CAMBO REPORT

Popup Advertising5 seconds

ប្រទះឃើញវត្តមានរបស់ Galaxy Tab S6 5G ត្រូវ​បាន​ចុះ​បញ្ជី​នៅ​លើ​គេហទំព័រ Bluetooth SIG

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថាបច្ចេកវិទ្យាសេវា 5G បានបោះជំហ៊ានទៅមុខ ពីមួយថ្ងៃ ទៅមួយថ្ងៃ ឃើញដូច្នេះហើយទើបក្រុមហ៊ុន ផលិតស្មាតហ្វូនធំៗជាច្រើន បានធ្វើតេស្តសាកល្បងទៅលើបច្ចេកវិទ្យានេះ ដើម្បីយកទៅបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន ហើយបើគិត ទល់មកដល់ពេលនេះ យើងឃើញមានវត្តមានស្មាតហ្វូនដែលដំណើរការដោយបច្ចេកវិទ្យា 5G នេះ ច្រើនគ្រាន់បើហើយ ក្នុងនោះ រួមមានដូចជា ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung, Huawei, OPPO, OnePlus, vivo, LG, ZTE, និង Motorola ជាដើម។

 



ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ យើងមិនទាន់ឃើញវត្តមានថេប្លេតរបស់ក្រុមហ៊ុនមួយណាដែលបំពាក់ដោយបច្ចេកវិទ្យាសេវា 5G នេះទេ។ ទាក់ទងនឹងរឿងរ៉ាវនេះ យើងក៏ទើបតែទទួលបានព័ត៌មានមួយដែលនិយាយពីវាផងដែរ។ បើយោងទៅតាមគេហទំព័រមួយ ដែលមានឈ្មោះថា Gizmochina បានធ្វើការចុះផ្សាយរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យយើងឃើញថា ក្រុមហ៊ុន Samsung បានធ្វើការចុះបញ្ជី Galaxy Tab S6 ម៉ូឌែល 5G របស់ខ្លួនចូលទៅក្នុងគេហទំព័រ Bluetooth SIG។ បើយោងទៅតាមរូបភាពនេះ យើងសង្កេតឃើញថា Galaxy Tab S6 5G មានឈ្មោះតំណាងថា SM-T866N ខណៈដែល Galaxy Tab S6 ម៉ូឌែលធម្មតា មានឈ្មោះតំណាងថា SM-T865N។ តាមរយៈរូបភាពនេះដែរ បានបង្ហាញថា Samsung បានធ្វើការចុះបញ្ជី Galaxy Tab S6 ម៉ូឌែល 5G នៅថ្ងៃទី 19 ខែកញ្ញា កន្លងទៅប្រហែលជា 2 សប្តាហ៍មុននេះ។

 


គួររំលឹកផងថា Galaxy Tab S6 ម៉ូឌែលធម្មតា បានបំពាក់មកជាមួយអេក្រង់ទំហំ 10.5 អ៊ីញ ប្រភេទជា Super AMOLED មានកម្រិតបង្ហាញ 1,600 x 2,560 ភិចស៊ែល។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់ដោយបន្ទឈីប Snapdragon 855 ទំហំ 7nm អមមកជាមួយ GPU Adreno 640។ ចំពោះផ្នែកកាមេរ៉ាវិញ វាបំពាក់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ដែលមានទំហំ 8MP មានកម្រិត Aperture f/2.0 និងកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលដែលមានទំហំ 13MP មានកម្រិត Aperture f/2.0 និង មួយគ្រាប់ចុងក្រោយជាលេនទំលាយដែលមានទំហំ 5MP មានកម្រិត Aperture f/2.2។ អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹង Galaxy Tab S6 5G។ ជាចុងក្រោយចំពោះគំនិតរបស់ខ្ញុំ ខ្ញុំគិតថា Samsung អាចនឹងបញ្ចេញលក់ Galaxy Tab S6 ម៉ូឌែល 5G ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ហើយយ៉ាងយូរគឺនៅចុងឆ្នាំ 2019 នេះតែម្តង ព្រោះថារាល់ពេលដែលគេប្រទះឃើញឧបករណ៍ណាមួយដែលបានចុះបញ្ជី បន្ទាប់ពីនោះមិនបាន 1 ខែ ទៅ 2 ខែ នោះទេ វានឹងបង្ហាញវត្តមានជាផ្លូវការតែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ថេប្លេត