CAMBO REPORT

Popup Advertising5 seconds

លោក Tim Cook និយាយ​ថា Apple តែង​តែ​ព្យាយាម​រក្សា​តម្លៃ​ឲ្យ​ទាប​បំផុតទៅ​លើ​ផលិត​ផល​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានប្រតិបត្តិរបស់ Apple លោក Tim Cook មានកិច្ចសន្ទនាជាមួយ ក្រុមសារព័ត៌មាន Stern មកពីប្រទេសអាឡឹម៉ង់ ទាក់ទងទៅនឹងម៉ូឌែល iPhone ស៊េរីឆ្នាំ 2019 និងសេវាកម្មទស្សនាទូរទស្សន៍ Apple TV+ ខណៈពេលដែល គាត់ធ្វើដំណើរទស្សនកិច្ច ទៅកាន់ការិយាល័យ នៃក្រុមហ៊ុន Blinkist ផងដែរ។ សម្រាប់ប្រិយមិត្តមិនទាន់ដឹង Blinkist គឺជាក្រុមហ៊ុនបង្កើតកម្មវិធី សង្ខេបចំណុចសំខាន់ៗ នៃសៀវភៅនានា ក្លាយទៅជាអត្ថបទខ្លីៗ និងព្រមទាំងអាចចេញ ជាសម្លេងនិយាយឲ្យស្ដាប់ បានថែមទៀត។ អ្វីដែលពិសេសនោះគឺថា លោក Tim Cook បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន តាំងពីដើមមកតែងតែ ព្យាយាមកំណត់តម្លៃលក់ នៅកម្រិតទាបបំផុត តាមការអាចធ្វើបាន។

 

 

ស្របនឹងពេលនោះផងដែរ គាត់ក៏បាននិយាយប្រាប់ថា នេះពិតជាល្អប្រសើរណាស់ ដែលយើងអាចកាត់បន្ថយ តម្លៃដាក់លក់ទៅលើ iPhone ស៊េរីថ្មីៗចេញនៅឆ្នាំនេះ។ ចំណែកឯសេចក្តីថ្លែងការណ៍ ដែលបានអះអាងមកនេះ គឺហាក់បីដូចជា ចម្រូងចម្រាសបន្តិចដែរ នៅពេលប្រើប្រាស់ពាក្យថា “រក្សាតម្លៃឲ្យទាបបំផុត” ប៉ុន្ដែយ៉ាងហោចណាស់ យើងឃើញមានតម្លៃចុះបាន 50 ដុល្លារ សម្រាប់ម៉ូឌែល iPhone 11 បើប្រៀបធៀបទៅនឹង iPhone XR ចេញកាលពីឆ្នាំមុន និងមានកម្លាំងម៉ាស៊ីន ខ្លាំងជាងមុនទៅទៀត។ បើនិយាយអំពីតម្លៃទាបទៅលើ iPhone គឺមិនសូវសមប៉ុន្មាននោះទេ ប៉ុន្ដែចំពោះសេវាកម្ម Apple TV+ ដូចជាត្រឹមត្រូវច្រើនជាង ពីព្រោះវាមានតម្លៃប្រចាំខែត្រឹមតែ 4.99 ដុល្លារប៉ុណ្ណោះ ដោយឡែកសេវាកម្ម Netflix មានតម្លៃប្រចាំខែរហូតដល់ទៅ 12.99 ដុល្លារឯណោះ នៅឯសហរដ្ឋអាមេរិក។ សូម្បីតែសេវាកម្មលេងហ្គេម Apple Arcade ក៏មានតម្លៃប្រចាំខែសមរម្យល្មម ដោយស្ថិតនៅខ្ទង់ 4.99 ដុល្លារដូចគ្នាដែរ ដូច្នេះមានន័យថា Apple ពិតជាកំពុងព្យាយាម ទម្លាក់តម្លៃដាក់លក់ជាងមុន ប៉ុន្ដែមិនសំដៅទៅលើ iPhone នោះទេ ដោយវានៅមានតម្លៃថ្លៃដដែល។

 

 

តើការអះអាងរបស់លោក Tim Cook លើកនេះ គឺចង់បង្ហើបឲ្យបានដឹងថា iPhone ស៊េរីឆ្នាំ 2020 អាចនឹងមានតម្លៃទាបជាងមុន? សម្រាប់ចម្លើយវិញនោះ ត្រូវទន្ទឹងរង់ចាំមើល នៅពេលដែល Apple ប្រកាសចេញ iPhone ស៊េរីថ្មីៗ ក្នុងឆ្នាំក្រោយទាំងអស់គ្នា ហើយយើងសង្ឃឹមថា អ្វីដែលគាត់និយាយ គឺជាការពិតមែនផងដែរ។ អញ្ចឹង ចុះប្រិយមិត្តអ្នកអាន យល់ឃើញយ៉ាងណាដែរ ចំពោះយុទ្ធសាស្ត្ររក្សាតម្លៃ ឲ្យទាបបំផុតរបស់ Apple នេះ? សូមបញ្ចេញមតិរបស់អ្នក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ ឲ្យបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: Lifestyle