CAMBO REPORT

Popup Advertising5 seconds

ប្រភពមួយបានអះអាងថា Sony អាចនឹងបញ្ចេញ PS5 និង PS5 Pro ក្នុងពេលតែមួយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង ពីម៉ាស៊ីនហ្គេម PS4 របស់ខ្លួនអស់រយៈពេលជិត 6 ឆ្នាំមកនេះ ក្រុមហ៊ុន Sony ក៏បានធ្វើការរៀបចំ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចេញម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ខ្លួន ដើម្បីឲ្យមហាជនបានឃើញ និងដឹងពី លក្ខណៈសម្បតិ្ត និងមុខងារពិសេសៗរបស់វា ហើយម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony ត្រូវគេរំពឹងថា នឹងមានឈ្មោះជាផ្លូវការថា PlayStation 5 ឬហៅកាត់ថា PS5។ ទាក់ទងទៅនឹង ម៉ាស៊ីនហ្គេមជំនាន់ថ្មី របស់ Sony នេះ យើងក៏ធ្លាប់ទទួលបានព័ត៌មានជាច្រើន ដែលបានចុះផ្សាយ និយាយអំពី រូបរាង, លក្ខណៈសម្បត្តិ និងមុខងារពិសេសៗមួយចំនួនរបស់វាផងដែរ។

 


ជាក់ស្តែងនៅក្នុងថ្ងៃនេះ យើងក៏ទើបតែទទួលបានព័ត៌មានដែលនិយាយទាក់ទងទៅនឹងម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ Sony នេះ ផងដែរ។ បើយោងទៅតាម ភ្នាក់ងារសារព័ត៌មានរបស់ជប៉ុនម្នាក់ដែលមានឈ្មោះថា Zenji Nishikawa បានរាយការណ៍មកថា ក្រុមហ៊ុន Sony នឹងធ្វើការបញ្ចេញ PS5 និង PS5 Pro ក្នុងពេលតែមួយតែម្តង។ ប្រភពបន្តទៀតថា ម៉ាស៊ីនហ្គេម PS5 Pro និងមានលក្ខណៈពិសេសជាង PS5 ធម្មតា ហើយវានឹងតម្លៃថ្លៃជាង PS5 ធម្មតាប្រហែលជា 100 ទៅ 150 ដុល្លារ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យយើងដឹងច្បាស់ថា តើវានឹងមានកម្លាំងម៉ាស៊ីនខ្លាំងជាង PS5 ធម្មតា ឬក៏យ៉ាងណានោះទេ។ គួរបញ្ជាក់ផងដែរថា លោក Zenji Nishikawa គឺជាមនុស្សម្នាក់ដែលធ្លាប់បានធ្វើការអះអាងថា ក្រុមហ៊ុន Nintendo នឹងធ្វើការបញ្ចេញ Nintendo Switch Lite តាំងពីវាមិនទាន់បានប្រកាសចេញជាផ្លូវការ។ ដូច្នេះសម្រាប់ការអះអាងរបស់គាត់ អាចមានភាគរយខ្ពស់ នឹងក្លាយទៅជាការពិតផងដែរ។ គួររំលឹកផងថា ម៉ាស៊ីនហ្គេម PS5 នឹងត្រូវបំពាក់ដោយ បន្ទះ ឈីប AMD Ryzen (Zen 2) ប្រភេទ 7nm គួបផ្សំជាមួយ ក្រាហ្វិកកាត របស់ក្រុមហ៊ុន AMD ( បង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា Navi ) ដែលគាំទ្រមុខងារ Ray Tracing ( បង្កើតចំណាំងផ្លាតរបស់វត្ថុ ដែលស្ថិតនៅជុំវិញ មជ្ឈដ្ឋានក្នុងហ្គេម ដែលធ្វើឲ្យយើង មើលទៅដូចពិតៗអញ្ចឹង) និងប្រើប្រាស់អង្គផ្ទុកទិន្ន័យប្រភេទ SSD ដែលមានល្បឿនគណនាលឿន ហើយអ្វីដែលកាន់តែពិសេស ថែមទៀតនោះ គឺវាក៏គាំទ្រ Backwards Compatible ( មុខងារដែល អនុញ្ញាតឲ្យ អ្នកអាចលេងហ្គេម PS4 នៅលើម៉ាស៊ីន PS5 បាន) ទៀតផង។ PS5 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការ នៅខែ កុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។

 


អញ្ចឹងសរុបមកវិញ បើព័ត៌មាននេះគឺជាការពិតមែននោះ មានន័យថាក្រុមហ៊ុន Sony ចង់ផ្លាស់ប្តូរនូវទំលាប់នៃការចេញលក់ ម៉ាស៊ីនហ្គេមរបស់ខ្លួនហើយ ដោយកាលពីពេលកន្លង Sony បានប្រកាសចេញមាស៊ីនហ្គេម PS4 ជាមុនសិន បន្ទាប់មកទៀត ទើបខ្លួនប្រកាសចេញ PS4 Pro ដែលជាកំណែអាប់ដេតរបស់ PS4 តាមក្រោយ។ ប៉ុន្តែយើងក៏មិនទាន់អាចប្រាកដបាន 100% ថាព័ត៌មានខាងលើនេះ គឺជាការពិត ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំរហូតដល់ ខែកុម្ភៈ ឆ្នាំ 2020 ទើបយើងបានដឹងច្បាស់។
 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Tweak Town Tag: កម្មវិធី-ហ្គេម