CAMBO REPORT

Popup Advertising5 seconds

បើ​តាម​ការ​ដោះ​ម៉ាស៊ីន iPhone 11 Pro បាន​រក​ឃើញ​គ្រឿង​ថ្មី​មួយ​ស្ថិត​នៅ​ក្រោម​កន្លែង​ថ្ម ដោយ​សង្ស័យ​ថា​សម្រាប់​សាក​ថ្ម​ឲ្យ​គេ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមការងាររបស់ iFixit បានធ្វើការផ្សាយបន្ដផ្ទាល់ នៅពេលយប់ម្សិលមិញនេះ ទៅលើការដោះគ្រឿងម៉ាស៊ីន នៃស្មាតហ្វូនរបស់ Apple ម៉ូឌែលចុងក្រោយគឺ iPhone 11 Pro បន្ទាប់ពីដាក់លក់ នៅលើទីផ្សារអន្ដរជាតិ មិនទាន់បានមួយថ្ងៃស្រួលប្រួលផង។ ខណៈពេលកំពុងតែធ្វើការ បើកតួម៉ាស៊ីនចេញទាំងអស់ និងចាប់ផ្ដើមវិភាគផ្នែកនីមួយៗ របស់ស្មាតហ្វូនទាំងមូលហើយ ក្រុមការងារ iFixit ក៏បានសង្កេតឃើញថា មានបន្ថែមគ្រឿងបន្លាសថ្មីមួយ ស្ថិតនៅខាងក្រោមកន្លែងដាក់ថ្ម ដោយមិនដឹងពីមុខងាររបស់វាច្បាស់ ក៏ត្រូវបានរំពឹងទុកថា ជាផ្នែកសម្រាប់សាកថ្មឲ្យ ឧបករណ៍ផ្សេងៗដទៃទៀតតែម្ដង។

 

 

នេះបើយោងទៅតាម អ្នកវិភាគជំនាញដ៏ល្បីល្បាញ លោក Ming-Chi Kuo បានធ្វើការព្យាករណ៍ទុកមុន កាលពីដើមឆ្នាំនេះថា Apple នឹងផ្ដល់ជូនឲ្យមុខងារ សាកថ្មឥតខ្សែទៅកាន់ ឧបករណ៍ដទៃទៀតបាន នៅលើគ្រប់ម៉ូឌែល iPhone 11 Series ទាំងអស់ផងដែរ ដោយសូម្បីតែ ប្រភពសារព័ត៌មាន Bloomberg ក៏ទទួលបានរបាយការណ៍ថា អ្នកប្រើប្រាស់ទាំងអស់ នឹងអនុញ្ញាតឲ្យសាកថ្ម កាសឥតខ្សែ AirPods របស់ពួកគេ នៅលើខ្នងរបស់ iPhone ជំនាន់ចុងក្រោយនេះ បានថែមទៀតផង។ យ៉ាងណាក៏ដោយ មុននឹងព្រឹត្តិការណ៍ប្រកាសចេញ iPhone 11 Series ប្រហែលជិតមួយថ្ងៃ ទាំងលោក Ming-Chi Kuo និងសារព័ត៌មាន Bloomberg បាននិយាយប្រាប់ថា Apple បានបោះបង់ចោល គម្រោងនេះបាត់ហើយ អាចដោយសារតែ មិនទាន់ដំណើរការបានល្អ នៅឡើយនោះទេ។ ប្រភពព័ត៌មានមួយចំនួន ក៏បានប៉ាន់ស្មានថា ពីព្រោះ Apple បានលុបចោលគម្រោងនេះ រៀងយឺតពេលពេកដែរ ដូច្នេះហើយ iPhone 11 Series គឺសុទ្ធតែភ្ជាប់មកជាមួយ គ្រឿងផ្នែករឹងរួចមកហើយ ប៉ុន្ដែត្រូវបានបិទតាមរយៈ Software វិញផងដែរ។រហូតមកដល់ពេលនេះ iFixit ក៏ស្វែងរកឃើញគ្រឿងថ្មីនោះ នៅក្រោមកន្លែងដាក់ថ្មថែមទៀត និងបានចាប់ផ្ដើមសង្ស័យថា ពាក្យចចាមអារ៉ាម ដែលបានចុះផ្សាយមក អាចពិតជាត្រឹមត្រូវមែន។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការដោះគ្រឿងម៉ាស៊ីន iPhone 11 Pro ដោយ iFixit ៖

 

 

ខណៈពេលដែលផ្នែក Hardware គឺអាចនឹងមាននៅលើ iPhone 11 Series ដូចបង្ហាញក្នុងវីដេអូពិតមែន ប៉ុន្ដែមិនអាចប្រាកដបានថា Apple នឹងបញ្ចេញមុខងារ ធ្វើការសាកថ្មឲ្យគេនេះ តាមរយៈកំណែអាប់ដេត Software នៅពេលក្រោយនោះឡើយ ដោយប្រភពមួយចំនួនទៀត បានជឿជាក់ថាមុខងារនេះ ទុកសម្រាប់បំពាក់លើ iPhone ស៊េរីឆ្នាំ 2020 ឯណោះ។ អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងមានគម្រោងរកជាវ iPhone 11 Series មកប្រើប្រាស់ តើមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលដឹងថា Apple បានលុបចោលគម្រោង លើមុខងារថ្មីមួយនេះ បើទោះជាគ្រឿងផ្នែករឹង មានភ្ជាប់មករួចហើយ? ឬក៏យល់ឃើញថា វាគ្មានអ្វីសំខាន់នោះឡើយ? សូមចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: ទូរស័ព្ទ