគាំទ្រមុខងារ Ray Tracing ( បង្កើតចំណាំងផ្លាតរបស់វត្ថុ ដែលស្ថិតនៅជុំវិញ មជ្ឈដ្ឋានក្នុងហ្គេម ដែលធ្វើឲ្យយើង មើលទៅដូចពិតៗអញ្ចឹង) និងប្រើប្រាស់អង្គផ្ទុកទិន្ន័យប្រភេទ SSD ដែលមានល្បឿនគណនាលឿន ហើយអ្វីដែលកាន់តែពិសេស ថែមទៀតនោះ គឺវាក៏គាំទ្រ Backwards Compatible ( មុខងារដែល អនុញ្ញាតឲ្យ អ្នកអាចលេងហ្គេម PS4 នៅលើម៉ាស៊ីន PS5 បាន) ទៀតផង។ គួរបញ្ជាក់ផងថា បើយោងព័ត៌មានផ្ទៃក្នុងរបស់ Sony ដែលបានរាយការណ៍កាលពីពេលកន្លងទៅនេះ បាននិយាយថា នៅខែ កុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Sony នឹងបើកព្រឹត្តិការណ៍មួយ ដើម្បីធ្វើការបង្ហាញពីរូបរាងពិត និងលក្ខណៈពិសេសៗរបស់ PS5 ទៅឲ្យមហាជនបានដឹងពីវា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម