CAMBO REPORT

Popup Advertising5 seconds

ការ​ស្រាវ​ជ្រាវ​ថ្មីៗ​បង្ហាញ​ឲ្យ​ឃើញ​ថា ​មេរោគ​ដូច​ជា​នៅ​តែ​អាច​វាយ​លុក Play Store បាន​ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើប្រិយមិត្តអ្នកអាន តែងតែតាមដានព័ត៌មាន ទាក់ទងទៅនឹងមេរោគកំពូលៗ មានភ្ជាប់មកជាមួយកម្មវិធី Android នៅលើ Google Play Store ដូច្នេះប្រាកដជាដឹងហើយថា វាមិនមែនជាអ្វីដែលថ្មីនោះទេ ដោយបញ្ហានេះបានកើតឡើង យូរណាស់ដែរមកហើយ ប៉ុន្ដែមិនទាន់មានដំណោះស្រាយ នៅឡើយនោះទេ។ រហូតមកដល់ពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព លោក Lukas Stefanko មកពីក្រុមហ៊ុន ESET នៃប្រទេសស្លូវ៉ាគី បានធ្វើការដកស្រង់ របាយការណ៍សរុបទាំងអស់ នៃវត្តមានរបស់មេរោគទាំងនោះ ជាពិសេសគឺមេរោគ Adware បង្ហាញខ្លួននៅលើ Google Play Store ប្រចាំខែកញ្ញា ឆ្នាំ 2019 កន្លងផុតទៅនេះ។

 

 

នេះបើយោងទៅតាម ការស្រាវជ្រាវរបស់លោក Lukas Stefanko បានដាក់បង្ហាញឲ្យឃើញថា សរុបរហូតដល់ទៅចំនួន 172 កម្មវិធី ជាមួយនឹងចំនួនទាញយក 335 លានដងសរុបទាំងអស់ ដែលបានលួចដាក់នូវមេរោគ ទៅលើ Google Play Store កាលពីខែមុននេះ។ ចំណែកឯមេរោគ Adware ដែលមានសមត្ថភាពលួចដាក់ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើស្មាតហ្វូនអ្នកប្រើប្រាស់ យ៉ាងលើសលប់តាមផ្ទាំង Home Screen ឬផ្ទាំងចាក់សោរ ឬស្ទើរតែគ្រប់ទីកន្លែង ដោយអាចលាក់ខ្លួនបាន ដើម្បីកុំឲ្យងាយស្រួលលុបវិញ គឺឈរនៅលើតារាងកំពូល ជាមួយនឹងកម្មវិធីចំនួន 48 ហើយមានការទាញយកចំនួន 300 លានដងតែឯងផងដែរ។

 

ខណៈពេលដែល មេរោគធំៗដទៃទៀត ដូចមាននៅលើតារាង ខាងក្រោមនេះ គឺបូកសរុបគ្នាទាំងអស់ ទទួលបានចំនួនទាញយក 35 លានដងផងដែរ ហើយក្នុងនោះរួមបញ្ចូលទាំង កម្មវិធីក្លែងក្លាយ និងកម្មវិធីតាមដាន ព័ត៌មានរបស់អ្នកប្រើប្រាស់ ជាដើម។ ពិតប្រាកដណាស់ Google បានដឹងនូវបញ្ហាកម្មវិធីមេរោគ ចាប់ផ្ដើមបង្ហាញខ្លួនឥតឈប់ឈរ នៅលើ Play Store របស់ខ្លួនរួចមកហើយ និងព្រមទាំងបានខិតខំព្យាយាម ហាមឃាត់យ៉ាងណាក៏ដោយ ហាក់បីដូចជា មិនសូវមានប្រសិទ្ធភាពសោះឡើយ បន្ទាប់ពីបានលុបកម្មវិធីមេរោគមួយហើយ កម្មវិធីមេរោគថ្មីផ្សេងៗ ក៏ចេញមកបន្ដទៀតបាត់។

 

***ដើម្បីចូលទៅកាន់អត្ថបទស្រាវជ្រាវថ្មីរបស់លោក Lukas Stefanko សូមចុចទីនេះ

 

 

នាពេលបច្ចុប្បន្ននេះ យើងមិនអាចលុបបំបាត់ កម្មវិធីមានផ្ទុកមេរោគ ទាំងអស់នោះចេញពី Play Store ឲ្យអស់បាននៅឡើយទេ លុះត្រាតែក្រុមហ៊ុន Google ចាប់ផ្ដើមបន្ថែមប្រព័ន្ធការពារ និងត្រួតពិនិត្យលើកម្មវិធី ឲ្យបានល្អជាមុនសិន បានអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ Android ធ្វើការទាញយកផងដែរ។ ហេតុដូច្នេះហើយ អ្វីដែលយើងគួរត្រូវធ្វើ គឺជៀសវាងលើការតម្លើង រាល់កម្មវិធីណាមួយ មិនសូវគួរឲ្យទុកចិត្ត ឬ កម្មវិធីដែលមានផ្កាយតិច (មាន Review កម្រិតទាប) និងទាញយកតែកម្មវិធីណា ចាំបាច់បំផុតសម្រាប់តម្រូវការ ប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ហើយបើសិនជាអាច សូមតម្លើងកម្មវិធីកំចាត់មេរោគ ដើម្បីការពារជាមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Forbes Tag: កម្មវិធី-ហ្គេម