CAMBO REPORT

Popup Advertising5 seconds

បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​ប្ដឹង Apple ដោយ​ចោទ​ថា​ជំរុញ​ឲ្យ​គាត់​ស្រឡាញ់​ភេទ​ដូច​គ្នា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជនមិនស្គាល់មុខម្នាក់ មកពីប្រទេសរុស្ស៊ី កាលពីពេលថ្មីៗមកនេះ បានចោទប្ដឹងក្រុមហ៊ុនយក្ស Apple ជាមួយបណ្តឹងទាមទារសំណង 15,000 ដុល្លារ ទៅលើបញ្ជាធ្វើឲ្យគាត់ ក្លាយទៅជាមនុស្សស្រឡាញ់ភេទដូចគ្នា នេះបើយោងទៅតាម សេចក្ដីរាយការណ៍របស់ AFP តាមរយៈវេបសាយ ផ្សព្វផ្សាយសារព័ត៌មាន The Telegraph កាលពីម្សិលមិញនេះ។ ហេតុការណ៍បង្កឡើងនេះ គឺបន្ទាប់ពីមានឧបទ្ទវហេតុមួយ កាលពីប៉ុន្មានខែមុននេះ ដែលប្រាក់ឌីជីថល Cryptocurrency មានឈ្មោះហៅថា “GayCoin” ត្រូវបានច្រឡំផ្ញើទៅឲ្យគាត់ តាមរយៈ iPhone ខុសពីទឹកប្រាក់ Bitcoin ដែលគាត់បានបញ្ជាទិញទៅវិញ។

 

 

ចំណែកឯប្រាក់ឌីជីថល “GayCoin” ផ្ញើទៅឲ្យគាត់នោះ គឺបានសរសេរបញ្ជាក់ថា “កុំទាន់វិនិច្ឆ័យ បើមិនធ្លាប់សាក” ហើយបន្ទាប់ពីឃើញអញ្ចឹង គាត់ក៏បានយល់ឃើញថា ពាក្យមួយឃ្លានេះ ពិតជាត្រឹមត្រូវមែន ដូច្នេះក៏បានជំរុញឲ្យគាត់ សាកល្បងទំនាក់ទំនង សេចក្ដីស្រឡាញ់ ជាមួយបុរសដូចគ្នាតែម្ដងទៅ។ បុរសជនជាតិរុស្ស៊ីម្នាក់នេះ បាននិយាយប្រាប់បន្ដទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់មានមិត្តប្រុសម្នាក់បាត់ហើយ ដោយមិនដឹងថា ត្រូវពន្យល់ប្រាប់ ឪពុកម្តាយរបស់គាត់ យ៉ាងណានោះទេ ហើយខ្សែជីវិតត្រូវបាន ផ្លាស់ប្ដូរទាំងស្រុង និងមិនដឹងថាត្រឡប់ទៅ ដូចសភាពដើមវិញ តាមរបៀបណាបានឡើយ។ មេធាវីរបស់គាត់គឺលោក Sapizhat Gusnieva បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីសហរដ្ឋអាមេរិកនេះថា ចាំបាច់ទទួលខុសត្រូវ លើបញ្ហាដ៏ធំមួយនេះ ដោយមិនបានត្រួតពិនិត្យ កម្មវីធីរបស់ iPhone មិនបានល្អ ទើបធ្វើឲ្យរឿងនេះកើតឡើងបាន។

 

 

ពាក្យបណ្តឹងពីបុរសជនជាតិរុស្ស៊ីនេះ ត្រូវបានដាក់កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2019 កន្លងផុតទៅនេះ ហើយតុលាការនឹង បើកសវនាការបណ្តឹង នៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ បើយោងទៅតាម ប្រភពព័ត៌មានដដែល។ ការរើសអើងអ្នកស្រឡាញ់ មនុស្សភេទដូចគ្នា គឺបានរីករាលដាលខ្លាំងឡើងៗ នៅក្នុងប្រទេសរុស្ស៊ី ដោយប្រទះឃើញមាន ការវាយប្រហារសហគមន៍ LGBT តាមទីកន្លែងសាធារណៈ ជាច្រើនករណីផងដែរ ក្នុងរយៈប៉ុន្មានឆ្នាំក្រោយៗនេះ។ ចំពោះក្រុមហ៊ុន Apple ប្រចាំប្រទេសរុស្ស៊ី គឺមិនទាន់បានឆ្លើយតប ទៅនឹងបញ្ហានេះនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: Lifestyle