CAMBO REPORT

Popup Advertising5 seconds

រឿង Joker រកបាន 93.5 លានដុល្លារ ជាប់​កំណត់​ត្រា​ជា​រឿង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​សប្តាហ៍​ដំបូង​នៃ​ខែ​តុលា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនដែលស្នេហាវិស័យខ្សែភាពយន្ត ប្រាកដជាស្គាល់រឿង Joker ច្បាស់ជាមិនខាន។ Joker គឺជាឈ្មោះហៅក្រៅរបស់តួអង្គចិត្តអាក្រក់ម្នាក់ដែលមានឈ្មោះថា Arthur Fleck ហើយក៏ជាសត្រូវស្លាប់រស់របស់ Batman ផងដែរ។ គួររំលឹកផងថា ខ្សែភាពយន្ត Joker (2019) ជំនាន់ចុងក្រោយគេបង្អស់ ដែលដឹកនាំរឿងដោយ លោក Todd Phillips និងផលិតដោយក្រុមហ៊ុន Warner Bros. ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ DC Comics កំពុងចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តល្បីៗនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសរបស់យើង ក៏កំពុងតែចាក់បញ្ចាំងផងដែរ។

 



ទាក់ទងទៅនឹង Joker (2019) នេះ យើងក៏ទើបតែទទួលបានព័ត៌មានមួយដែលនិយាយពីវាផងដែរ។ បើយោងទៅតាមគេហទំព័រល្បីឈ្មោះមួយដែលមានឈ្មោះថា Hollywood Reporter បានរាយការណ៍មកថា នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចាក់បញ្ចាំងនៅតាមរោងភាពយន្តដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក រឿង Joker អាចរកបានប្រាក់ចំណូលសរុបចំនួន 93.5 លានដុល្លារ ព្រមទាំងជាប់កំណត់ត្រាជារឿងដែលរកបានប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍ដំបូងនៃខែតុលានេះ។ បើគិតអំពីប្រាក់ចំណូលនៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការបញ្ចាំងនៅជុំវិញពិភពលោក រឿង Joker (2019) អាចរកបានប្រាក់ចំណូលសរុប 234 លានដុល្លារ នេះមិនបានរាប់បញ្ចូលប្រាក់ចំណូលដែលរកបានពីប្រទេសចិននោះទេ ព្រោះថា រឿង Joker មិនទាន់បានដាក់បញ្ចាំងនៅតាមរោងភាពយន្ត ដែលស្ថិតនៅក្នុងប្រទេសចិននោះទេ។ តាមពីក្រោយដោយរឿង Abominable របស់ Universal ដែលអាចរកបានប្រាក់ចំណូលក្នុងសប្តាហ៍ដំបូង សរុបចំនួន 12 លានដុល្លារ និងប្រាក់ចំណូលសរុបដែលរកបានទូទាំងពិភពលោក ចំនួន 37.8 លានដុល្លារ និងចំណាត់ថ្នាក់ទី 3 គឺ រឿង Downton Abbey របស់ Focus Features ដែលអាចរកបានប្រាក់ចំណូលក្នុងសប្តាហ៍ដំបូង សរុបចំនួន 8 លានដុល្លារ និងប្រាក់ចំណូលសរុបដែលរកបានទូទាំងពិភពលោក ចំនួន 73.6 លានដុល្លារ។

 


គួរបញ្ជាក់ផងថា រឿង Joker (2019) គឺចង់ពិពណ៌នាអំពី សាច់រឿងដើមកំណើត និងជីវប្រវត្តិរបស់តួអង្គ Arthur Fleck ហើយមានអាជីពជាតួត្លុក ដែលកំពុងតែជួបប្រទះនឹងបញ្ហា ការងារនិងទទួលរងការមើលងាយពីអ្នកដទៃ ព្រមទាំងសម្ពាធជាច្រើននៅជុំវិញខ្លួន។ ហេតុដូច្នេះហើយបណ្ដាលឲ្យគាត់សម្រេចចិត្ត ក្លាយទៅជាតួអង្គចិត្តអាក្រក់ដែលមានឈ្មោះហៅក្រៅថា Joker នេះតែម្ដង។ ចំណែកឯតារាសម្ដែង ដែលបានដើរតួជា Joker គឺលោក Joaquin Phoenix។ សរុបមកវិញ មានន័យថាខ្សែភាពយន្តមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ជាពិសេសគឺហ្វេនរបស់ DC តែម្តង។ អញ្ចឹងបើសិនជាប្រិយមិត្តណាដែលមិនទាន់បានទស្សនា កុំភ្លេចទៅទស្សនាទាំងអស់គ្នា ព្រោះថាឮគេនិយាយ 100 ដង មិនបានស្មើទៅមើលដោយខ្លួនឯងមួយដងនោះទេ។ យ៉ាងណាក៏ដោយ មុននឹងទៅមើលត្រូវប្រាកដថា អ្នកមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ព្រោះថារឿងនេះគឺជារឿងប្រភេទ Rated R ( រឿងដែលត្រូវបានហាមឃាត់មិនឲ្យអ្នកដែលមានអាយុក្រោម 18 ឆ្នាំមើល)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Hollywood Reporter Tag: ចំណេះដឹងទូទៅ