CAMBO REPORT

Popup Advertising5 seconds

PS4 Remote Play នឹង​អាច​ដំណើរ​ការ​នៅ​លើ​ស្មាតហ្វូន Android គ្រប់​ម៉ូឌែល​ទាំង​អស់ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទល់មកដល់ពេលនេះ ក្រុមហ៊ុន Sony បានបញ្ចេញម៉ាស៊ីនហ្គេម PS4 របស់ខ្លួនជាផ្លូវការ ជិត 6 ឆ្នាំមកហើយ ក្នុងនោះយើង កត់សម្គាល់ឃើញថា វាពិតជាទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលចូលចិត្តលេងហ្គេម ជាពិសេសអ្នកគាំទ្រម៉ាស៊ីន ហ្គេមរបស់ Sony ផ្ទាល់តែម្តង។ ក្នុងរយៈពេលជិត 6 ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Sony តែងតែបញ្ចេញកំណែអាប់ដេត Software ថ្មីៗ ដើម្បីជួសជុល និងកែប្រែចន្លោះប្រហោងដែលកើតមានឡើងនៅក្នុងម៉ាស៊ីន PS4 ព្រមទាំងបន្ថែមមុខងារពិសេសៗទៅឲ្យវា ជាបន្តបន្ទាប់។

 



ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសចេញកំណែអាប់ដេត Software ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដើម្បីឲ្យ អ្នកប្រើប្រាស់ម៉ាស៊ីន PS4 គ្រប់ស៊េរីទាំងអស់ អាចធ្វើការអាប់ដេត ដើម្បីទទួលបានមុខងារថ្មីៗបន្ថែមទៀត។ បើយោងទៅតាមកំណែ អាប់ដេត Software របស់ PS4 ជំនាន់ 7.00 នេះ យើងឃើញថាក្រុមហ៊ុន Sony បានធ្វើការកែប្រែ និងបន្ថែមមុខងារមួយចំនួន ដូចជា មុខងារ Chat Party ឥឡូវនេះអាចផ្ទុកចំនួនអ្នកចូលរួមបានរហូតដល់ 16 នាក់ហើយ ដោយកាលពីមុនអាចផ្ទុកបានត្រឹម 8 នាក់តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតកំណែអាប់ដេតនេះ ក៏បានបន្ថែមមុខងារថ្មីមួយដែលមានឈ្មោះថា voice-to-text ប្រើប្រាស់សម្រាប់ធ្វើការបម្លែងសម្លេងរបស់យើងនៅពេលនិយាយឲ្យក្លាយទៅជាអក្សររួចធ្វើការបង្ហាញអក្សរទាំងនោះនៅលើ អេក្រង់ស្មាតហ្វូនដែលបានភ្ជាប់ជាមួយម៉ាស៊ីន PS4 តែម្តង។

 


អ្វីដែលកាន់តែពិសេសថែមទៀតនោះ កំណែអាប់ដេត Software ជំនាន់ 7.0 នេះ បានអនុញ្ញាតអ្នកប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 ឡើងទៅអាចប្រើប្រាស់មុខងារ PS4 Remote Play បានហើយ។ គួររំលឹកផងថា កាលពីមុនមុខងារ PS4 Remote Play នេះអាចប្រើប្រាស់បានតែនៅលើស្មាតហ្វូន Android របស់ក្រុមហ៊ុន Sony តែប៉ុណ្ណោះ។ កាលពីដើមឆ្នាំ 2019 កន្លងទៅនេះ Sony ក៏បានអនុញ្ញតឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS អាចប្រើប្រាស់មុខងារនេះផងដែរ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលមានម៉ាស៊ីន PS4 ព្រមទាំងស្មាតហ្វូន Android ដែលបំពាក់មកជាមួយអេក្រង់ធំៗ នឹងមានកម្រិតបង្ហាញខ្ពស់ៗ ព្រោះថាអ្នកនឹងអាចប្រើប្រាស់ស្មាតហ្វូន Android របស់អ្នកដើម្បីភ្ជាប់ទៅកាន់ម៉ាស៊ីន PS4 ដើម្បីបញ្ជាលេងហ្គេមតាមរយៈទូរសព្ទដៃរបស់អ្នកដោយផ្ទាល់តែម្តង។ មិនទាន់អស់នោះទេ បើសិនជាស្មាតហ្វូនរបស់អ្នកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 និង iOS 13 ឡើងទៅ អ្នកក៏អាចប្រើប្រាស់ដៃ Dual Shock 4 ដើម្បីបញ្ជាលេងហ្គេមនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នកផងដែរ។ គួរបញ្ជាក់ផងថា កំណែអាប់ដេត Software 7.00 ថ្មីនេះនឹងត្រូវបញ្ចេញជាផ្លូវការនៅចុងសប្តាហ៍នេះតែម្តង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម