CAMBO REPORT

Popup Advertising5 seconds

រូបរាង​ AirPods​ ជំនាន់​ថ្មី​ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ជំនាន់​សាកល្បង​នៃ​ iOS​ 13.2​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកនិយមប្រើប្រាស់ កាសស្តាប់របស់ Apple ប្រាកដជាស្គាល់ច្បាស់ហើយថា AirPods មានលក្ខណៈបែបណានោះ និយាយឲ្យចំទៅ វាមានលក្ខណៈស្រដៀងនឹងកាសធម្មតា របស់ក្រុមហ៊ុនផ្លែប៉ោមនេះដែរ ប៉ុន្តែខុសគ្នាត្រង់ មិនមានខ្សែតែប៉ុណ្ណោះ។ បើគិតមកទល់ពេលនេះ កាសខាងលើចេញមកដល់ជំនាន់ទី 2 ដែលត្រូវបានគេហៅថា AirPods 2 ហើយវានៅតែរក្សារូបរាង មិនសូវខុសគ្នា ពីជំនាន់ដំបូងប៉ុន្មានឡើយ។ ដោយឡែកក្នុងពេលនេះ គេក៏បានប្រទះឃើញ រូបរាងរបស់ AirPods ជំនាន់ថ្មី នៅក្នុងជំនាន់សាកល្បងនៃ iOS 13.2 ទៀតផង។

 

 

បើតាមរូបរាង icon របស់ AirPods ជំនាន់ថ្មី ដែលបានប្រទះឃើញ នៅក្នុង Accessibility setting នោះ បានឲ្យដឹងថា វាមានលក្ខណៈប្លែកពី ជំនាន់មុនៗច្រើនគួរសមដែរ ដោយមើលទៅ រាងខ្លីជាងមុនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានដឹងទៀតថា កាសនេះវាអាចនឹងដំណើរការ ជាមួយមុខងារជំនួយកម្រិតសំលេង ព្រមទាំងមានភាគរយច្រើន ក្នុងការបំពាក់មុខងារ Noise canceling ផងដែរ។ មួយវិញទៀត កាសនេះមានកូដម៉ូឌែល B298 ហើយលក្ខណៈរបស់វា ដែលគេបានឃើញនេះ វាពិតជាស្រដៀងខ្លាំងមែនទែន ជាមួយរូបរាង នៃការបែកធ្លាយលើកមុន ដែលបានបញ្ជាក់ថា អាចនឹងក្លាយជា រូបគំរូរបស់ AirPods 3 អញ្ចឹងដែរ។

 

 

យ៉ាងណាក៏ដោយ កាសជំនាន់ថ្មី របស់ Apple ត្រូវបានគេរំពឹងថា អាចនឹងត្រូវបង្ហាញខ្លួន នៅចុងខែតុលា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់យីហោខាងលើ។ កាន់តែពិសេស ក្នុងពេលដំណាលគ្នានោះដែរ ក៏អាចមានផលិតផល សំខាន់ៗជាច្រើនទៀត នឹងត្រូវចេញជាផ្លូវការ ជាក់ស្ដែងដូចជា iPad Pro ជំនាន់ថ្មី ដោយអាចមានការកែប្រែបន្ថែម ទៅលើផ្នែកកាមេរ៉ា ក៏ដូចជា MacBook Pro ដែលធ្វើឡើងជាមួយ ខ្នាតអក្រង់ថ្មីលើកដំបូង និងអាចមានផលិតផលមួយចំនួន ក្រៅពីនេះថែមទៀតផង ។

 

 

សរុបមកវិញ កាសឥតខ្សែរខាងលើនេះ អាចក្លាយជា AirPods 3 ដែលអាចបំពាក់មកជាមួយ មុខងារទប់ស្កាត់សំលេងរំខានពីខាងក្រៅ ព្រមទាំងអាចមានរូបរាងប្លែក ពីរាល់ដងថែមទៀតផង។ អញ្ចឹងហើយ យើងអាចនិយាយបានថា បើសិនជាដំណឹងខាងលើនេះ ក្លាយជាការពិតមែន មានន័យថា Apple បានកែប្រែច្រើនចំណុចមែនទែន បើប្រៀបជាមួយ AirPods និង AirPods 2 ហើយនេះក៏ជា សញ្ញាវិជ្ជមានមួយ ដែលអាចធ្វើឲ្យ កាសត្រកូលមួយនេះ កាន់តែមានប្រជាប្រិយភាព ថែមមួយកម្រិតទៀតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ