CAMBO REPORT

Popup Advertising5 seconds

Surface Pro 7 បាន​ចេញ​ជា​ផ្លូវ​ការ មាន​រន្ធ​ប្រភេទ USB-C ​បំពាក់​ស៊ីភីយូ Intel ជំនាន់​ទី 10 និង​មាន​តម្លៃ​ចាប់​ពី 749 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ Microsoft Event កាលពីម្សិលមិញនេះ យើងប្រទះឃើញមាន ផលិតផលថ្មីៗជាច្រើន បានចេញជាផ្លូវការ ហើយក្រៅពីប្រកាសចេញ Surface Duo និង Surface Neo មានបំពាក់អេក្រង់ភ្លោះ គួរឲ្យចាប់អារម្មណ៍ ដោយឡែកថេប្លេតកូនកាត់ Surface Pro 7 ជំនាន់ចុងក្រោយ ក៏បានបង្ហាញវត្តមានដូចគ្នា ផងដែរ។ បើមើលទៅលើផ្នែកឌីហ្សាញ និងផ្នែកតួខ្លួនរបស់វា គឺមិនសូវខុសគ្នាច្រើនពី ជំនាន់មុនៗនោះទេ ប៉ុន្ដែលក្ខណៈសម្បត្តិ ត្រូវបានតម្លើងខ្លាំងជាងមុន ដូចបានរំពឹងទុកអញ្ចឹង និងទីបំផុតមានភ្ជាប់មកជាមួយ រន្ធឌុយដោតប្រភេទ USB Type-C ថែមទៀតផង។

 

 

ចំណែកឯទាក់ទងទៅនឹង ផ្នែករឹងរបស់រថប្លេតកូនកាត់ Surface Pro 7 គឺវាមានបំពាក់អេក្រង់ទំហំ 12.3 អ៊ីញ ជាមួយនឹងកម្រិតបង្ហាញ 2736x1824p ដូចគ្នាទៅនឹងម៉ូឌែល Surface Pro 6 ចេញកាលពីឆ្នាំមុនដែរ ហើយថេប្លេតស៊េរីថ្មីមួយនេះ បានដំណើរការដោយស៊ីភីយូ Intel Core i3, i5 និង Core i7 ជំនាន់ទី 10 ចុងក្រោយទាំងអស់ ខណៈពេលដែលស៊េរីឆ្នាំមុន មានស៊ីភីយូត្រឹមតែ Intel Core i5 និង Core i7 ជំនាន់ទី 8 ប៉ុណ្ណោះ។

 

 

លើសពីនេះទៅទៀត យើងក៏ឃើញមានជម្រើសរ៉េម ចាប់ពីទំហំ 4GB, 8GB ឡើងរហូតដល់ទៅ 16GB ជាប្រភេទ LPDDR4x ដើម្បីឲ្យដំណើរការ កាន់តែរលូនខ្លាំងជាងមុនទៀត។ ចំពោះអង្គផ្ទុកទិន្នន័យវិញនោះ គឺវាមានដូចជាទំហំ 128GB/256GB/512GB/1TB ដែលសុទ្ធតែជាប្រភេទ SSD ទុកសម្រាប់ឲ្យអតិថិជន ជ្រើសរើសតាមតម្រូវការម្នាក់ៗ និងព្រមទាំងមាន បណ្ដាញប្រព័ន្ធតភ្ជាប់ ល្អប្រសើរជាងមុន ជាមួយ Bluetooth 5.0 និង Wi-Fi 6 តែម្ដង។

 

 

ក្រឡែកទៅមើលលើផ្នែកកាមេរ៉ា ថេប្លេតកូនកាត់ Surface Pro 7 គឺមានសេនស័រកាមេរ៉ាទំហំ 8MP នៅសន្ទះខាងក្រោយ ហើយនិងកាមេរ៉ាទំហំ 5MP ទុកសម្រាប់ថត Selfie ឬការហៅតាមរយៈវីដេអូ (Video Call) ដែលអាចធ្វើការប្រើប្រាស់ ជាមួយនឹងមុខងារ Windows Hello ដើម្បីអាចឲ្យអ្នកដោះសោរ ដោយស្កេនផ្ទៃមុខផងដែរ។ រីឯថាមពលថ្មរបស់វា Microsoft បានអះអាងមកថា នឹងអាចកាន់ថ្មបានរហូតដល់ទៅ 10 ម៉ោងកន្លះឯណោះ ទើបតម្រូវឲ្យសាកម្ដងទៀត ហើយវាមានទម្ងន់ត្រឹម 770 ក្រាមប៉ុណ្ណោះ។

 

 

ថេប្លេតកូនកាត់ Surface Pro 7 ជំនាន់ចុងក្រោយនេះ គឺបានដាក់ឲ្យកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃនេះតទៅហើយ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលមានតម្លៃដាក់លក់ខ្ទង់ 749 ដុល្លារឡើងទៅ (រីឯ Surface Pro 6 ចាប់ផ្ដើមនៅតម្លៃខ្ទង់ 899 ដុល្លារឡើង ពេលចេញលក់ដំបូង) និងចេញលក់ជាផ្លូវការ នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2019 នាពេលខាងមុខនេះ។ ខណៈពេលដែល Surface Pro 7 ត្រូវបានមកដល់ស្រុកយើង ដូច្នេះតម្លៃលក់របស់វា អាចនឹងប្រែប្រួលច្រើន ដោយចង់មានន័យថា វាអាចមានតម្លៃថ្លៃជាងនេះ ពីព្រោះតែបូកបញ្ចូលទាំងថ្លៃពន្ធ និងថ្លៃដឹកជញ្ជូនផ្សេងៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: ថេប្លេត