CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ការ​ប្រកាស​ធំ​ៗ​ទាំង 7 នៅ​ក្នុង​សន្និសីទ PlayStation State of Play​ របស់ Sony

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Sony បានធ្វើសន្និសីទមួយដែលមានឈ្មោះថា PlayStation State of Play ដើម្បីនិយាយអំពីព័ត៌មាន ដែលទាក់ទងទៅនឹងហ្គេមរបស់ម៉ាស៊ីន PS4 ដែលត្រៀមបង្ហាញខ្លួន នាពេលខាងមុខនេះ។ ក្នុងនោះរួមមានដូចជា ធ្វើការបង្ហាញហ្គេម ថ្មីដែលបង្កើតដោយអ្នកផលិតហ្គេម Katamari Damacy, បង្ហាញសាច់រឿងខ្លីរបស់ហ្គេម Call of Duty: Modern Warfare, បង្ហាញពីទីតាំង និងឈុតឆាកនៃការលេងហ្គេមរបស់ The Last of Us Part II មួយចំនួន ព្រមទាំងថ្ងៃបញ្ចេញលក់ហ្គេមនេះផងដែរ។


*** ខាងក្រោមនេះគឺជាការប្រកាសធំៗទាំង 7 នៅក្នុងសន្និសិទ PlayStation State of Play



The Last of Us Part II នឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ

បន្ទាប់ពីការរង់ចាំ និងចង់ដឹងពីថ្ងៃចេញលក់របស់កំពូលហ្គេម The Last of Us Part II ជាច្រើនឆ្នាំមក នៅទីបំផុត ក្រុមហ៊ុន Sony ក៏ដាច់ចិត្តធ្វើការប្រកាសចេញ ថ្ងៃដាក់លក់ជាផ្លូវការរបស់វា ហើយ។ The Last of Us Part II នឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់ផងថា The Last of Us Part II គឺជាប្រភេទហ្គេមបែបផ្សងព្រេង ភ័យរន្ធត់ បាញ់ប្រហារ តតាំងជាមួយពពួក Zombies ហើយហ្គេមនេះត្រូវបង្កើតឡើងដោយស្ទូឌីយោផលិតហ្គេម Naughty Dog ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់ក្រុមហ៊ុន Sony ហើយវាគឺជាភាគបន្ត ពីហ្គេម The Last of Us ដែលបានបញ្ចេញលក់ ជាផ្លូវការនៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2013។

 




ម៉ាស៊ីន PS4 Pro Death Stranding Limited Edition


ដើម្បីជាការស្វាគមន៍នៃការចេញលក់ហ្គេម Death Stranding នាពេលខាងមុខនេះ ក្រុមហ៊ុន Sony បានធ្វើការប្រកាសចេញមាស៊ីន PS4 Pro Death Stranding Limited Edition។ ដោយផ្នែកខាងលើ និង ខាងក្រោមនៃតួខ្លួនរបស់វាត្រូវស្រោបដោយទឹកថ្នាំពណ៌ ស និងផ្នែកកណ្តាលត្រូវស្រោបដោយទឹកថ្នាំពណ៌ខ្មៅ រំលេចដោយអក្សរពណ៌មាស ដែលសរសេរថា DEATH STRANDING។ អ្វីដែលឲ្យកត់សម្គាល់នោះ គឺនៅផ្នែកខាងលើនៃម៉ាស៊ីន PS4 Pro នេះមានស្នាមបាតដៃ 2 ដែលមានពណ៌ខ្មៅ។ លើសពីនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយដៃបញ្ជា DualShock 4 ដែលមានពណ៌មាស ដែលអាចមើលឃើញដល់គ្រឿងក្នុងរបស់វាផងដែរ។ គួរបញ្ជាក់ផងថា Death Stranding ត្រូវបានអភិវឌ្ឍន៍ឡើងដោយស្ទួឌីយោ Hideo Kojima ហើយវាគឺជាហ្គេមផ្តាច់មុខរបស់ក្រុមហ៊ុន Sony ដូច្នេះមានន័យថាវាមានលេងតែនៅលើម៉ាស៊ីន PS4 តែប៉ុណ្ណោះ។

 



Sony អនុញ្ញាតឲ្យអ្នកអាចធ្វើការសាកល្បងលេងហ្គេម Medievil Remake ចាប់ពីថ្ងៃនេះតទៅ


នៅក្នុងសន្និសីទ PlayStation State of Play ក្រុមហ៊ុន Sony ក៏បានបញ្ចេញវីដេអូថ្មី ដែលបង្ហាញពីទីតាំង និងឈុតឆាកក្នុងការ លេងហ្គេមរបស់ Medievil Remake ផងដែរ។ អ្វីដែលពិសេសថែមទៀតនោះ Sony ក៏បានអនុញ្ញាតឲ្យម្ចាស់ PS4 ទាំងអស់អាច ធ្វើការសាកល្បងហ្គេមនេះ ចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ផងថា ហ្គេម Medievil Remake គឺជាហ្គេមដែលបង្កើតឡើងសាជាថ្មី ដោយយកគម្រូទៅតាម ហ្គេម Medievil ដែលចេញកាលពីឆ្នាំ 1998។ ហ្គេមនេះត្រូវបានបង្កើតឡើងដោយស្ទួឌីយោដែលមានឈ្មោះ ថា Other Ocean Emeryville។

 



សាច់រឿងរបស់ហ្គេម Call of Duty: Modern Warfare


Sony ធ្វើការបញ្ចេញវីដេអូខ្លីថ្មីមួយទៀត ដែលបង្ហាញពីសាច់រឿងរបស់ហ្គេម Call of Duty : Modern Warfare។ គួរបញ្ជាក់ផងថា ហ្គេម Call of Duty : Modern Warfare គឺជាហ្គេមបែបបាញ់ប្រហារ វាត្រូវបានបង្កើតឡើងដោយស្ទួឌីយោដែលមានឈ្មោះថា Infinity Ward ហើយធ្វើការបោះពុម្ពដោយក្រុមហ៊ុន Activision ហើយនឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី 25 ខែតុលា ខាងមុខនេះ។

 

 

 

ហ្គេមថ្មីចុងក្រោយគេ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Tetsuya Mizuguchi

 

ក្រុមហ៊ុន Sony បានប្រកាសចេញហ្គេមថ្មីមួយដែលមានឈ្មោះថា Humanity ដែលអភិវឌ្ឍន៍ដោយស្ទួឌីយោ Enhance ដែលស្ថិត ក្រោមការដឹកនាំរបស់លោក Tetsuya Mizuguchi។ បើយើងសង្កេតមើលទៅលើវីដេអូ ដែលបានបង្ហាញពីឈុតឆាកមួយចំនួន នៅក្នុងហ្គេមនេះ វាប្រៀបបានដូចជាហ្គេម Lemmings និង ហ្គេម Totally Accurate Battle Simulator យកមកបូកបញ្ចូលគ្នា អញ្ចឹង។ ហ្គេម Humanity នេះក៏មានមុខងារគាំទ្រ PlayStation VR ផងដែរ។

 




ហ្គេមថ្មីដែលស្ថិតក្រោមការដឹកនាំរបស់អ្នកបង្កើតហ្គេម Katamari Damacy


ក្រុមហ៊ុន Sony បានប្រកាសចេញហ្គេមថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា WATTAM ដែល ដែលស្ថិតក្រោមការដឹកនាំរបស់ អ្នកបង្កើតហ្គេម Katamari Damacy គឺលោក Keita Takahashi។ WATTAM គឺជាហ្គេមបែបតុក្កតាដែលមានរូបរាងប្លែកៗ គួរឲ្យស្រលាញ់ជាច្រើន ហើយវានឹងបញ្ចេញលក់ជាផ្លូវការនៅក្នុង ខែធ្នូ ខាងមុខនេះ។ លោកអ្នកអាចលេងហ្គេមនេះដោយម្នាក់ឯង ឬក៏សហការជាមួយបងប្អូនរបស់អ្នកក៏បាន។

 




ហ្គេម Civilization VI កំពុងធ្វើដំណើរមកកាន់ម៉ាស៊ីន PS4 ហើយ


ហ្គេម Civilization VI បានបញ្ចេញឲ្យលេងជាលើកដំបូងនៅលើកុំព្យូទ័រ កាលពីឆ្នាំ 2016 កន្លងទៅ។ បន្ទាប់មកកាលពីឆ្នាំមុនគេ ក៏បញ្ចេញឲ្យលេងនៅលើម៉ាស៊ីន Nintendo Switch។ បន្ទាប់ពីការរង់ចាំពីសំណាក់ ម្ចាស់ម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Sony និង Microsoft អស់មួយរយៈកន្លងមក នៅទីបំផុត Civilization VI ក៏បានដាក់ឲ្យលេងនៅលើហ្គេម PS4 និង Xbox ជាផ្លូវការហើយ។ វានឹងបញ្ចេញលក់ជាផ្លូវការនៅ ថ្ងៃទី 22 ខែវិច្ឆិកា ខាងមុខនេះ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: PlayStation Tag: កម្មវិធី-ហ្គេម