CAMBO REPORT

Popup Advertising5 seconds

អ្នកប្រើ iOS គួរ Restore និង​ Update តាម iTunes ឬ OTA? ហើយធ្វើវាតាមរបៀបណា​?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចនីមួយៗ តម្រូវអោយយើងធ្វើការស្វែងយល់ពីវា ដើម្បីបានមកវិញនូវភាពងាយស្រួល ក៏ដូចជាមិនចំណាយពេលចូលជាងញឹកញាប់ផងដែរ។ ក្នុងនោះ សម្រាប់អ្នកប្រើប្រាស់ iPhone, iPad និង iPod ប្រាកដជាធ្លាប់បានធ្វើការ Update និង Restore firmware នៅលើ iTunes ដែលវាជាវិធីសាស្រ្តគ្រប់គ្រងទៅលើផ្នែក Software នៅលើឧបរកណ៍ iDevices បានយ៉ាងគួអោយទុកចិត្ត។ ក្នុងថ្ងៃនេះ ក្រុមការងារ ខេមបូរីផត នឹងធ្វើការលើកយកពីចំណេះដឹងទាក់ទងនឹងវាបន្ថែម​ មកចែកជូនដល់ប្រិយមិត្តទាំងអស់អោយអស់មន្ទិល ក៏ដូចជាស្វែងយល់ពីភាពខុសគ្នារវាងការអាប់ដេត iDevices តាមរយៈ OTA និង នៅលើ iTunes នេះតែម្តង។ 

 

 

 

និយាយដល់ការអាប់ដេតដោយផ្ទាល់ពីឧបករណ៍ iDevices របស់អ្នក (OTA = Over The Air) គឺជាការទាញយកនូវកំណែ Software ជំនាន់ចុងក្រោយគេដែលបានផ្តល់ដោយក្រុមហ៊ុន Apple ហើយដើម្បីអាចធ្វើការទាញយកកំណែអាប់ដេតទាំងនោះបាន ជាដំបូងតម្រូវឲ្យ iPhone, iPad និង iPad របស់អ្នកភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណេត ជាមុនសិន។ បន្ទាប់ពីបានភ្ជាប់រួចរាល់អស់ហើយ ឥឡូវនេះអ្នកអាចធ្វើការទាញយកកំណែអាប់ដេតបានហើយ ដោយគ្រាប់តែចូលទៅកាន់ Setting នៅក្នុង iDevices របស់អ្នករួចជ្រើសពាក្យថា General បន្ទាប់មកជ្រើសពាក្យថា Software Update បន្ទាប់ iPhone, iPad និង iPod របស់អ្នកនឹងធ្វើការទាញយកកំណែអាប់ដេតចុងក្រោយគេ ដែលក្រុមហ៊ុន Apple បានផ្តល់ឲ្យ ហើយពេលវេលានៃការទាញយក អាស្រ័យទៅតាមល្បឿនអ៊ីនធើណេតរបស់អ្នក។ 

 

 

ចំណែកនៅលើកម្មវិធី iTunes វិញ ត្រូវបានបែកចែកជា 2 គឺ Update & Restore​ ដោយ​៖​ 

 

Restore គឺជាដំណើរការនៃការ លុបចោលនូវទិន្នន័យប្រើប្រាស់ទាំងអស់អោយទៅកាន់សភាពដើម ដូចពេលយើងបើកថ្មីពីប្រអប់មកអញ្ចឹងដែរ។ មុខងារ Restore នេះក៏មាននៅលើ Setting នៃទូរសព្ទផ្ទាល់ ដោយចូលទៅកាន់ Setting> General> Reset និង ចុចយក Erase All Content and Settings។​ 

 

រីឯ Update វិញវាមានភាពខុសគ្នាបន្តិចត្រង់ថា Update នឹងធ្វើការតម្លើង Version នៃប្រព័ន្ធប្រតិបត្តិការ iOS ទៅកាន់ជំនាន់ចុងក្រោយបង្អស់ តែវានៅតែរក្សាទិន្នន័យប្រើប្រាស់ទាំងអស់អោយអ្នកប្រើប្រាស់ដដែល។ ការ Update នៅលើ iTunes មានលក្ខណៈពិសេសត្រង់ថា វាផ្តល់អោយយើងចំណេញពេលវេលា ក្នុងករណីមានឧបករណ៍ច្រើនក្នុងពេលតែមួយ ជាជាងការធ្វើនៅលើម៉ាស៊ីនទូរសព្ទផ្ទាល់។

 

មុខងារទាំង 2 នេះអាចដំណើរការទៅបានតម្រូវឲ្យយើងធ្វើការតភ្ជាប់ iPhone, iPad និង iPod របស់យើងទៅកាន់កុំព្យូទ័រតាមរយៈខ្សែ USB ជាមុនសិន។ ត្រង់ចំនុចនេះ សូមបញ្ជាក់ផងថា ដើម្បីអាចធ្វើការតភ្ជាប់ iPhone, iPad និង iPod ទៅរបស់អ្នកទៅកាន់កុំព្យូទ័របាន វាតម្រូវឲ្យយើងធ្វើការដោះសោរ iPhone, iPad និង iPod ជាមុនសិន បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយលោតឡើងនៅលើអេក្រង់ iDevices របស់អ្នក ដែលដាក់ថា “Trust This Computer” បន្ទាប់មកសូមធ្វើការចុចពាក្យថា “Trust” រួចវានឹងទាមទារឲ្យយើងធ្វើការវាយលេខសម្ងាត់នៅលើ iDevices របស់យើង ទើបវាអាចធ្វើការតភ្ជាប់ទៅកាន់កុំព្យូទ័របាន។ បន្ទាប់មកទៀត វាក៏តម្រូវឲ្យកុំព្យូទ័ររបស់យើងធ្វើការភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណេតផងដែរ។ 

 

 

បន្ទាប់មក សូមបើកកម្មវិធី iTunes នៅពេលនោះអ្នកនឹងឃើញរូបតំណាង (Icon) ដែលស្ថិតនៅក្រោមពាក្យថា Account បន្ទាប់ពីនោះ សូមធ្វើការចុចលើរូបតំណាងនោះ រួចវានឹងលោតផ្ទាំងថ្មីមួយទៀត ដែលបែងចែកជា 2 ផ្នែក ដោយផ្នែកខាងលើ គឺជាផ្នែកព័ត៌មានរបស់ iDevices របស់យើង និងផ្នែកខាងក្រោមគឺជា ជាផ្នែកមុខងារដែលទាក់ទងទៅនឹងការ Back Up។ បន្ទាប់មកសូមចុចលើពាក្យ Update ដែលស្ថិតនៅក្នុងផ្នែកព័ត៌មានរបស់ iDevices នៅពេលនោះវានឹងធ្វើការទាញយកទិន្នន័យ ដែលក្រុមហ៊ុន Apple បានផ្តល់ឲ្យតាមរយៈបណ្តាញអ៊ីនធើណេត ពីក្នុង Server ហើយពេលវេលានៃការទាញយក អាស្រ័យទៅតាមល្បឿនអ៊ីនធើណេតរបស់អ្នក បន្ទាប់ពីវាបានទាញចប់សព្វគ្រប់ វានឹងដំណើរការនៃការអាប់ដេតតែម្តង។ គួរបញ្ជាក់ផងថា ក្នុងពេលដែលវាកំពុងដំណើរនៃការអាប់ដេត អ្នកត្រូវប្រាកដថា iPhone, iPad និង iPod របស់អ្នកនៅតែតភ្ជាប់ជាមួយកុំព្យូទ័រតាមរយៈខ្សែ USB។ បើមិនដូច្នេះទេ វានឹងមានបញ្ហានៅពេលដែលអ្នកកំពុងធ្វើការអាប់ដេត។ 

 

 

ភាពខុសគ្នារវាងការអាប់ដេតដោយផ្ទាល់តាមរយៈ iDevices (OTA) និងការ Update និង Restore តាមរយៈកម្មវិធី iTunes

 

 

ភាពខុសគ្នាទី 1 : គឺថាការអាប់ដេតដោយផ្ទាល់នៅលើ iPhone, iPad និង iPod មានភាពងាយស្រួលជាង ការអាប់ដេតតាមរយៈ iTunes ព្រោះថាមិនតម្រូវឲ្យយើងធ្វើការតភ្ជាប់ iDevices របស់យើងទៅកាន់កុំព្យូទ័រនោះទេ។ 

 

 

ភាពខុសគ្នាទី 2 : ការអាប់ដេតដោយផ្ទាល់នៅលើ iPhone, iPad និង iPod គឺវាតម្រូវឲ្យ iDevices របស់យើងនៅសល់ទំហំផ្ទុកទិន្នន័យគ្រប់គ្រាន់ សម្រាប់ធ្វើការទាញយកទិន្នន័យដែល Apple បានផ្តល់ឲ្យ។ ដូច្នេះមានន័យថា បើសិនជា iDevices របស់អ្នកមិនមានទំហំផ្ទុកទិន្នន័យគ្រប់គ្រាប់នោះទេ លោកអ្នកមិនអាចធ្វើការអាប់ដេតនោះទេ។ ខណៈពេលដែល ការអាប់ដេតតាមរយៈ iTunes វិញ វាមិនតម្រូវឲ្យអ្នកសល់ទំហំផ្ទុកទិន្នន័យគ្រប់គ្រាន់ សម្រាប់ធ្វើការទាញយកទិន្នន័យដែល Apple បានផ្តល់ឲ្យនោះទេ ព្រោះថារាល់ទិន្នន័យដែលវាបានទាញយកពីបណ្តាញអ៊ីនធើណេត ត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកដោយផ្ទាល់តែម្តង។ ដូច្នេះបើទោះបីជា iDevices របស់អ្នកនៅសល់ទំហំផ្ទុកទិន្នន័យមិនច្រើនក៏ដោយ ក៏លោកអ្នកអាចធ្វើការអាប់ដេតបានដែរ។ 

 

 

ភាពខុសគ្នាទី 3 : ការអាប់ដេតដោយផ្ទាល់នៅលើ iPhone, iPad និង iPod គឺមិនមានស្ថេរភាព ដូចទៅនឹងការអាប់ដេតតាមរយៈ iTunes នោះទេ ព្រោះថាការអាប់ដេតតាមរយៈ iDevices វាទាញយកតែទិន្នន័យដែលត្រូវការអាប់ដេតតែប៉ុណ្ណោះ ខណៈពេលដែល ការអាប់ដេតតាមរយៈ iTunes វាទាញយកទិន្នន័យទាំងមូលនៃប្រព័ន្ធប្រតិបត្តិការ iOS តែម្តង។ ដូច្នេះមានន័យថា បើសិនជាអ្នកធ្វើការអាប់ដេតតាមរយៈ iDevices ដោយផ្ទាល់ នៅពេលខ្លះលោកអ្នកអាចនឹងជួបប្រទះនឹងបញ្ហា មួយចំនួនដូចជា ថាមពលថ្ម, Wi-Fi និង Bluetooth ជាដើម។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបាន វាតម្រូវឲ្យអ្នកធ្វើការ Restore ហើយធ្វើការអាប់ដេតតាមរយៈ iTunes វិញទើបបាន។

 

 

 

ភាពខុសគ្នាទី 4 : ការអាប់ដេតដោយផ្ទាល់នៅលើ iPhone, iPad និង iPod អាចអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយតែប៉ុណ្ណោះ។ ខណៈពេលដែល ការអាប់ដេតតាមរយៈ iTunes អាចអនុញ្ញតឲ្យយើងធ្វើការជម្រើសរើសជំនាន់ណាមួយនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលយើងចង់បាន។ ត្រង់ចំនុចនេះ អ្នកត្រូវប្រាកដថា ជំនាន់នៃប្រព័ន្ធប្រតិបត្តិការ iOS ដែលអ្នកបានទាញយក ត្រូវនឹង iDevices របស់អ្នក ហើយនៅតែទទួលស្គាល់ដោយក្រុមហ៊ុន Apple។ លោកអ្នកអាចធ្វើការត្រួតពិនិត្យមើល ជំនាន់នៃប្រព័ន្ធប្រតិបត្តិការ iOS ដែលនៅតែទទួលស្គាល់ដោយ Apple តាមរយៈ តំណរភ្ជាប់ មួយនេះ។ ដូច្នេះមានន័យថា អ្នកដែលចង់ធ្វើការ Jailbreak iPhone, iPad និង iPod គឺតម្រូវឲ្យធ្វើការអាប់ដេតតាមរយៈ iTunes ដោយផ្ទាល់ទើបបាន។

 

 

ភាពខុសគ្នាទី 5 : គឺថាបើសិនជានៅក្នុងគ្រួសារ​ ឬមិត្តភក្តិរបស់អ្នក​ ប្រើប្រាស់ iPhone, iPad និង iPod ដែលមានម៉ូឌែលដូចគ្នា លោកអ្នកអាចធ្វើការជ្រើសរើសយក ការអាប់ដេតតាមរយៈ iTunes ទើបជាការប្រសើរ ព្រោះថាលោកអ្នកគ្រាប់តែចំណាយពេលធ្វើការទាញយកទិន្នន័យ តែម្តងប៉ុណ្ណោះ បន្ទាប់មកលោកអ្នកអាចយកប្រព័ន្ធប្រតិបត្តិការ iOS ដែលបានទាញរួចហើយ យកទៅតម្លើងនៅលើ iDevices ទាំងនោះបានយ៉ាងងាយស្រួល​ មិនចាំបាច់រង់ចាំ​ ទាញយកតាម OTA ម្តងមួយឧបករណ៍ៗ​ឡើយ។ ខណៈពេលដែលការអាប់ដេតតាមរយៈ iDevices អាចអាប់ដេតបានតែនៅលើ iPhone, iPad និង iPod នោះតែប៉ុណ្ណោះ ដូច្នេះមានន័យថា បើសិនជាអ្នកមាន iDevices ច្រើនដែលមានម៉ូឌែលដូចគ្នា អ្នកត្រូវតែធ្វើការអាប់ដេតពួកវា ម្តងមួយៗ ដែលជាហេតុធ្វើឲ្យអ្នកត្រូវចំណាយពេលវេលាយូរ។

 

 

 

ភាពខុសគ្នាទី 6 : គឺការអាប់ដេតតាមរយៈ iTunes មានសុវត្ថិភាពជាង ព្រោះថាវាភ្ជាប់មកជាមួយមុខងារ Back Up និង Restore ដែលអនុញ្ញាឲ្យយើងអាចធ្វើការរក្សាទុកទិន្នន័យ និងឯកសារទាំងអស់នៅលើ iPhone, iPad និង iPod របស់យើងដើម្បីជៀសវាសបញ្ហាដែលកើតមានឡើងជាយថាហេតុ ក្នុងអំឡុងពេល ដែលយើងធ្វើការអាប់ដេត។ ដូច្នេះមានន័យថា បើទោះបីជាអំឡុងពេលយើងធ្វើការអាប់ដេតជួបនឹងបញ្ហាអ្វីក៏ដោយ ក៏យើងនៅតែអាចធ្វើការទាញយកទិន្នន័យ និងឯកសារសំខាន់ៗទាំងអស់នោះ ត្រលប់មកវិញបានយ៉ាងងាយស្រួល។ ខណៈពេលដែលការអាប់ដេតតាមរយៈ iPhone, iPad និង iPad ដោយផ្ទាល់ មិនមានមុខងារនេះទេ ដូច្នេះវាមានហានិភ័យខ្ពស់សម្រាប់អ្នកដែលមានឯកសារការងារសំខាន់ៗ។

 

បើនិយាយពីការគ្រប់គ្រងនៅលើ ឧបករណ៍ iDevices ក្នុងការ Update, Restore និង Backup ជាដើម យើងបានឃើញថា Apple បានផ្តល់ភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងនោះកម្មវិធី iTunes ត្រូវបានដាក់អោយទាញយកទាំងនៅលើ Mac OS និង Windows បានផងដែរ។ នៅលើ iTunes ក្នុង Mac OS Catalina ឯណោះវិញ Apple បានដកមុខងារគ្រប់គ្រង iDevices នេះចេញពី iTunes បាត់ទៅហើយ ដោយវាត្រូវបានដាក់នៅក្នុង កម្មវិធី Finder វិញផ្ទាល់តែម្តង។ យ៉ាងណាក៏ដោយ នៅក្នុងការ Update និង Restore នេះ អ្នកត្រូវប្រាកដថា បានប្រើប្រាស់ជាមួយនឹង ខ្សែ USB Lightning ដែលមានការបញ្ជាក់ពី Apple ជៀសវាងការរអាក់រអួលនានាក្នុងពេលដំណើរការ។​

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ