CAMBO REPORT

Popup Advertising5 seconds

Intel បាន​កាត់​បន្ថយ​តម្លៃ​លក់​ស៊ីភីយូ Core i9 ជំនាន់​ទី 10 រហូត​ដល់​ទៅ​ពាក់​កណ្ដាល ដើម្បី​ប្រជែង​តម្លៃ​ទីផ្សារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការដណ្ដឹមយកទីផ្សារដោយ AMD ជាមួយនឹងស៊ីភីយូកម្លាំងខ្លាំង ហើយដាក់លក់លើតម្លៃសមរម្យ គឺបានចាប់ផ្ដើមធ្វើឲ្យ Intel បង្ខំចិត្តកាត់បន្ថយតម្លៃលក់ ស៊ីភីយូលំដាប់កំពូល Core i9 ជំនាន់ទី 10 របស់ខ្លួនត្រឹមចំនួន 40% ទៅចំនួន 50% បើប្រៀបធៀបទៅនឹង តម្លៃរបស់ស៊ីភីយូ Core i9 ជំនាន់ទី 9 ចេញលក់កាលពីមុនៗមក។ ហេតុដោយសារតែ ការរងសម្ពាធពីស៊ីភីយូប្រភេទ Ryzen និង Threadripper ជំនាន់ក្រោយៗរបស់ AMD នៅតែបន្ដវាយលុកទីផ្សារ ហើយអាចទទួលបាន ចំណាប់អារម្មណ៍ច្រើន ដូច្នេះហើយ Intel ក៏សម្រេចចិត្តបញ្ចុះតម្លៃស៊ីភីយូ Core i9 ត្រកូល “Cascade Lake-X” ដែលនឹងចេញជាផ្លូវការ នៅខាងក្រោយនេះហើយ។

 

 

សម្រាប់ស៊ីភីយូ Intel Core i9 ជំនាន់ទី 10 ដែលនឹងចេញលក់ នៅខែវិច្ឆិកាខាងមុខនេះ គឺមានសរុបចំនួន 4 ប្រភេទខុសៗគ្នា ហើយវាចាប់ផ្ដើមពីតម្លៃខ្ទង់ 590 ដុល្លារឡើង រហូតទៅដល់តម្លៃ 979 ដុល្លារផងដែរ។ ពិតប្រាកដណាស់ តម្លៃដាក់លក់ទាំងអស់នេះ គឺនៅមិនទាន់ទាបនោះឡើយ បើទោះបីជាត្រូវបាន កាត់បន្ថយតម្លៃរួចមកហើយ ប៉ុន្ដែបើយើងប្រៀបធៀបទៅនឹង ស៊ីភីយូ Core i9 ជំនាន់ទី 9 គឺមានតម្លៃដាក់លក់ចាប់ពី 999 ដុល្លារឡើងទៅដល់ 1999 ដុល្លារឯណោះ។ ចំណែកឯស៊ីភីយូ ស៊េរីថ្មីៗទាំងបួននេះ គឺត្រូវឌីហ្សាញឡើង ដោយកម្រិតថាមពលភ្លើង 165 វ៉ាត់ ដែលអាចទ្រទ្រង់ទំហំរ៉េម បានរហូតដល់ទៅចំនួន 256GB នៃប្រភេទ DDR4 (ច្រើនជាងជំនាន់មុនទ្វេដង), មានចំនួន Core ចាប់ពីចំនួន 10 Cores រហូតដល់ទៅ 18 Cores, អាចគាំទ្រឌុយ Thunderbolt 3 និងអាចប្រើប្រាស់ជាមួយ អង្គផ្ទុកទិន្នន័យ Intel Optane SDD 905P បានថែមទៀត។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការត្រួតពិនិត្យតម្លៃ និងលក្ខណៈសម្បត្តិត្រួសៗ របស់ស៊ីភីយូ Intel Core i9 ជំនាន់ទី 10 ត្រកូល “Cascade Lake-X” បាន នៅរូបភាពខាងក្រោមនេះ។

 

 

បើយោងទៅតាមការរំពឹងទុក គឺបានបង្ហាញឲ្យឃើញថា ស៊ីភីយូ Core i9 ជំនាន់ទី 10 ចុងក្រោយបង្អស់នេះ នឹងអាចទាញយកទីផ្សារលក់ពី AMD ហើយធ្វើឲ្យក្រុមហ៊ុន Intel មានប្រជាប្រិយភាពវិញបាន ប៉ុន្ដែមានតែរង់ចាំមើល ទាំងអស់គ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅខែវិច្ឆិកាខាងមុខនេះ AMD ក៏ត្រៀមប្រកាសចេញ ស៊ីភីយូ Ryzen 9 3950X ចំនួន 16 Cores ដែលមានតម្លៃខ្ទង់ 749 ដុល្លារ និងអាចមានវត្តមានស៊ីភីយូ Threadripper ស៊េរីថ្មី មានរហូតដល់ទៅ 24 Cores ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: PCMag Tag: កុំព្យូទ័រ