CAMBO REPORT

Popup Advertising5 seconds

Watch​ GT​ 2​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ ដំណើរការ​ដោយ​ LiteOS​ របស់ Huawei ផ្ទាល់​​តែ​ម្ដង​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់មិញ ប្រិយមិត្តបានទទួលជ្រាប រួចមកហើយ ទាក់ទងទៅនឹងការប្រកាសផ្លូវការ នៃស្មាតហ្វូនកំពូលរបស់ Huawei នោះគឺ Mate 30 series ដែលក្នុងនោះ រួមមានទាំង Huawei Mate 30, Mate 30 Pro និងមានជា Mate 30 RS Porsche Design ផងដែរ។ ដោយឡែក មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយនេះ ក៏បានប្រកាសជាផ្លូវការ ឲ្យសាធារណៈជនបានឃើញ នូវផលិតផលនាឡិកាឆ្លាតវៃជំនាន់ថ្មី និយាយឲ្យចំទៅ Watch GT 2 ត្រូវបានបង្ហាញខ្លួនរួចរាល់ហើយ កាន់តែប្លែកនោះ លើកនេះ វាបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនទៀតផង។

 

 

ពិតណាស់ Watch GT 2 ត្រូវបានផលិតឡើង ជាមួយជម្រើសទំហំពីរប្រភេទ ដូចជា 42mm និង 46mm ដែលវាទាំងពីរនេះ សុទ្ធតែមានបំពាក់ជាមួយ អេក្រង់ AMOLED ដែលមានកម្រិតបង្ហាញ 390 x 390 ភិចសែលនៅលើអក្រង់ 1.2 អ៊ីញសម្រាប់ម៉ូឌែល 42mm និងម៉ូឌែល 46mm មានកម្រិតបង្ហាញ 454 x 454 ភិចសែលនៅលើអេក្រង់ 1.39 អ៊ីញផងដែរ។ នាឡិកាឆ្លាតវៃខាងលើ បានបំពាក់ជាមួយឈីប Kirin A1 ព្រមទាំងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ត្រូវបានគេហៅថា LiteOS ជាពិសេស Huawei ក៏បានភ្ជាប់មកជាមួយទំហំផ្ទុក 2GB មកស្រាប់ ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្ទុកបទចម្រៀងបានជាង 500 បទទៀតផង។ 

 

 

មួយវិញទៀត smartwatch ជំនាន់ថ្មីនេះ មានសមត្ថភាពការពារ ពីការជ្រៀបទឹកបានដល់កម្រិត 5 ATM ទៀតផង ដែលកម្រិតនេះ មានន័យថា វាអាចធននឹងទឺក បានដល់ជម្រៅ 50 ម៉ែត្រអញ្ចឹងដែរ។ លើសពីនេះ Huawei ក៏បានបង្កើនមុខងារផ្នែកសុខភាពថ្មីបន្ថែមចំនួន 15 ប្រភេទ ក៏ដូចជាបានដាក់បញ្ចូលមុខងារផ្សេងទៀតដូចជា compass, torch, workout records និង Barometer ហើយក្នុងនោះដែរ វាក៏បានបន្ថែមនូវសេនស័រស្កេនចង្វាក់បេះដូង ដែលអាចដឹងថា ម្ចាស់របស់វា មានជម្ងឺខ្សោយបេះដូង ឬមួយក៏អត់ ហើយវាក៏មាននាទី វាស់ស្ទង់សុខភាពខួក្បាលបានទៀតផង។  ចំណែកថាមពលថ្មរបស់វាវិញ Huawei អះអាងថា វាអាចកាន់បានដល់ 2 សប្តាហ៍ ក្នុងការសាកថ្មម្ដង ហើយរយៈពេលយូរគួរសមនេះ ក្រុមហ៊ុនខាងលើចង់សំដៅលើម៉ូឌែល 46mm  រីឯម៉ូឌែលដែលមានទំហំតូចជាងវិញ វាអាចរស់បានត្រឹម មួយសប្តាហ៍តែប៉ុណ្ណោះ។

 

 

ដូច្នេះហើយ យើងឃើញថា Huawei បានបង្កើនសមត្ថភាពរបស់ Watch GT 2 ច្រើនគួរសមដែរ ដែលមានទាំងថាមពលថ្មខ្លាំងជាមុន មានមុនខងារសុខភាពប្រសើរជាងមុន និងកាន់តែពិសេស វាក៏មានរូបរាងស្រស់ស្អាតជាងមុន ថែមទៀតផង។ ចំពោះការចនា ក៏ដូចជាការបំពាក់ជាមួយបច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ Huawei បានប្រកាសដាក់លក់វា ក្នុងតម្លៃខ្ទង់ 275 ដុល្លារសម្រាប់ម៉ូឌែលទំហំធំ ហើយចំពោះម៉ូឌែល 42mm វិញ វាមានតម្លៃខ្ទង់ 253 ដុល្លារផងដែរ ដោយតម្លៃទាំងនេះ វាសុទ្ធតែជាការដាក់លក់ នៅក្នុងទីផ្សារស្រុកគេតែប៉ុណ្ណោះ ចំណែកឯស្រុកយើងវិញ វាអាចនឹងមានការប្រែប្រួល អញ្ចឹងដែរ។ 

ចំពោះថ្ងៃបង្ហាញខ្លួនលើទីផ្សារ ក្រុមហ៊ុនចិនខាងលើ មិនបានបញ្ជាក់ឲ្យបានច្បាស់នោះទេ គ្រាន់តែបានប្រាប់ថា វានឹងមានវត្តមាននៅក្នុងខែក្រោយ ដូចទៅនឹងស្មាតហ្វូនត្រកូល Mate 30 series ដែរ ហើយបើតាមអ្វីដែលបានឃើញ ចំពោះនាឡិកានេះ ខ្ញុំគិតថាវាមានរូបរាងស្រស់ស្អាត ប៉ុន្តែមុខងាររបស់វា ក៏មិនមានអ្វីដែលពិសេសជាង Smartwatch របស់ក្រុមហ៊ុនដទៃទៀតនោះដែរ មានន័យថា Watch GT 2 មានលក្ខណៈសំខាន់ៗ ដូចតែគេឯង ដែលបានបង្ហាញខ្លួនមុនវានោះដែរ។ យ៉ាងណានេះជាគំនិតរបស់ខ្ញុំ ចុះប្រិយមិត្តអ្នកអានវិញ មានយោបល់យ៉ាងណាដែរ ទៅលើនាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុនខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Huawei Tag: នាឡិកាវៃឆ្លាត