CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ ដំណោះស្រាយ​បញ្ហា​លោត​ផ្ទាំង​ពាណិជ្ជកម្ម​ នៅ​លើ​ស្មាតហ្វូន​ Android​!​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងតែប្រើប្រាស់ ស្មាតហ្វូនដំណើរការដោយ Android គឺប្រាកដជាធ្លាប់បានដឹង ឬក៏ធ្លាប់ប្រទះជួបបញ្ហា ផ្ទាល់តែម្ដងអំពី ផ្ទាំងពាណិជ្ជកម្ម (Ads) លោតចេញលើសលុប រហូតដល់ប៉ះពាល់ ទៅលើបទពិសោធន៍ នៃការប្រើប្រាស់តែម្ដង។ ពិតប្រាកដណាស់ ផ្ទាំងពាណិជ្ជកម្ម គឺជាផ្លូវរកចំណូលទៅលើអាជីវកម្ម របស់អ្នកបង្កើតហ្គេម ឬ កម្មវិធីនានា ដូច្នេះវាជារឿងធម្មតាប៉ុណ្ណោះ ហើយអ្នកប្រើភាគច្រើន អាចយល់នូវបញ្ហាមួយនេះ។ យ៉ាងណាក៏ដោយ សម្រាប់ពេលមួយចំនួន វាហាក់បីដូចជា មានអំណាចខ្លាំងពេក ដោយដាក់បង្ហាញឲ្យ យើងឃើញយ៉ាងញឹកញាប់ និងគួរឲ្យរំខានមែនទែន ដែលវាអាចបណ្ដាលមកពី ស្មាតហ្វូន Android របស់យើង ឆ្លងកម្មវិធីមេរោគ Adware ថែមទៀតផង។ ជាក់ស្ដែង ចំពោះផ្ទាំងពាណិជ្ជកម្ម ដែលលោតចេញច្រើន ធ្វើឲ្យមានការរំខាន ភាគច្រើនគឺជាប្រភេទ ចេញមកពីកម្មវិធី Browser ដូចជា Chrome ឬ Firefox ជាដើម ដោយតាមរយៈវេបសាយ អាក្រក់ៗមួយចំនួន ហើយនិងកម្មវិធីមេរោគ មានល្បិចលាក់ខ្លួន ក្នុងស្មាតហ្វូន Android របស់យើងតែម្ដង។

 

 

សំណាងល្អខ្លាំងណាស់ ដែលអត្ថបទមួយនេះ គឺយើងនឹងធ្វើការណែនាំ ប្រិយមិត្តទាំងអស់គ្នា អំពីរបៀបដោះស្រាយបញ្ហា លាតផ្ទាំងពាណិជ្ជកម្ម នៅលើស្មាតហ្វូន Android ទាំងអស់នោះផងដែរ។ បើទោះបីជាវាមិនអាច បំបាត់ទាំងស្រុងបានមែន ប៉ុន្ដែយ៉ាងហោចណាស់ ក៏អាចកាត់បន្ថយផ្ទាំង Ads ដែលមានការរំខាន បានចំនួនធំឯណោះ។ ដើម្បីធ្វើការកាត់បន្ថយ និងព្រមទាំងបញ្ឈប់ ផ្ទាំងពាណិជ្ជកម្ម នៅលើស្មាតហ្វូន Android នានា សូមប្រិយមិត្តអនុវត្តតាម ជំហ៊ាននីមួយៗ នៅអត្ថបទខាងក្រោមនេះ។

 

របៀបបញ្ឈប់ផ្ទាំងពាណិជ្ជកម្ម នៅលើកម្មវិធី Browser

 

 

ពិតណាស់ នៅលើស្មាតហ្វូន Android ទាំងអស់ ក្នុងពេលសព្វថ្ងៃនេះ Browser ដែលមានអ្នកនិយមប្រើប្រាស់ ច្រើនជាងគេគឺ Chrome ព្រោះថាវាបានភ្ជាប់មកជាមួយស្រាប់ នៅលើស្មាតហ្វូនតែម្ដង ដូច្នេះហើយ យើងនឹងធ្វើការលើកយក ពីរបៀបនៃការបឹទ ផ្ទាំងពាណិជ្ជកម្មដែលមាននៅលើ Browser នេះមកនិយាយ។ មិនខុសទេ ដើម្បីបឹទដំបូងប្រិយមិត្ត ត្រូវចូលទៅកាន់ កម្មវិធី Chrome បន្ទាប់មកចុចចូល Menu ចូលយកពាក្យ Settings រួចហើយចុចលើ Site settings នៅក្នុងនោះវាមាន មុខងារជាច្រើន ប៉ុន្តែអ្វីដែលអ្នកត្រូវចុច យកបន្ទាប់ទៀតនោះគឺ Pop-ups and redirects ដែលនេះជាចំណុចសំខាន់ ដោយតម្រូវឲ្យអ្នកចុចប៊ូតុងបឹទ ទើបវាធ្វើការ លុបចោលនូវ Ads ទាំងឡាយដែលចេញមក។ មិនគ្រប់គ្រាន់នោះទេ លោកអ្នកត្រូវ ចូលទៅកាន់មុខងារមួយទៀត ដែលមានឈ្មោះថា Ads បន្ទាប់មកទៀត ត្រូវចុចបឹទវា បើសិនជាអ្នកឃើញថា វាកំពុងតែបើក ព្រោះថា ពេលដែលបឺទ វាអាចជួយអ្នកបាន ក្នុងការលុបផ្ទាំងពាណិជ្ជកម្ម ដែលចេញមក ក្នុងបំណងបំភាន់ភ្នែក ឬក៏មានលាក់មេរោគផងដែរ។ បើសិនជាប៉ុន្មានចំណុចខាងលើនេះ នៅតែមិនអាចជួយអ្នកបាន ប្រិយមិត្តអាចសាកល្បងជាមួយ ចំណុចចុងក្រោយនេះ មួយទៀត ដោយវាតម្រូវចូលទៅបើក មុខងារ Lite Mode ដើម្បីឲ្យវា ធ្វើការបឹទផ្ទាំងមិនចាំបាច់មួយចំនួន ចេញពីគេហទំព័រ ថែមទៀតផង។ មិនពិបាកទេ ដើម្បីបើកវា អ្នកគ្រាន់តែចូលទៅកាន់ Menu រួចចូល Setting បន្ទាប់ចុចលើ Lite Mode ចុងក្រោយអ្នកគ្រាន់តែ ចុចបើកវាទៅ ជាការស្រេច។

 

 

របៀបបញ្ឈប់ផ្ទាំងពាណិជ្ជកម្ម ដែលបង្ហាញពេញអេក្រង់

 

 

ខាងលើយើងបានបង្ហាញពីវិធីសាស្ត្រ ដើម្បីបញ្ឈប់ការលោតផ្ទាំងពាណិជ្ជកម្មឡើង នៅក្នុងកម្មវិធី Browser លើស្មាតហ្វូន ដែលដំណើរការដោយ Android រួចមកហើយ។ ចុះគួរធ្វើយ៉ាងណា ចំពោះការលោតផ្ទាំងផ្សាយពាណិជ្ជកម្ម ដែលបានលោតឡើងនៅលើទូរសព្ទរបស់អ្នក ពេលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀត ឬលោតឡើងមកលើ Home Screen ផ្ទាល់តែម្ដង? 

 

អញ្ចឹង យើងនឹងធ្វើការណែនាំនូវកម្មវិធីមួយ ដែលអាចចាប់សម្គាល់ដឹងថាកម្មវិធី ឬហ្គេមមួយណា បានលាក់កង្កប់ទុក Ads ទាំងអស់នោះ លើស្មាតហ្វូន Android របស់លោកអ្នក។ ជាក់ស្ដែង កម្មវិធីចាប់ Ads មួយនេះមានឈ្មោះថា Popup Ad Detector ដែលប្រិយមិត្តធ្វើការទាងយកពី Play Store បានដោយឥតគិតថែមថ្លៃទៀតផង ឬអាចចុចត្រង់តំណលីងនេះ ដើម្បីចូលទៅទាញយក ក៏បានដូចគ្នាផងដែរ។ ដូច្នេះ នៅពេលដែលប្រិយមិត្តបានធ្វើការដំឡើងកម្មវិធីនេះរួចរាល់ បន្ទាប់មកអ្នកអាចចូលបើកដំណើរការវា ជាការស្រេច។ មួយវិញទៀតនៅពេលកម្មវិធីនេះ បានបង្ហាញថាមាន Ads ក្នុងហ្គេម ឬកម្មវិធីណាមួយ ប្រិយមិត្តអាចធ្វើការលុបពួកវាចោលបាន ផងដែរ។

 

របៀបបញ្ឈប់ផ្ទាំងពាណិជ្ជកម្ម ដោយស្កេនលើមេរោគ Adware

 

 

ប្រសិនបើប្រិយមិត្ត អ្នកអានមួយចំនួន នៅតែជួបបញ្ហាផ្ទាំងពាណិជ្ជកម្ម លោតចេញមកច្រើនដដែល បន្ទាប់ពីបានធ្វើតាម ជំហ៊ាននីមួយៗខាងលើ រួចអស់មកហើយ ដូច្នេះសូមធ្វើតាមវិធីនេះមួយទៀត ដោយតាមរយៈ ការស្កេនរកមេរោគ នៅក្នុងស្មាតហ្វូន Android ហើយជាពិសេសគឺជា Adware តែម្ដង។ សម្រាប់ការប្រើប្រាស់ទូទៅ ជាធម្មតាលោកអ្នក មិនចាំបាច់ត្រូវការកម្មវិធី កំចាត់មេរោគនោះទេ ប៉ុន្ដែបើកំពុងជួបបញ្ហាទៅហើយ ដូចនេះគួរតែតម្លើងមក ដើម្បីឲ្យវាអាចជាជំនួយបាន។ ចំណែកឯកម្មវិធីកំចាត់មេរោគ ដែលយើងយល់ឃើញថា អាចការពារបានល្អនោះគឺ Malwarebytes Security (សូមចុចទីនេះ) អាចទាញយកបាន ដោយឥតគិតថ្លៃ ជាមួយនឹងតារាងពិន្ទុ 4.7/5 ផ្កាយថែមទៀតផង។ ក្រៅពីធ្វើការតម្លើងរួចរាល់អស់ ដូច្នេះប្រិយមិត្តអ្នកអាន អាចបើកកម្មវិធីមួយនេះ ហើយដំណើរការស្កេន ដើម្បីពិនិត្យរកមេរោគតែម្ដង។ រហូតមកដល់ដំណាក់កាលនេះ អ្នកទាំងអស់គ្នា បានលុបកម្មវិធីឥតបានការ ចោលច្រើនរួចមកហើយ ព្រមទាំងបើកដំណើរការ មុខងារការពារមួយចំនួន និងបានតម្លើងកម្មវិធី កំចាត់មេរោគថែមទៀត ប៉ុន្ដែបើផ្ទាំងពាណិជ្ជកម្ម នៅតែលោតចេញមក រំខានច្រើនដដែល គឺមានតែជម្រើសចុងក្រោយ ដោយតាមរយៈការ Factory Reset លុបទិន្នន័យទាំងអស់ ដើម្បីធ្វើឲ្យស្មាតហ្វូនមាន Software ថ្មីដូចដើមអញ្ចឹងដែរ។

 

 

សរុបមកវិញ ទាំងបីជំហ៊ានខាងលើនេះ គឺជារបៀបដោះស្រាយ ដែលអាចជួយលុបបំបាត់ ផ្ទាំងពាណិជ្ជកម្ម បានមួយចំនួនធំ ដែលតែងតែលោតចេញ នៅលើស្មាតហ្វូន Android របស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺនៅមានវិធីជាច្រើនទៀត ដែលអាចជួយលុបបំបាត់ Ads បាន ប៉ុន្តែយើងលើកយក តែបី របៀបមកនេះ គឹដោយសារតែ វាមានភាពងាយស្រួល ព្រមទាំងមានប្រសិទ្ធិភាព និងជាពិសេស វាអាចធ្វើឲ្យប្រិយមិត្តទាំងអស់ ងាយស្រួលក្នុងការធ្វើតាម។ អញ្ចឹងហើយ យើងសង្ឃឹមបានថា អ្វីដែលយើងរៀបរាប់ នៅខាងលើនេះ អាចជួយឲ្យស្មាតហ្វូន Android របស់ប្រិយមិត្តអ្នកអាន ទាំងអស់គ្នា លេងមានបញ្ហាទាក់ទងទៅនឹង ការលោតចេញផ្ទាំងពាណិជ្ជកម្ម ដែលរំខានដល់ការប្រើប្រាស់ ជាប្រចាំថ្ងៃផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ