CAMBO REPORT

Popup Advertising5 seconds

គុណវិបត្តិ គុណសម្បត្តិ និងភាពខុសគ្នារវាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងរបស់ អាមេរិក ឬកូរ៉េ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំជឿថា នៅមានប្រិយមិត្តមួយចំនួន នៅតែមានចង្ងល់ និង មិនទាន់យល់ច្បាស់ ពីភាពខុសគ្នារវាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុនផ្លូវការ និងស្មាតហ្វូន Android របស់អាមេរិច ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ី។ តើពួកវាខុសគ្នា ត្រង់ណា ហើយ ពួកវាមានគុណសម្បត្តិ និងគុណវិបត្តិ អ្វីខ្លះ? ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមកាងារ ខេមបូរីផត នឹងបកស្រាយពីលក្ខណៈខុសគ្នារវាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងស្មាតហ្វូន Android របស់ អាមេរិក  ឬកូរ៉េ ដើម្បីឲ្យប្រិយមិត្តយល់កាន់តែច្បាស់ពីពួកវា។

 

 

កម្លាំងមាស៊ីន : 

 

ភាពខុសគ្នាទី 1 រវាងស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ី គឺត្រង់ចំណុច គ្រឿងក្នុងរបស់វាតែម្តង ដោយស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ភាគច្រើនបំពាក់មកជាមួយបន្ទះឈីប មិនដូចគ្នានោះទេ។ ឧទាហរណ៍ដូចជា ស្មាតហ្វូនលំដាប់កំពូលរបស់ Samsung ដែលនាំចូលដោយក្រុមហ៊ុន និងកូរ៉េ ប្រើប្រាស់បន្ទះឈីប Exynos របស់ Samsung ផ្ទាល់តែម្តង។ ខណៈពេលដែល ស្មាតហ្វូនលំដាប់កំពូលរបស់ Samsung ដែលនាំចេញពីទីផ្សារ សហរដ្ឋអាមេរិក បំពាក់មកជាមួយបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ដែលមានកម្លាំងខ្លាំងជាង បន្ទះឈីប Exynos របស់ Samsung។ នៅមិនទាន់អស់នោះទេ ស្មាតហ្វូនដែលនាំចូលដោយក្រុមហ៊ុន គឺតម្រូវទៅតាមមុខងារ ដែលអាចប្រើប្រាស់នៅក្នុងប្រទេសយើងបាន ខណៈដែលស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ី អាចមានមុខងារខ្លះប្រើបាន និងខ្លះទៀតមិនអាចប្រើប្រាស់បាន។ ឧទាហរណ៍ដូចជា ស្មាតហ្វូន Samsung Galaxy S10+ 5G និង LGV50 ThinQ 5G ជាដើម ពួកវាសុទ្ធតែបំពាក់មកជាមួយបច្ចេកវិទ្យាសេវា 5G ប៉ុន្តែយើងមិនអាចប្រើប្រាស់បច្ចេកវិទ្យានេះបានទេ នៅក្នុងស្រុកយើង។ ដូច្នេះវាធ្វើឲ្យយើងខាតបង់ ដែលចំណាយទឹកប្រាក់ច្រើន ទៅទិញយកពួកវា ហើយថែមទាំងមិនអាចប្រើប្រាស់មុខងារសំខាន់ៗទាំងនោះបានទៀត។ លើសពីនេះទៅទៀត ស្មាតហ្វូន Android របស់កូរ៉េ មួយចំនួន មានជម្រើសទំហំ RAM និងអង្គផ្ទុកទិន្នន័យអតិបរមាធំជាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន។

 

 

Software : 

 

Software ក៏ជាចំណុចដ៏ធំមួយផងដែរ នៃភាពខុសគ្នារវាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ី។ ចំណុចធំទីមួយនោះ គឺស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន បានភ្ជាប់មកជាមួយភាសាខ្មែរ និងអង់គ្លេសស្រាប់តែម្តង ហើយវាក៏បានតម្លើងមកជាមួយក្តារចុចខ្មែរស្រាប់ ថែមទៀត។ លើសពីនេះទៅទៀត វាក៏មិនបានតម្លើងកម្មវិធីដែលមិនបានការមកជាមួយនោះទេ។ ខណៈដែលស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ មិនបានភ្ជាប់មកជាមួយភាសាខ្មែរ និងក្តារចុចខ្មែរស្រាប់នោះទេ។ ដូច្នេះបើយើងត្រូវការប្រើ វាទាមទារឲ្យយើងធ្វើការ Download ដោយខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើការតម្លើងកម្មវិធី ដែលមិនអាចប្រើប្រាស់នៅក្នុងស្រុកយើងបាន ដូចជាទាក់ទងទៅនឹងសេវាកម្មរបស់ ក្រុមហ៊ុន Verizon, AT&T, Sprint, SK Telecom, LG Uplus និង KT Corporation ជាដើម ឬកម្មវិធី រញ៉េរញ៉ៃ ព្រមទាំងមិនបានការជាច្រើន មកជាមួយស្រាប់តែម្តង ហើយអ្វីដែលសំខាន់នោះ គឺមានកម្មវិធីមួយចំនួន មិនអនុញ្ញាតឲ្យយើងធ្វើការលុបវាចេញពីទូសរព្ទនោះទេ ហេតុដូច្នេះហើយ វាធ្វើឲ្យយើងខាតបង់ទំហំអង្គផ្ទុកទិន្នន័យច្រើនដែរ។ លើសពីនេះទៅទៀត មានកម្មវិធីមួយចំនួនបានភ្ជាប់មកជាមួយអក្សរកូរ៉េ ដែលមិនអាចផ្លាស់ប្តូរបាន ឧទាហរណ៍ដូចជា កម្មវិធីសម្រាប់ធ្វើការហៅទូរសព្ទចេញជាដើម។ នៅមិនទាន់អស់នោះទេ ស្មាតហ្វូន Android របស់កូរ៉េ មិនអនុញ្ញាតឲ្យធ្វើការបិទសម្លេងកាមេរ៉ា ពេលដែលយើងថតរូបនោះទេ នេះជាបញ្ហាមួយដ៏គួរឲ្យរំខាន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពពួកស្មាតហ្វូន Android របស់កូរ៉េ មិនងាយស្រួលក្នុងការទទួលបានកំណែអាប់ដេត Software នោះទេ។ ខណៈដែលស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន ទទួលបានកំណែអាប់ដេត ជានិច្ចជាកាល។ លើសពីនេះទៅទៀត ស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ី មួយចំនួន អាចនឹងប្រឈមមុខនឹងការជាប់ Lock នៅពេលដែលយើងធ្វើការ Reset ទូរសព្ទ។

 

 

សេវាទូរសព្ទ :

 

ស្របពេលដែលស្មាតហ្វូនមួយចំនួន ត្រូវបានផលិតឡើងតម្រូវ ទៅតាមតំបន់ និងប្រទេសនីមួយៗនោះ យើងអាចដឹងបានថា ស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ីភាគច្រើន បានបង្កប់មកជាមួយនូវអង់តែន ដែលអាចចាប់នូវរលកសេវាបានត្រឹមត្រូវ និងមានល្បឿនលឿន នៅតែក្នុងប្រទេសកំណើតរបស់គេ តែប៉ុណ្ណោះ។ ដូច្នេះមានន័យថា ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន អាចទទួលបានសេវាពេញលេញ និងមានស្ថេរភាពជាង ស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ព្រោះថាពួកគេបង្កើតឡើងសម្រាប់ប្រើប្រាស់ ឲ្យត្រូវនឹងប្រទេសដែលគេនាំចូល។ ខណៈដែល ស្មាតហ្វូន Android ដែលនាំចេញពីទីផ្សារ អាមេរិក ឬកូរ៉េ ភាគច្រើនបានបង្កប់មកជាមួយ អង់តែន ដែលតម្រូវទៅតាមក្រុមហ៊ុនផ្តល់សេវាកម្មទូរសព្ទធំៗមួយចំនួន នៅឯប្រទេសរបស់ពួកគេ ក្នុងនោះមានដូចជា៖ Verizon, AT&T, Sprint, SK Telecom, LG Uplus និង KT Corporation ជាដើម។ ជាលទ្ធផល វាអាចធ្វើ ស្មាតហ្វូន Android ដែលនាំចេញពីប្រទេសទាំងនោះ ជួបបញ្ហារអាក់រអួលផ្នែកសេវា និងប្រើប្រាស់អ៊ីនធើណេត នៅពេលដែលយកមកប្រើប្រាស់នៅក្នុងប្រទេសយើង។ ចំនុចដែលគួរឲ្យកត់សម្គាល់មួយផ្សេងទៀតគឺ ស្មាតហ្វូន Android របស់កូរ៉េ មួយចំនួនបានដើរលើ ប្រព័ន្ធ LTE A ឬ LTE Advanced ខណៈដែលនៅលើប្រទេសផ្សេងៗ ប្រើប្រាស់ជាមួយនឹងប្រព័ន្ធ LTE ធម្មតានៅឡើយ ដោយយើងមិនអាចប្រើប្រាស់វាអោយអស់ពីលទ្ធភាពបាននោះទេ។ ដូច្នេះ វាតម្រូវឲ្យយើងប្រើប្រាស់ជម្រើសផ្លាស់ប្តូរ Rom របស់ Global ដើម្បីទទួលបានការប្រើប្រាស់សេវាពេញលេញ។ 

 

 

តម្លៃ : 

 

ដោយផ្អែកទៅលើទីផ្សារ នៅក្នុងប្រទេសយើង ក្នុងពេលបច្ចុប្បន្ននេះ យើងអាចយកនូវទិន្នន័យតម្លៃទាំងនោះ មកធ្វើការគណនា ដើម្បីឲ្យដឹងពីភាពខុសគ្នា នៃតម្លៃរបស់ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន និងស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ ដែលនាំចូលដោយឈ្មួញរកស៊ីនានា។ ក្នុងនោះយើងសង្កេតឃើញថា ស្មាតហ្វូន Android របស់អាមេរិក ឬកូរ៉េ ស្ទើរតែគ្រប់ម៉ាក និង ម៉ូឌែលដែលមានលក់ នៅក្នុងទីផ្សារស្រុកយើង មានតម្លៃធូរថ្លៃជាង ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុន។ ជាក់ស្តែង យើងមើលទៅលើម៉ូឌែលមួយចំនួន ដូចជា Galaxy Note 10 Plus ទំហំ 256GB សម្រាប់ម៉ូឌែល អាមេរិក ឬកូរ៉េ និង ម៉ូឌែល របស់ក្រុមហ៊ុន មានតម្លៃខុសគ្នា ប្រហែល 100 ដុល្លារ។ ដោយឡែក នេះគ្រាន់តែជា តម្លៃប្រហាក់ប្រហែល តែប៉ុណ្ណោះ។ ម្យ៉ាងវិញ វាគឺជាម៉ូឌែល ចុងក្រោយទៀតផង ហើយបើនិយាយពីតម្លៃទូទៅ ដែលយើងឃើញមាន នៅលើម៉ាក LG វិញ ឃើញថា វាមានតម្លៃខុសគ្នាប្រហែលក្នុងចន្លោះ ពី 20 ទៅ 50 ដុល្លារ ឬអាចលើសពីនោះ ទៅតាមប្រភេទម៉ូឌែល ដែលទើបនឹងចេញ និងចេញយូរឆ្នាំផងដែរ។ 

 

 

ទំនុកចិត្ត :

 

បើនិយាយពីទំនុកចិត្តវិញ នរណាៗក៏ចង់បាននូវស្មាតហ្វូន ដែលមានការធានា ក៏ដូចជា មកពីប្រភពច្បាស់លាស់ ពេលយកមកប្រើប្រាស់ឲ្យស្ងប់ចិត្តដែរ។ ប៉ុន្តែ យើងប្រហែលជាពិបាក រកការធានាត្រឹមត្រូវ នៅលើស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉ ដែលនាំចូលដោយឈ្មួញរកស៊ីបន្តិចហើយ ដោយសារតែភាគច្រើន នៃការនាំចូលនូវម៉ាស៊ីនទាំងនោះ មិនមានប្រភពច្បាស់លាស់។ ហេតុដូច្នេះហើយ ការលក់រាយក៏មិនអាចមានការធានាដែរ។ ជាក់ស្តែង យើងអាចរកទិញ ស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េបាន ក្នុងគុណភាពមួយទឹក ដោយចំពោះម៉ូឌែលថ្មីក្នុងប្រអប់មិនសូវ ជាមានការនាំចូលនោះឡើយ។ និយាយដល់ស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុនវិញ ទោះបីជា យើងត្រូវចំណាយច្រើនបន្តិច ក៏ពិតមែន តែយើងទទួលបាន នូវស្មាតហ្វូន Android មួយគ្រឿង ដែលមានទំនុកចិត្តខ្ពស់ និងងាយស្រួលក្នុងការជួសជុល ក៏ដូចជាការផ្លាស់ប្តូរគ្រឿងបន្លាស់នានា ផងដែរ។ លើសពីនេះ វាក៏បានភ្ជាប់ជាមួយការធានារយៈពេល 1 ឆ្នាំ ជាមួយនឹងការផ្តល់ជូន នូវឧបករណ៍បន្ថែមផ្សេងៗទៀត ក្នុងនោះមានដូចជា ឆ្នាំងសាក កាស់ស្តាប់ ដែលចេញពីរោងចក្រផ្ទាល់ តែម្តង។ 

 

 

សរុបមក ការប្រើប្រាស់ស្មាតហ្វូន ក្នុងពេលបច្ចុប្បន្ននេះ តម្រូវឲ្យយើងធ្វើការសិក្សាស្វែងយល់ ពីវា ឲ្យបានច្បាស់លាស់ មុននឹងទិញយកមកប្រើប្រាស់ ដើម្បីប្រាកដថា វាសាកសមនឹងអ្វីដែលយើងចង់បាន និងការប្រើប្រាស់ឲ្យ អស់ពីលទ្ធភាពដែលវាមាន។ ស្មាតហ្វូនមួយចំនួន ដែលមានប្រភព និងប្រវត្តិមិនច្បាស់លាស់នោះ តម្រូវឲ្យយើងធ្វើការពិនិត្យពិច័យ ឲ្យបានល្អិតល្អន់ ជៀសវាងការជ្រើសរើសស្មាតហ្វូន ខុសពីអ្វីដែលយើងចង់បាន។ យ៉ាងណាមិញ យើងបានដឹងហើយថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅមានកម្រិត ដូច្នេះរាល់ការចំណាយទៅលើសម្ភារៈទាំងនោះ ក៏តម្រូវឲ្យមានការសន្សំសំចៃបន្ថែមទៀត ដែលជាហេតុនាំអោយទីផ្សារស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ មានតម្រូវការ ជាច្រើននៅក្នុងស្រុកយើង។ យ៉ាងណាក៏ដោយ វាក៏នៅតែស្ថិតនៅលើការសម្រេចចិត្ត របស់អ្នកក្នុងការជ្រើសយកស្មាតហ្វូនទាំងនោះមកប្រើប្រាស់ បើអ្នកមិនបានខ្វល់ខ្វាយអំពី កម្លាំងម៉ាស៊ីន គុណភាពសេវា និងការធានា អ្នកអាចជ្រើសរើសយក ស្មាតហ្វូន Android របស់ អាមេរិក ឬកូរ៉េ នៅក្នុងតម្លៃដ៏ធូថ្លៃមួយបាន។ តែបើសិនជាតម្លៃមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ សូមធ្វើការជ្រើសរើសស្មាតហ្វូន Android ដែលនាំចូលដោយក្រុមហ៊ុនផ្លូវការ  ឬតាមហាងលក់រាយនានា ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន ទើបជាការប្រសើរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ