CAMBO REPORT

Popup Advertising5 seconds

Apple និង Disney អាច​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​តែ​មួយ បើ​សិន​លោក Steve Jobs នៅ​​មាន​ជីវិត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃពុធទី 18 ខែកញ្ញា ឆ្នាំ 2019 នៅម្សិលមិញនេះ លោក Bob Iger ដែលជានាយកប្រតិបត្តិ Disney បានបោះពុម្ពអត្ថបទមួយ ដែលដកស្រង់ចេញពី សៀវភៅកំណត់ហេតុ របស់គាត់ផ្ទាល់តែម្ដង នៅលើគេហទំព័រ សារព័ត៌មាន Vanity Fair ដោយសរសេរឲ្យបានដឹងពី អនុស្សាវរីយ៍រវាងគាត់ ជាមួយនឹងលោក Steve Jobs ផងដែរ។ បើយោងតាមអត្ថបទនោះ គាត់បានលើកឡើងថា “ខ្ញុំជឿជាក់ថា បើសិនជាលោក Steve Jobs នៅរស់រានមានជីវិត នាពេលសព្វថ្ងៃនេះ ដូច្នេះក្រុមហ៊ុនរបស់យើងទាំងពីរ នឹងអាចរួមបញ្ចូលគ្នា ឲ្យក្លាយជាក្រុមហ៊ុនតែមួយ” ជាក់ជាមិនខានឡើយ។

 

 

ចំណែកឯអត្ថបទថ្មីនេះ គឺត្រូវបានបោះពុម្ភផ្សាយ បន្ទាប់ពីលោក Bob Iger បានលាលែងតំណែងពី សមាជិកក្រុមប្រឹក្សាភិបាលនៅ Apple កាលពីសប្ដាហ៍មុននេះ ដោយមិនបានបញ្ជាក់ពី មូលហេតុជាក់លាក់នោះឡើយ ប៉ុន្ដែទំនាក់ទំនងរវាង ក្រុមហ៊ុនទាំងពីរ នៅរក្សាភាពល្អនឹងគ្នាដដែល។ ជាក់ស្ដែង ទំនាក់ទំនងដ៏ល្អ របស់លោក Bob Iger ជាមួយនឹងលោក Steve Jobs គឺត្រូវបានចាប់ផ្ដើមតាំងពី Disney ទទួលទិញយក Pixar ដោយចំណាយថវិកាចំនួន 7.4 ពាន់លានដុល្លារ កាលពីនៅឆ្នាំ 2006 មកម្ល៉េះ។

 

ក្រៅពីនេះលោក Bob Iger បានបន្ថែមទៀតថា ប្រសិនបើ Disney និង Apple មិនទាន់ក្លាយជាក្រុមហ៊ុនតែមួយ យ៉ាងហោចណាស់ គាត់ហើយនិងលោក Steve Jobs ក៏អាចពិភាក្សាជាមួយគ្នា ជាលក្ខណៈជំនាញខ្លាំង ឲ្យបានច្បាស់លាស់ ទៅលើគំនិតមួយនេះ។ បើយោងទៅតាមលោក Bob Iger បាននិយាយប្រាប់ថា គាត់បានយល់ព្រមឲ្យ Apple បញ្ចូលខ្សែភាពយន្ដចំនួន 5 របស់ក្រុមហ៊ុន Disney ទៅលើ iPod ស៊េរីថ្មីថែមទៀតផង។

 

 

ពិតប្រាកដណាស់ នៅលើអត្ថបទចុះផ្សាយថ្មី របស់លោក Bob Iger គឺបានចង្អុលបង្ហាញថា ប្រសិនបើលោក Steve Jobs នៅរស់រានមានជីវិត រហូតដល់សព្វថ្ងៃនេះ អនាគតរបស់ Apple និង Disney នឹងមានភាពខុសប្លែកច្រើន ដោយមានឱកាសក្នុងការ ក្លាយទៅជាក្រុមហ៊ុនតែមួយ ប៉ុន្ដែគួរឲ្យសោកស្ដាយ គម្រោងការមិនអាច ដើរតាមការរំពឹងទុក នោះទេ។ បើសិនជាប្រិយមិត្ត ចង់អានអត្ថបទពេញរបស់លោក Bob Iger នៅលើវេបសាយព័ត៌មាន Vanity Fair ដូច្នេះ សូមចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត អំពីទំនាក់ទំនងរវាងគាត់ នឹងលោក Steve Jobs ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: Lifestyle