CAMBO REPORT

Popup Advertising5 seconds

HP Spectre x360 13 អ៊ីញ ស៊េរី​ថ្មី​ចេញ​ជា​ផ្លូវ​ការ ជា​មួយ CPU Intel ជំនាន់​ទី 10 និង​បំពាក់​អេក្រង់​កម្រិត 4K OLED

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតកុំព្យូទ័រ មានឈ្មោះដ៏ល្បីល្បាញ HP បានធ្វើការប្រកាសចេញ កុំព្យូទ័រយួរដៃជំនាន់ក្រោយ នៃម៉ូឌែលត្រកូល Spectre x360 ដែលមានអេក្រង់ទំហំ 13 អ៊ីញ ជាមួយនឹងគ្រឿងផ្នែករឹង មានសមត្ថភាពខ្លាំងជាងមុន, បណ្ដាញតភ្ជាប់រឹងមាំជាងមុន និងថាមពលថ្មល្អជាងមុន ផងដែរ។ ចំណែកបើមើលទៅលើ ការឌីហ្សាញរបស់ឡេបថបនេះ ពីមានលក្ខណៈស្ដើងស្អាត ដូចជាជំនាន់មុនៗអញ្ចឹងដែរ ប៉ុន្ដែផ្នែកខាងក្នុងរបស់វា កាន់តែអស្ចារ្យថែមទៀត ដោយភ្ជាប់មកជាមួយនឹង CPU របស់ Intel ជំនាន់ទី 10 នៅក្នុងចំណោមត្រកូល “Ice Lake” ជាមួយជម្រើសរ៉េមរហូតដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យដល់ទៅ 2TB ប្រភេទ PCIe SSD ឯណោះ។

 

 

បើយោងទៅតាមបញ្ជីរាយផ្នែក Hardware បានដាក់បង្ហាញឲ្យឃើញថា កុំព្យូទ័រយួរដៃលំដាប់កំពូល HP Spectre x360 ជំនាន់ចុងក្រោយនេះ គឺមានបំពាក់អេក្រង់ទំហំ 13.3 អ៊ីញ ដែលមានកម្រិតបង្ហាញ 4K (3840x2160p) ជាបន្ទះអេក្រង់ប្រភេទ OLED និងត្រូវបានការពារដោយ Corning Gorilla Glass NBT ថែមទៀតផង។ ខណៈពេលដែល ជម្រើសម៉ូឌែលធម្មតា ក៏មានភ្ជាប់មកជាមួយ បន្ទះអេក្រង់ប្រភេទ OLED ដែរ ដោយឡែក សម្រាប់ម៉ូឌែលកំពូលបំផុត ព្រមទាំងបន្ថែមស្រទាប់ការពារ កុំឲ្យពន្លឺចាំងចូល (Anti-Reflective) ពីលើទៀត ផងដែរ។ សម្រាប់ម៉ូឌែលទាំងពីរ គឺសុទ្ធតែប្រើប្រាស់ CPU របស់ Intel ជំនាន់ទី 10 ប៉ុន្ដែចំពោះម៉ូឌែលធម្មតា នឹងមានបំពាក់ស៊ីភីយូ Core i5-1035G1 ហើយម៉ូឌែលកំពូល នឹងដំណើរការដោយស៊ីភីយូ Core i7-1065G7 តែម្ដង។

 

ចូលមកដល់ផ្នែកបណ្ដាញតភ្ជាប់ យើងបានឃើញថា ឡេបថបម៉ូឌែល HP Spectre x360 13 អ៊ីញ ស៊េរីថ្មីនេះ គឺអាចគាំទ្របានជាមួយ សេវាអ៊ីនធើណេត Gigabit LTE ប្រភេទ 4x4 និងព្រមទាំង Wi-Fi 6 ជំនាន់ចុងក្រោយបង្អស់។ ចំពោះផ្នែករន្ធដោតវិញនោះ គឺរួមបញ្ចូលរន្ធ USB 3.1 ជំនាន់ទី 2 ជាប្រភេទ Type-C ចំនួន 2 រន្ធខុសៗគ្នា ជាមួយ Thunderbolt 3, រន្ធ DisplayPort 1.4 ចំនួន 1, រន្ធ USB 3.1 ជំនាន់ទី 1 ប្រភេទ Type-A ធម្មតាចំនួន 1, រន្ធ HDMI 2.0 ចំនួន 1, រន្ធដាក់ microSD Card ចំនួន 1 និងរន្ធដោតកាស 3.5mm ផងដែរ។

 

 

លើសពីនេះទៅទៀត វាមានបំពាក់នូវថាមពលថ្ម 4 Cell 60Whr ដែលបានអះអាងមកថា នឹងអាចកាន់ថ្មបានរហូតដល់ទៅ 22 ម៉ោងឯណោះ ទើបតម្រូវឲ្យសាកថ្មម្ដងទៀត។ នាពេលបច្ចុប្បន្ននេះ កុំព្យូទ័រយួរដៃម៉ូឌែល HP Spectre x360 13 អ៊ីញ កំពុងដាក់លក់នៅលើ ទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃខ្ទង់ 1,099 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលធម្មតា ហើយដាក់លក់លើតម្លៃខ្ទង់ 1,499 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលលំដាប់កំពូល ជាមួយនឹងស៊ីភីយូខ្លាំងជាង ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កុំព្យូទ័រ