CAMBO REPORT

Popup Advertising5 seconds

Instagram នៅលើ iOS ទទួល​បាន​មុខងារ Dark Mode សម្រាប់ iOS 13

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone និង iPod អាចធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 13 ជាផ្លូវការ ហេតុដូច្នេះខ្ញុំជឿថាប្រាកដជាមានប្រិយមិត្ត មិនតិចនោះទេដែលបានធ្វើការអាប់ដេតទៅកាន់ iOS 13 ច្បាស់ជាមិនខាន។ គួររំលឹកផងថា iOS 13 បានភ្ជាប់មកជាមួយមុខងារថ្មី និងពិសេសៗជាច្រើន ដែលជួយឲ្យ iPhone និង iPod របស់អ្នកមានដំណើរការកាន់តែរលូន និងលឿនជាងមុន។

 


ក្នុងនោះយើងកត់សម្គាល់ឃើញថា Dark Mode គឺជាមុខងារមួយដ៏សំខាន់ ដែលធ្វើឲ្យមនុស្សជាច្រើនបានសម្រេចចិត្តធ្វើការអាប់ដេត ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 13 ដើម្បីបានប្រើប្រាស់មុខងារនេះ។ បន្ទាប់ពី Dark Mode មានវត្តមាននៅក្នុង iOS 13 ជាផ្លូវការ មក មានក្រុមអ្នកបង្កើតកម្មវិធីល្បីៗជាច្រើន បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតថ្មីទៅឲ្យកម្មវិធីរបស់ខ្លួន ដើម្បីគាំទ្រមុខងារ Dark Mode នៅលើ iOS 13 ជាបន្តបន្ទាប់។ ជុំវិញរឿងរ៉ាវខាងលើនេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវា ផងដែរ។ បើយោងទៅតាម កំណែអាប់ដេតថ្មីចុងក្រោយគេរបស់កម្មវិធី Instagram ជំនាន់ 114.0 បានធ្វើឲ្យយើងដឹងថា កម្មវិធីបណ្តាញសង្គមដ៏ល្បីមួយនេះ ទទួលបានកំណែអាប់ដេតគាំទ្រមុខងារ Dark Mode នៅក្នុង iOS 13 នេះហើយ។ គួរបញ្ជាក់ផងថា មុខងារ Dark Mode នៅលើ Instagram គឺវាដំណើរការដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបើកមុខងារ Dark Mode នៅក្នុង iOS 13 តាមរយៈ Settings របស់ iPhone និង iPod របស់អ្នក ឬក៏តាមមុខងារផ្លូវកាត់ Control Center ក៏បាន។

 


សរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone និង iPod ដែលដំណើរការដោយប្រព័ន្ធតិបត្តិការ iOS 13 ជាពិសេសអ្នកដែលចូលចិត្តប្រើប្រាស់កម្មវិធី Instagram តែម្តង។ ដូច្នេះបើសិនជាអ្នកមិនទាន់បានអាប់ដេតនោះទេ លោកអ្នកអាចចូលទៅក្នុង App Store រួចធ្វើការ Refresh នៅត្រង់កន្លែងអាប់ដេត វានឹងបង្ហាញកំណែអាប់ដេតថ្មីជំនាន់ ចុងក្រោយរបស់ Instagram ជាមិនខាន។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថាមិនយូរនោះទេ កម្មវិធីបណ្តាញសង្គម ដ៏ល្បីល្បាញ Facebook ក៏ទទួលបានកំណែអាប់ដេតថ្មី ដើម្បីគាំទ្រមុខងារ Dark Mode នៅលើ iOS 13 ផងដែរ ព្រោះថាកម្មវិធី Facebook និង Instagram គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតែមួយ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: កម្មវិធី-ហ្គេម