CAMBO REPORT

Popup Advertising5 seconds

ត្រឹមមួយសប្តាហ៍ដំបូងតែប៉ុណ្ណោះ Mario Kart Tour ត្រូវបានគេទាញយករហូតដល់ 90 លានដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា បន្ទាប់ពីបានធ្វើការអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមក នៅទីបំផុត កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Nintendo បានធ្វើការប្រកាសចេញ ហ្គេមប្រណាំងឡាន Mario Kart Tour ជាផ្លូវការ ហើយវាក៏បានត្រូវបានដាក់ឲ្យធ្វើការទាញយក  ដោយឥតគិតថ្លៃផងដែរ នៅលើ App Store និង Google Play។ គួរបញ្ជាក់ផងថា ដើម្បីអាចធ្វើការលេងហ្គេមនេះបាន វាតម្រូវឲ្យយើងមានគណនី Nintendo មួយ ព្រមទាំងតម្រូវឲ្យឧបករណ៍របស់យើងដំណើរការ ដោយ ប្រព័ន្ធប្រិតបតិ្តការ Android ចាប់ពីជំនាន់ 4.4 ឡើងទៅ ចំណែក iOS វិញគឺចាប់ពីជំនាន់ 10.0 ឡើង ។ ដើម្បីទាញយក អ្នកអាចចុចនៅលើតំណរភ្ជាប់នេះ ចុចទីនេះ សម្រាប់ Android និង ចុចទីនេះ សម្រាប់ iOS។


បើនិយាយទាក់ទងទៅនឹងហ្គេមប្រណាំងឡាន Mario Kart Tour នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទង ពីវាផងដែរ។ បើយោងទៅតាមគេហទំព័រ Sensor Tower បានរាយការណ៍មកថា ត្រឹមមួយសប្តាហ៍ដំបូងតែប៉ុណ្ណោះ Mario Kart Tour ត្រូវបានគេទាញយករហូតដល់ 90 លានដង ហើយធ្វើឲ្យវាក្លាយទៅហ្គេមស្មាតហ្វូនដែលបង្កើតឡើងដោយក្រុមហ៊ុន Nintendo ដែលត្រូវបានគេទាញយកលឿនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ Nintendo ហើយបើប្រៀបធៀបជាមួយការទាញយកហ្គេម Animal Crossing : Pocket Camp វាទទួលបានការទាញយកច្រើនជាង 6 ដងឯណោះ។ គួររំលឹកផងថាហ្គេម Animal Crossing : Pocket Camp មួយសប្តាហ៍ដំបូងបន្ទាប់ពីការបញ្ចេញជាផ្លូវការ ត្រូវបានគេទាញយកចំនួន 14.3 លានដង ដែលធ្វើឲ្យវាក្លាយទៅជា ហ្គេមដែលជាប់លេខរៀងទី 2 បន្ទាប់ពីហ្គេម Mario Kart Tour និងលេខរៀងទី 3 បានទៅលើហ្គេម Super Mario Run ត្រូវបានគេទាញយកចំនួន 13 លានដង។ បើងាកទៅមើលប្រាក់ចំណូលក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការបញ្ចេញជាផ្លូវការវិញ ហ្គេម Mario Kart Tour ឈរនៅលេខរៀងទី 3 ដែលអាចរកបានប្រាក់ចំណូលចំនួន 12.7 លានដុល្លារ ខណៈដែល ហ្គេម Mario Run ឈរនៅលេខរៀងទី 2 ដែលអាចរកបានប្រាក់ចំណូលចំនួន 16.1 លានដុល្លារ រីឯហ្គេម Fire Emblem Heroes ឈរនៅលេខរៀងទី 1 ដែលអាចរកបានប្រាក់ចំណូលចំនួន 28.2 លានដុល្លារ។

 

 

គួរបញ្ជាក់ផងថា ហ្គេម Mario Kart Tour នៅលើ Google Play ត្រូវបានគេទាញយកចំនួន 53.5 លានដង បើគិតជាភាគរយគឺ 59.5% ចំណែកឯ App Store វិញវាត្រូវបានគេទាញយកចំនួន 36.5 លានដង។ បើងាកទៅមើលប្រាក់ចំណូលវិញ ហ្គេម Mario Kart Tour អាចរកប្រាក់ចំណូលពី App Store បានចំនួន 9.6 លានដុល្លារ បើគិតជាភាគរយគឺ 75.6% ចំណែកឯនៅលើ Google Play វិញ វាអាចរកបានប្រាក់ចំណូលបានចំនួន 3.1 លានដុល្លារ បើគិតជាភាគរយគឺ 24.5%។ ប្រភពបន្តទៀតថា ក្រុមហ៊ុន Nintendo អាចរកប្រាក់ចំណូលពី App Store ចំនួន 0.26 ដុល្លារ សម្រាប់ការទាញយកមួយលើក រីឯនៅលើ Google Play វិញក្រុមហ៊ុន Nintendo អាចរកប្រាក់ចំណូលបានចំនួន 0.06 ដុល្លារ សម្រាប់ការទាញយកមួយលើក។
 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Sensor Tower Tag: កម្មវិធី-ហ្គេម