CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Microsoft Surface Pro X មាន​កម្រាស់​ត្រឹម 5.3mm និង​ប្រើ​ប្រាស់ CPU ប្រភេទ​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់មិញនេះ នៅឯព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft បានធ្វើ ការប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ដើម្បីឲ្យមហាជនបានឃើញពីរូបរាង និងលក្ខណៈសម្បត្តិពិសេសៗរបស់វា។ ក្នុងនោះ យើងសង្កេតឃើញថាកុំព្យូទ័រយួរដៃថ្មី 2-in-1 ស្ថិតនៅក្នុងខ្សែស្រឡាយ Surface របស់ Microsoft ដែលមានឈ្មោះជាផ្លូវការថា Surface Pro X ក៏បានក្លាយទៅជាផលិតផលមួយក្នុងចំណោមផលិតផលថ្មីៗដទៃទៀត ដែលទទួលបានការចាប់អារម្មណ៍ពី ទស្សនិកជនដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

 

 

Surface Pro X បំពាក់មកជាមួយអេក្រង់ទំហំ 13 អ៊ីញ ដែលមានកម្រិតបង្ហាញ 2880 x 1920 មានដង់ស៊ីតេ 267ppi និងមាន សមាមាត្រអេក្រង់ 3:2 ព្រមទាំងគាំទ្រមុខងារ Touch Screen និង Surface Pen ដែលអាចធ្វើការសាកថ្មផងដែរ។ អ្វីដែលកាន់តែ ពិសេសថែមទៀតនោះគឺវាមានកម្រាស់ត្រឹមតែ 5.3mm ប៉ុណ្ណោះ។ លើសពីនេះទៅទៀតវាក៏បានបំពាក់មកជាមួយកាមេរ៉ាទាំងមុខ និងទាំងក្រោយផងដែរ ដោយកាមេរ៉ាមុខមានចំនួន 1 គ្រាប់ ដែលមានសេនស័រទំហំ 5MP អាចគាំទ្រការថតវីដេអូក្នុងកម្រិត Full HD (1080p) និងកាមេរ៉ាក្រោយចំនួន 1 គ្រាប់ ដែលមានសេនស័រទំហំ 10MP អាចគាំទ្រការថតវីដេអូក្នុងកម្រិត Full HD និង 4K។ ក្រៅពីនោះវាក៏ភ្ជាប់មកជាមួយសេនស័រសំខាន់ៗមួយចំនួនថែមទៀតផង ក្នុងនោះរួមមានដូចជា Accelerometer, Gyroscope, Magnetometer និង Ambient light ជាដើម។ មិនទាន់អស់នោះទេ Surface Pro X ក៏បានបំពាក់មកជាមួយ Speaker មួយគ្រាប់ដែលមានកម្លាំង 2W ដែលគាំទ្របច្ចេកវិទ្យា Dolby ផងដែរ។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញ វាដំណើរការដោយ Windows 10 Home។

 


ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់មកជាមួយ CPU ប្រភេទថ្មីបង្កើតឡើងដោយក្រុមហ៊ុន Microsoft និង Qualcomm ដែលមាន ឈ្មោះថា Microsoft SQ1 ដែលភ្ជាប់មកជាមួយក្រាហ្វិក Adreno 685 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/16GB ប្រភេទ LPDDR4x អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 128/256/512GB (អាចធ្វើការដោះដូរបាន)។ ចំណែកឯការ តភ្ជាប់វិញ វាភ្ជាប់មកជាមួយ Wi-Fi 5 + Bluetooth 5.0, រន្ធ USB-C ចំនួន 2, រន្ធ Surface Connect Port ចំនួន 1, កន្លែង សម្រាប់តភ្ជាប់ Surface Keyboard ចំនួន 1 និងរន្ធ nano SIM ចំនួន 1។ រីឯថាមពលថ្មវិញ ក្រុមហ៊ុន Microsoft បានអះអាងថា វាអាចប្រើប្រាស់ទូទៅបានរហូតដល់ទៅ 13 ម៉ោងឯណោះ មិនត្រឹមតែប៉ុណ្ណោះវាក៏គាំទ្រមុខងារសាកថ្មល្បឿនលឿនផងដែរ។ ចំពោះ ជម្រើសពណ៌វិញ Surface Pro X មកជាមួយជម្រើសពណ៌តែមួយគត់គឺ Matte Black។ ក្រុមហ៊ុន Microsoft នឹងធ្វើការដាក់លក់ វាក្នុងតម្លៃចាប់ពី 999 ដុល្លារឡើងទៅ ហើយឲ្យអ្នកធ្វើការកុម្ម៉ង់ Surface Pro X ចាប់ពីថ្ងៃនេះតទៅ ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះតែម្តង។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Microsoft Tag: កុំព្យូទ័រ