CAMBO REPORT

Popup Advertising5 seconds

Microsoft យល់​ឃើញ​ថា Windows ដូច​ជា​លែង​សូវ​សំខាន់​ត​ទៅ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃពុធទី 2 ខែតុលា ឆ្នាំ 2019 កន្លងផុតទៅនេះ Microsoft បានរៀបចំឡើងនូវ ព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីធ្វើការប្រកាសចេញ ផលិតផលស៊េរីថ្មីៗរបស់ខ្លួន ដែលរួមមានដូចជា កុំព្យូទ័រយួរដៃ និងថេប្លេតកូនកាត់ Surface ជំនាន់ក្រោយ ហើយព្រមទាំងវត្តមានរបស់ ស្មាតហ្វូន/ថេប្លេតអេក្រង់ភ្លោះ Surface Duo និង Surface Neo ថែមទៀតផង។ រហូតមកដល់ពេល ធ្វើការសំភាសន៍ជាមួយ ក្រុមសារព័ត៌មាន Wired កាលពីម្សិលមិញនេះ លោក Satya Nadella ដែលជាប្រធានគ្រប់គ្រងប្រចាំ Microsoft បាននិយាយប្រាប់ថា ប្រព័ន្ធប្រតិបត្តិការ លែងសូវមានប្រយោជន៍ សម្រាប់យើងតទៅទៀតនោះឡើយ ដោយចង់សំដៅទៅលើ Windows តែម្ដង។

 

 

ចំពោះមូលហេតុចម្បង ដែលបណ្ដាលឲ្យ គាត់យល់ឃើញដូចនេះ គឺដោយសារតែ អ្វីដែលសំខាន់បំផុតនោះគឺ កម្មវិធីដំណើរការបានរលូនឬអត់ និងបទពិសោធន៍របស់ អ្នកប្រើប្រាស់ទាំងឡាយ ដោយចង់មានន័យថា ប្រព័ន្ធប្រតិបត្តិការ Windows ត្រូវបានធ្លាក់ចេញពីបញ្ជីសំខាន់ របស់ក្រុមហ៊ុន Microsoft ផងដែរ។ គាត់ក៏បានបន្ថែមទៀតថា ការបង្កើតកម្មវិធីសម្រាប់ Surface Duo និង Surface Neo គឺមានចំណុចសំខាន់ត្រូវធ្វើឡើង ច្រើនជាងការសរសេរកូដឲ្យ កម្មវិធីរបស់ Windows និងរបស់ Android ទៅទៀតឯណោះ។ ពិតប្រាកដណាស់ អ្វីដែលគាត់បានលើកឡើងនេះ គឺសុទ្ធតែត្រឹមត្រូវច្រើន ដោយកាលពីឆ្នាំមុននេះ Microsoft បានសម្រេចចិត្តកាត់បន្ថយ លើផ្នែកអភិវឌ្ឍន៍ប្រព័ន្ធ Windows និងចាប់ផ្ដើមផ្ដោតទៅលើ បណ្ដាញប្រព័ន្ធពពក (Cloud) និងសិក្សាលើបច្ចេកវិទ្យា AI ច្រើនជាងមុនទៅវិញ។

 

នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ Windows បានដាក់ឲ្យដំណើរការលើ ស្ទើរតែគ្រប់កុំព្យូទ័រទៅហើយ និងនៅតែរកប្រាក់ចំណូលបានច្រើន ទៅឲ្យអាជីវកម្មរបស់ Microsoft ប៉ុន្ដែត្រូវបានគេរំពឹងទុកថា មិនមែនសម្រាប់ ពេលអនាគតខាងមុខ តទៅទៀតនោះទេ។ បច្ចេកវិទ្យាកាន់តែរីកចម្រើន ពីមួយថ្ងៃទីមួយថ្ងៃ ដូច្នេះអ្វីដែលកំពុងពេញនិយម ក្នុងពេលឥឡូវនេះ មិនប្រាកដថាគ្មាននរណាម្នាក់ អាចជំនួសតំណែងវាបាន នៅពេលក្រោយឡើយ។ ប្រសិនបើក្រុមហ៊ុន Microsoft នៅតែប្រើប្រាស់ Windows លើម៉ូឌែលស្មាតហ្វូន ជំនាន់ក្រោយរបស់ខ្លួន ដូច្នេះវានឹងអាចបាត់ ប្រជាប្រិយភាពម្ដងទៀត ហេតុនេះហើយ ក៏បានសុខចិត្តចាប់ដៃគូជាមួយ Google ដើម្បីបំពាក់ Android នៅលើ Surface Duo របស់ខ្លួនផងដែរ។

 

 

យ៉ាងណាក៏ដោយ នៅពេលដែលអ្នកសារព័ត៌មាន ចោទសួរទៅកាន់លោក Satya Nadella ថាប្រព័ន្ធប្រតិបត្តិការ Android អាចនឹងជំនួយទៅឲ្យ Windows នាពេលអនាគតដែរឬទេ ប៉ុន្ដែក៏គាត់បានឆ្លើយបដិសេធទៅវិញ និងនិយាយប្រាប់ថា គាត់ទទួលបានមេរៀនរួចមកហើយ ដោយសម្រាប់ស្មាតហ្វូន មានតែ Android គឺជាជម្រើសដ៏ល្អបំផុត រីឯឧបករណ៍សំខាន់ជាងនេះ មានតែ Windows ទើបអាចធ្វើអ្វីគ្រប់យ៉ាងបានដដែល។ ជាចុងក្រោយ គួរបញ្ជាក់ផងថា នេះមិនមែនមានន័យថា Windows មិនបាត់ខ្លួនរហូតនោះទេ នាពេលអនាគតខាងមុខ ប៉ុន្ដែវាអាចលែងជា ចំណុចសំខាន់បំផុត តទៅទៀតហើយ ដោយមួយរយៈពេលក្រោយៗនេះ Microsoft បានព្យាយាមយក កម្មវិធីរបស់ខ្លួន ឲ្យដាក់ដំណើរការនៅលើ ប្រព័ន្ធប្រតិបត្តិការផ្សេងៗ ជាបណ្ដើរៗហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ