CAMBO REPORT

Popup Advertising5 seconds

Xiaomi បាន​ប្រកាស​ចេញ MIUI 11 ជា​មួយ​​រចនាបថ​ថ្មី និង​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រួមជាមួយគ្នានឹង ការបង្ហាញវត្តមានដំបូង របស់ស្មាតហ្វូនម៉ូឌែល Mi 9 Pro 5G និងម៉ូឌែល Mi Mix Alpha ដែលមានអេក្រង់កោងខ្លាំង រហូតដល់ទៅចំនួន 180% មិនធ្លាប់ឃើញមាន ពីមុនមកនោះទេ ដោយក្រុមហ៊ុនចិន Xiaomi ក៏បានធ្វើការប្រកាសចេញ ស្បែកប្រព័ន្ធប្រតិបត្តិការ ជំនាន់ចុងក្រោយរបស់ខ្លួន ដែលត្រូវបានហៅថា MIUI 11 ជាផ្លូវការថែមទៀតផង។ នៅលើកំណែអាប់ដេតថ្មីនេះ MIUI 11 នឹងនាំយកមកនូវរូបរាង UI កែប្រែឲ្យសាមញ្ញជាងមុន, ពុម្ពអក្សរថ្មី, ប្រព័ន្ធកំណត់សម្លេងថ្មី និងមានបន្ថែមមុខងារថ្មីៗ ជាច្រើនទៀត។

 

 

ទន្ទឹមនឹងនេះផងដែរ Xiaomi បាននិយាយប្រាប់ថាស្បែក MIUI 11 ជំនាន់ Open Beta នឹងបើកឲ្យតម្លើងជាសាធារណៈ ចាប់ផ្ដើមពីថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2019 នេះតទៅហើយ ជាមួយនឹងគម្រោងបញ្ចេញ ជំនាន់ផ្លូវការនៅប្រទេសចិន ក្នុងពាក់កណ្ដាលខែតុលា ផងដែរ។ លើសពីនេះ Xiaomi បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនរបស់ខ្លួនចំនួន 17 ម៉ូឌែលខុសៗគ្នា នឹងត្រូវបានដាក់ឲ្យ ធ្វើតេស្ដសាកល្បងជំនាន់ Open Beta ក្នុងប្រទេសចិន ប៉ុន្ដែនាពេលឥឡូវនេះ យើងមកក្រឡេកមើលអំពី ចំណុចសំខាន់ៗមួយចំនួន ដែលបានបន្ថែមថ្មីៗ នៅលើស្បែក MIUI 11 នៅខាងក្រោមនេះ។

 

ការរចនាបថដ៏សាមញ្ញ

 

 

ក្រុមហ៊ុនចិន Xiaomi បានដាក់បង្ហាញឲ្យឃើញថា MIUI 11 ត្រូវបានធ្វើការកាត់បន្ថយ ចំណុចឥតបានការជាច្រើន ដែលធ្វើឲ្យមានភាពស្មុកស្មាញ និងព្យាយាមស្វែករកវិធី ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ល្អ ជាមួយនឹងភាពសាមញ្ញជាងមុន ព្រមទាំងមានពណ៌ស្រស់ស្អាត ជាដើម។ អ្វីដែលពិសេសទៀតនោះគឺថា មុខងារ System-Wide Dark Mode ដែលអនុញ្ញាតឲ្យទាំងកម្មវិធីដើម និងកម្មវិធីមកពីខាងក្រៅ ផ្សេងៗជាច្រើនទៀត ទទួលបានផ្ទៃខាងក្រោយ ពណ៌ខ្មៅបែបងងឹត ក៏ត្រូវបានដាក់បញ្ចូលដូចគ្នា។ ចំណែកឯពុម្ពអក្សរថ្មី មានឈ្មោះហៅថា “Milan Pro” ក៏ត្រូវបានតម្លើងមកស្រាប់ ជាមួយនឹងមុខងារ Dynamic Font Scaling ដំបូងគេបង្អស់ ហើយវាអាចផ្លាស់ប្ដូរ ទំហំពុម្ពអក្សរបាន ដោយស្វ័យប្រវត្តិ ទៅតាមកន្លែងនីមួយៗ ថែមទៀតផង។

 

មុខងារ Ambient Display ជំនាន់ថ្មី

 

 

ពិតប្រាកដណាស់ យើងធ្លាប់ឃើញមាន មុខងារមួយនេះ រៀងយូរណាស់មកហើយ នៅលើស្មាតហ្វូនរបស់ ក្រុមហ៊ុនដទៃៗទៀត ក៏ដូចជារបស់ Xiaomi ប៉ុន្ដែលើកនេះ កាន់តែខុសប្លែកពីមុន ដោយនៅលើស្បែក MIUI 11 បានបន្ថែមនូវរូបភាពថ្មី ឬក៏ហៅថា Effect ថ្មី សម្រាប់ដាក់បង្ហាញលើអេក្រង់ នៅពេលចាក់សោរផងដែរ។ កំណែអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយនេះ ក៏មានបន្ថែមជម្រើសថ្មី ដែលធ្វើឲ្យពន្លឺភ្លើងពណ៌ លោតចេញពីគែមអេក្រង់ ស្រដៀងគ្នាទៅនឹង មុខងារនៅលើ Galaxy S10 Series ឬ Note 10 Series អញ្ចឹង។ យើងក៏អាចធ្វើការគូររូប ឬសរសេរអក្សរ ដាក់បង្ហាញនៅលើ មុខងារនេះបានដូចគ្នា ដើម្បីជាការកត់ចំណាំទុក ជាដើម។

 

មុខងារ Dynamic Sound System

 

 

ក្រៅពីនេះបានធ្វើការកែប្រែ មុខមាត់នៃប្រព័ន្ធអាប់ដេតថ្មី ស្បែក MIUI 11 ក៏បាននាំយកមកនូវ សម្លេងម៉ោងរោទិ៍ថ្មី, សម្លេងសារជូនដំណឹងថ្មី និងសំឡេងរោទ៍៍ទូរសព្ទថ្មី ហើយព្រមទាំងមានបន្ថែម សម្លេងភ្លើង, សម្លេងទឹក ផ្សេងៗជាច្រើនទៀត។ ផ្នែកកំណត់សម្លេង យើងក៏ឃើញមានមុខងារ Dynamic Sound System ដែលអាចផ្លាស់ប្ដូរ សម្លេងសារជូនដំណឹង បានដោយស្វ័យប្រវត្តិ ផ្ដោតទៅតាម ពេលវេលារៀងរាល់ថ្ងៃ ដែលមានន័យថា អ្នកនឹងអាចឭសម្លេង បក្សីស្រែកនៅពេលថ្ងៃ ហើយសម្លេងចង្រិតយំ នៅពេលយប់។

 

ការផ្ទេរទិន្នន័យងាយស្រួលជាងមុន

 

 

ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាធ្លាប់បានដឹងថា Xiaomi បានសហការគ្នាជាមួយនឹង vivo និង OPPO ដើម្បីអភិវឌ្ឃន៍មុខងារថ្មីមួយ សម្រាប់ផ្ទេរទិន្នន័យផ្សេងៗ ដែលកាន់តែ មានភាពងាយស្រួល ពីឧបករណ៍មួយ ទៅឧបករណ៍មួយទៀត។ រីឯស្បែក MIUI 11 មានភ្ជាប់មកជាមួយ មុខងារនោះមកស្រាប់តែម្ដង ដែលបានអះអាងមកថា នឹងអាចធ្វើការផ្ទេរទិន្នន័យ ឡើងដល់ទៅល្បឿន 82MB ក្នុងមួយវិនាទី។ មុខងារថ្មីមួយនេះ ក៏អាចអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ទាំងអស់ ផ្ទេរទិន្នន័យរបស់ហ្គេម ឬ កម្មវិធីផ្សេងៗទៅកាន់ រវាងស្មាតហ្វូនរបស់ vivo, OPPO និង Xiaomi ឬ ធ្វើការផ្ទេរទិន្នន័យរវាង ស្មាតហ្វូនរបស់ Xiaomi ជាមួយនិងកុំព្យូទ័រយួរដៃ ថែមទៀតផង។

 

មុខងារ Mi Work និង Mi Go

 

 

ស្បែក MIUI 11 ក៏ព្រមទាំងបានផ្ដោតទៅលើ មុខងារថ្មីៗសម្រាប់ជំនួយដល់ អ្នកធ្វើការងារអាជីពផងដែរ ដោយមុខងារផ្ទេរទិន្នន័យថ្មី បញ្ជាក់ប្រាប់ខាងលើនេះ គឺជាចំណែកមួយនៃមុខងារ Mi Work ដែលភ្ជាប់មកជាមួយនឹងកម្មវិធី Office (ចាប់ដៃគូគ្នាជាមួយ WPS Office), អាចមើលរូបភាព Thumbnail របស់ឯកសារជាមុនបាន, ការបញ្ជាឲ្យបោះពុម្ពឯកសារ ដោយឥតខ្សែតែម្ដង និងផ្សេងៗជាច្រើនទៀត។ ចំពោះមុខងារថ្មីមួយទៀតគឺ Mi Go ដែលជាជំនួយការឆ្លាតវៃ សម្រាប់ពេលធ្វើដំណើរ ដោយអាចដាក់បង្ហាញពី ព័ត៌មានលម្អិតរបស់ ជើងហោះហើរ នៅលើផ្ទាំងចាក់សោរ និងព្រមទាំងអាចជំនួសឲ្យ ប័ណ្ណហោះហើរថែមទៀត ជាមួយនឹងមុខងារ “Extreme Power Saving Mode” ទុកសម្រាប់សន្សំថាមពលថ្ម ពេលកំពុងធ្វើដំណើរផ្លូវឆ្ងាយ។

 

 

អញ្ចឹង សូមប្រិយមិត្តទាំងអស់គ្នា ត្រួតពិនិត្យមើលរូបភាព នៅខាងលើនេះ ដែលបានដាក់បង្ហាញអំពី ពេលណាអាចអាប់ដេតទៅកាន់ Android 10 ជាមួយស្បែក MIUI 11 ជំនាន់ចុងក្រោយបាន សម្រាប់ស្មាតហ្វូនរបស់ Xiaomi និងម៉ាក Redmi នៅក្នុងប្រទេសចិន ដោយម៉ូឌែលមួយចំនួន ចាប់ផ្ដើមពីពាក់កណ្ដាល ខែតុលានេះតទៅ ហើយសម្រាប់ម៉ូឌែលនៅសល់ ត្រូវរង់ចាំនៅពេលក្រោយៗទៀត។ មុននឹងបញ្ចេញជាផ្លូវការ Xiaomi ក៏នឹងធ្វើតេស្ដសាកល្បងជំនាន់ Open Beta នៅថ្ងៃទី 27 ខែកញ្ញាឆាប់ៗខាងមុខនេះ នៅប្រទេសចិនដូចគ្នា ដោយឡែកជំនាន់សកល (Version Global) អាចនឹងចេញក្រោយគ្នា រយៈពេលពីរ ទៅ បី សប្ដាហ៍ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: កម្មវិធី-ហ្គេម