CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​រូប​រាង​របស់ Microsoft Surface Pro 7, Surface Laptop 3 និង​ថេប្លេត Surface ដើរ​ដោយ CPU របស់ ARM បង្ហាញ​ខ្លួន​មុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍ដ៏ធំមួយរបស់ Microsoft ដែលរៀបចំឡើងនៅថ្ងៃស្អែកនេះ គឺត្រូវបានគេរំពឹងទុកថា នឹងមានលេចមុខចេញនូវ កំព្យូទ័រយួរដៃ ព្រមទាំងថេប្លេតកូនកាត់ Surface ជំនាន់ក្រោយៗជាដើម។ រហូតមកដល់ពេលថ្មីៗនេះ រូបរាងទាំងស្រុងរបស់ Surface ស្ទើរតែគ្រប់ម៉ូឌែលថ្មីៗទាំងអស់ ត្រូវបានបង្ហាញខ្លួនចេញមកហើយ តាមរយៈរូបភាពលេចធ្លាយ ផងដែរ។ ប្រភពចែករំលែកលើកនេះ គឺបានមកពីអ្នកសារព័ត៌មាន ជំនាញខាងលេចធ្លាយ លោក Evan Blass ដែលមានបង្ហោះរូបភាពជាច្រើនសន្លឹក និងបញ្ជាក់ប្រាប់ឲ្យដឹងថា ទាំងអស់នោះជាកុំព្យូទ័រម៉ាក Surface Pro 7, Surface Laptop 3 (13 អ៊ីញ និង 15 អ៊ីញ) ហើយព្រមទាំងរថប្លេត 2-in-1 Surface ដើរដោយឈីប ARM ថែមទៀតផង។

 

 

បើយោងទៅតាម រូបភាពទាំងអស់នេះ យើងមើលទៅដូចជា ការឌីហ្សាញជាផ្លូវការអញ្ចឹង ហើយអ្នកចែករំលែករបាយការណ៍ លេចធ្លាយដ៏ល្បីល្បាញ លោក Evan Blass ក៏តែងតែទទួលបានរូបភាព Render អំពីផលិតផលថ្មីៗ បានត្រឹមត្រូវច្រើនផងដែរ កាលពីមុនៗមក ដូច្នេះយើងអាចមានសង្ឃឹមច្រើនថា រូបភាពរបស់កុំព្យូទ័រយួរដៃ និងថេប្លេតកូនកាត់ Surface ស៊េរីថ្មីៗនៅខាងក្រោមនេះ គឺអាចពិតប្រាកដមែន ជាក់ជាមិនខានឡើយ។ យ៉ាងណាក៏ដោយ រូបភាពលេចធ្លាយទាំងនេះ ដាក់បង្ហាញតែឡេបថបម៉ូឌែល Surface ដូចកាលពីមុនៗប៉ុណ្ណោះ ហើយចំពោះថេប្លេត Surface អេក្រង់ភ្លោះថ្មីប្លែក ហាក់បីដូចជា មិនទាន់ឃើញមានលេចមុខ នៅឡើយនោះទេ បន្ទាប់ពីទទួលបានដំណឹងថា នឹងអាចចេញនៅក្នុងឆ្នាំនេះ រៀងយូរណាស់មកហើយ។ 

 

ចំពោះរូបភាពដាក់បង្ហាញដំបូងគឺជា Microsoft Surface Pro 7 ដោយវាមានការឌីហ្សាញ មិនសូវខុសគ្នាច្រើនពីជំនាន់មុននោះទេ ជាមួយនឹងអេក្រង់ទំហំ 12.3 អ៊ីញដដែល អាចនឹងប្រើប្រាស់ CPU Intel ជំនាន់ទី 10 និងម៉ូឌែលមួយទៀត ទំនងជាដើរដោយ CPU Qualcomm 8cx (ARM) ដោយមានភ្ជាប់មកជាមួយម៉ូដឹម 4G ទាំងពីរម៉ូឌែល ដែលមានរន្ធដាតប្រភេទ USB Type-C និងអាចភ្ជាប់ជាមួយតួខ្លួន ដើម្បីសាកថ្មឲ្យប៊ិច Surface Pen ដោយឥតប្រើខ្សែបាន ហើយក៏អាចមានគែមអេក្រង់ តិចជាងមុនផងដែរ។

 

 

រូបភាពបង្ហាញបន្ទាប់ទៀតគឺជា Surface Laptop 3 ហើយខណៈពេលដែល Surface Laptop 2 មានតែជម្រើសអេក្រង់ទំហំ 13.5 អ៊ីញមួយគត់ប៉ុណ្ណោះ ដោយឡែកម៉ូឌែលក្រោយនេះ អាចនឹងមានបន្ថែម ជម្រើសអេក្រង់ទំហំ 15 អ៊ីញថ្មីមួយទៀតតែម្ដង ហើយព្រមទាំងអាច ដំណើរការដោយ CPU របស់ AMD ជាលើកដំបូងបង្អស់។ ក្រៅពីនេះ យើងក៏ទទួលបានដំណឹងថា Surface Laptop 3 នឹងលែងមានក្រណាត់ប្រភេទ Alcantara គ្របដណ្ដប់នៅលើ ក្ដារចុចតទៅទៀតឡើយ ហើយក៏អាចអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ធ្វើការដោះ SSD ចេញ ដើម្បីផ្លាស់ប្ដូរបាន ថែមទៀតផង។

 

 

ជាចុងក្រោយបង្អស់គឺជា ថេប្លេតកូនកាត់ Surface ដំណើរការដោយ CPU របស់ ARM ដែលមានតួខ្លួនស្ដើងជាងម៉ូឌែល Surface Pro ជាមួយនឹងគែមអេក្រង់ កាន់តែតិចជាងមុន និងត្រូវបានរំពឹងទុកថា អាចមកប្រកួតប្រជែងជាមួយ iPad Pro របស់ Apple តែម្ដង។ នាពេលបច្ចុប្បន្ននេះ មិនទាន់មានដំណឹងច្រើន អំពីថេប្លេតកូនកាត់នេះ នៅឡើយនោះទេ ប៉ុន្ដែវាអាចនឹងប្រើប្រាស់ CPU Qualcomm 8cx (ARM) ដូចជាឡេបថបស៊េរីថ្មី Galaxy Book S របស់ Samsung ដែលធានាអាចកាន់ថ្មបាន រហូតដល់ទៅចំនួន 23 ម៉ោងអញ្ចឹងដែរ។

 

 

របាយការណ៍បានបញ្ជាក់ថា Microsoft នឹងប្រកាសចេញផលិតផលថ្មីៗ នៅខាងលើទាំងអស់នេះ នៅឯព្រឹត្តិការណ៍ Surface Event ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2019 ត្រូវនឹងស្អែកនេះតែម្ដង ហេតុដូច្នេះហើយ សម្រាប់ព័ត៌មានលម្អិត ទាក់ទងទៅនឹងឡេបថប និងថេប្លេតកូនកាត់ Surface ស៊េរីថ្មីៗ យើងនឹងអាចដឹងបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ