CAMBO REPORT

Popup Advertising5 seconds

Amazon ប្រកាស​ចេញ​ថេប្លេត Fire HD 10 ស៊េរី​ថ្មី​ជា​មួយ​រន្ធ USB-C និង​ឈីប​ខ្លាំង​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថេប្លេតម៉ូឌែលកំពូលជាងគេបង្អស់ តំណាងឲ្យប្រចាំត្រកូល Fire របស់ក្រុមហ៊ុន Amazon ដែលត្រូវជាម៉ូឌែល Fire HD 10 គឺទើបតែទទួលបាន ការអាប់ដេតស៊េរីថ្មីឆ្នាំ 2019 ជាមួយនឹងការឌីហ្សាញដដែល ក៏ប៉ុន្ដែមានបំពាក់នូវ ផ្នែករឹងខ្លាំងជាងមុនទៅទៀត។ បើយោងទៅតាម Amazon គឺបានដាក់បង្ហាញឲ្យឃើញថាថេប្លេត Fire HD 10 ជំនាន់ចុងក្រោយនេះ បានរក្សាអេក្រង់ទំហំធំ 10.1 អ៊ីញ ដូចជំនាន់មុនៗដែរ ដោយឡែកប្រើប្រាស់ បន្ទះឈីបថ្មី, ថាមពលថ្មកាន់ជាងមុន និងលើកដំបូងបង្អស់ មានបំពាក់រន្ធសាកថ្ម USB Type-C ថែមទៀតផង។

 

 

មិនត្រឹមតែប៉ុណ្ណេះនោះទេ Amazon ក៏បាននិយាយប្រាប់ថា Fire HD 10 (2019) អាចដំណើរការបាន កាន់តែលឿនជាងមុន រហូតដល់ទៅចំនួន 30% ជាមួយនឹងឈីបថ្មីនេះ ហើយកាន់ថ្មបានយូរជាង 20% បើប្រៀបធៀបទៅនឹង ថេប្លេតជំនាន់មុនរបស់វា ដែលជាការអាប់ដេតដ៏ច្រើន។ ក្រៅពីនេះទៅទៀត បណ្ដាញប្រព័ន្ធតភ្ជាប់ Wi-Fi ក៏ត្រូវបានតម្លើងថ្មីដែរ ឲ្យដំណើរការល្អប្រសើរជាងមុន ហើយរន្ធដាក់បន្ថែម microSD Card ត្រូវបានពង្រីកទំហំរហូតដល់ទៅ 512GB ដោយកាលពីជំនាន់មុន ដាក់បានត្រឹមតែចំនួន 200GB ប៉ុណ្ណោះ។ ពិតជាល្អខ្លាំងមែនទែន ដែល Amazon បានជ្រើសរើសយករន្ធ USB Type-C សម្រាប់ថេប្លេតជំនាន់ក្រោយនេះ ដោយអនុញ្ញាតឲ្យមាន Fast Charging សាកថ្មកាន់តែលឿន ផងដែរ។

 

ចំណែកឯផ្នែកប្រព័ន្ធដំណើរការ នៅលើថេប្លេត Fire HD 10 ស៊េរីថ្មីចុងក្រោយនេះ មិនមានអ្វីប្លែកនោះទេ ដោយនៅតែប្រើប្រាស់ Android ជាមួយនឹងការកែប្រែដោយ Amazon ឲ្យមានភាពសាមញ្ញ ខុសពីក្រុមហ៊ុនដទៃទៀត។ បន្ថែមពីនេះ យើងក៏ឃើញមានថេប្លេត Fire HD 10 Kids Edition ជាពិសេសសម្រាប់កុមារទាំងឡាយ ព្រមទាំងមានបំពាក់ ស្រោមការពារនៅខាងក្រៅ ដោយវាស្រដៀងគ្នាទៅនឹង Fire HD 7 Kids Edition ពីមុនអញ្ចឹងដែរ ដើម្បីការពារនៅពេលធ្លាក់ និងមានតម្លើងកម្មវិធីពិសេស សម្រាប់ឲ្យក្មេងងាយស្រួល បញ្ជាប្រើប្រាស់ថែមទៀត។

 

 

ជាចុងក្រោយ ថេប្លេត Fire HD 10 (2019) មានជម្រើសពណ៌ថ្មីៗដូចជា ពណ៌ខៀវភ្លឺ, ពណ៌ត្នោត និងពណ៌ស ផងដែរ ដោយស្ដង់ដារពីមុនៗមក មានតែជម្រើសពណ៌ខ្មៅប៉ុណ្ណោះ ហើយជំនាន់ចុងក្រោយនេះ ក៏មានផ្ទៃអេក្រង់ខាងមុខពណ៌ស មិនធ្លាប់ឃើញពីមុននោះទេ។ បើទោះបីជា មានការអាប់ដេតថ្មីៗ យ៉ាងណាក្ដី ប៉ុន្ដែ Amazon មិនតម្លើងតម្លៃនោះទេ ដោយថេប្លេត Fire HD 10 ថ្មីនេះមានតម្លៃខ្ទង់ 149 ដុល្លារ ដូចម៉ូឌែលមុនដដែល ឬក៏តម្លៃខ្ទង់ 199 ដុល្លារសម្រាប់ម៉ូឌែល Kids Edition ដោយរថប្លេតទាំងពីរនេះ មិនចាប់ផ្ដើមចេញលក់ ជាផ្លូវការពីថ្ងៃទី 30 ខែតុលានេះតទៅ ហើយប្រិយមិត្តទាំងអស់គ្នា អាចកម្ម៉ង់ទុកមុនបាន ចាប់ពីថ្ងៃនេះតទៅ នៅលើវេបសាយ Amazon ផ្ទាល់តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ថេប្លេត